អាជ្ញាធរជាតិអប្សរា៖ ប្រកាសឲ្យនិស្សិតប្រកួតប្រជែងគូសប្លង់កែលម្អសោភ័ណភាពកំណាត់ផ្លូវ៦០ម៉ែត្រនៅសៀមរាប

អាជ្ញាធរជាតិអប្សរា៖ ប្រកាសឲ្យនិស្សិតប្រកួតប្រជែងគូសប្លង់កែលម្អសោភ័ណភាពកំណាត់ផ្លូវ៦០ម៉ែត្រនៅសៀមរាប

ខេត្ត​សៀមរាប: អាជ្ញាធរជាតិអប្សរា បានប្រកាសបើកការប្រកួតប្រជែងរកនិស្សិតឆ្នើមដែលកំពុងសិក្សាជំនាញ​ស្ថា​បត្យកម្ម ឬវិស្វកម្មសំណង់ ដើម្បីគូសប្លង់ (Design) អំពីការកែលម្អសោភ័ណភាពកំណាត់ផ្លូវ៦០ម៉ែត្រ នៅក្នុងខេត្តសៀមរាប ដោយ​អ្នក​ឈ្នះនឹងទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤លានរៀល។

លោក ឡុង កុសល់ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា​ បានថ្លែងថា អាជ្ញាធរជាតិអប្សរាប្រកាសឲ្យនិស្សិតដែលកំពុងសិក្សាជំនាញស្ថាបត្យកម្ម ឬវិស្វកម្មសំណង់ ចូលរួមចំណែកបញ្ចេញនូវ​សមត្ថភាព ទេព្យកោសល្យ និងចំណេះដឹងរបស់ខ្លួន ប្រកួតប្រជែងស្នាដៃស្ថាបក្យកម្មទូលំទំលាយលើគម្រោង​ប្លង់​សោ​ភ័ណភាពតាមដងផ្លូវ៦០ម៉ែត្រ ចាប់ពីរង្វង់មូលអប្បរារហូតដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោកបន្តថា តាមគោលការណ៍បច្ចេកទេស គម្រោងប្លង់ស្ថាបត្យកម្មនេះ ត្រូវផ្ដោតលើការកែលម្អប្រឡាយទឹក ផ្លូវ​សងខាងប្រឡាយ ចិញ្ចើមផ្លូវ សួនច្បារ ការដាំដើមឈើ ប្រឡាយស្ទាក់សំរាម ការកែលម្អចរាចរ។ គម្រោងប្លង់ក៏​ត្រូវ​មានសោភ័ណភាព និងអត្តសញ្ញាណស្ថាបត្យកម្មខ្មែរទំនើបល្អឯក ធ្វើឲ្យមហាជនទូទៅពេញចិត្ត និងកោត​សរសើរច្រើនជាងគេ។

លោក កុសល់ បញ្ជាក់ថា៖«ក្នុងនោះបេក្ខជនត្រូវគិតគូរយកចិត្តទុកដាក់លើគោលការណ៍អភិវឌ្ឈន៍បៃតង និងល​ក្ខ​ណៈ​ចីរភាពនៃស្ថាបត្យកម្មទាក់ទងនឹងទីតាំងភូមិសាស្រ្ត ទេសភាពវប្បធម៌ សេដ្ឋកិច្ច សង្គម បរិស្ថាន ព្រមទាំង​ការ​ធ្វើ​សមា​ហ​រណ​កម្មទីក្រុងបេតិកភណ្ឌអង្គផងដែរ»។

យុវជនម្នាក់ឈ្មោះ សៀ បញ្ញា ជានិស្សិតកំពុងសិក្សាផ្នែកគូសប្លង់ (Architect) នៅសាកលវិទ្យាល័យបញ្ញា​សា​ស្រ្ត បានថ្លែងថា រូបគេចាប់អារម្មណ៍នឹងសេចក្ដីប្រកាសនេះ ដោយចង់សាកល្បងដាក់ពាក្យសុំចូលរួមប្រកួតប្រ​ជែងជាមួយនិស្សិតដទៃទៀត ដើម្បីចង់បង្ហាញពីសមត្ថភាព និងចង់ស្ទាប់ស្ទង់កម្រិតសមត្ថភាពរបស់ខ្លួន ស្រប​ពេលដែលរូបគេកំពុងខិតខំប្រឹងប្រែងរៀនសូត្រ។

យុវជនរូបនេះបន្តថា វាជាឱកាសមួយសម្រាប់ឲ្យនិស្សិតដទៃទៀត បង្ហាញចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួ​ក​គេដែរ។

បញ្ញា បានបញ្ជាក់ថា​៖ «យើងខំប្រឹងប្រែង​រៀនរាល់ថ្ងៃហ្នឹង ជួនកាលយើងអត់ដឹងថា ខ្លួនឯងខ្លាំងខាងផ្នែកអ្វីមួយទេ ប៉ុន្ដែបាន​ប្រឡង ឬប្រកួតប្រជែងជាសាធារណៈអ៊ីចឹង ប្រហែលជាដឹងច្បាស់ថា ខ្លួនឯងខ្លាំងអ្វី ហើយខ្សោយអ្វី។ អ៊ីចឹង ខ្ញុំ​ចង់​​ប្រកួត​នឹងគេដែរ ទោះជាប់ក៏ដោយ ធ្លាក់ក៏ដោយ ខ្ញុំក៏សប្បាយចិត្តដែរ»។

តាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី ០៣កក្កដានេះ បានបង្ហាញថា បេក្ខជនត្រូវធ្វើការពន្យល់​លម្អិតអំពីគម្រោង និងដំណើរការនីតិវិធី ហើយអាជ្ញាធរជាតិអប្សរា នឹងជូនដំណឹងនៅពេលក្រោយ។ ការពន្យល់​នេះ​អាចរៀបចំធ្វើនៅរាជធានីភ្នំពេញ ឬនៅខេត្តសៀមរាប អាស្រ័យលើចំនួនបេក្ខជនដែលបានដាក់ពាក្យសុំចូល​រួមប្រកួតប្រជែង។ និស្សិតដែលឈ្នះការប្រកួតនេះនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីអាជ្ញាធរជាតិអប្សរាចំ​នួន ៤លានរៀល។

អាជ្ញាធរអប្សរាបញ្ជាក់ថា៖«បេក្ខជនអាចដាក់ពាក្យសុំចូលរួមប្រកួតប្រជែងនៅមជ្ឈមណ្ឌលសេវាកម្មរបស់អាជ្ញាធរ​ជាតិអប្សរា ដែលមានទីតាំងនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឬដាក់ពាក្យតាម​រយៈ​(Telegram លោក ម៉ូត លីណា ទូរស័ព្ទលេខ ០១២ ៤៤៥ ០៨៨) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០១៩នេះ»

អត្ថបទដោយ: Koemsoeun