ផ្លូវយុទ្ធសាស្រ្តភ្ជាប់ពីខេត្តបាត់ដំបងទៅទឹកដីអង្គរគ្រោងសាងសង់នាឆ្នាំ២០២១

ផ្លូវយុទ្ធសាស្រ្តភ្ជាប់ពីខេត្តបាត់ដំបងទៅទឹកដីអង្គរគ្រោងសាងសង់នាឆ្នាំ២០២១

ខេត្តបាត់ដំបង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងកសាងផ្លូវថ្មី ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលផ្លូវថ្មីនេះនឹងបង្ខិតចំណាយផ្លូវរហូតដល់ ៦៩គីឡូម៉ែត្រ បើធៀបទៅនឹងចំងាយផ្លូវចេញពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ទៅដល់ខេត្តសៀមរាប។

ថ្លែងក្នុងពិធីបុណ្យទន្លេលើកទី៦ នាខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងកសាងផ្លូវយុទ្ធសាស្រ្តមួយខ្សែ តភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប កាត់តាមខេត្តបន្ទាយមានជ័យ ហើយដែលផ្លូវនេះក៏អាចតភ្ជាប់ទៅកាន់ខេត្តផ្សេងៗមួយចំនួនទៀត ដូចជាខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ជាដើម។

កាន់តែពិសេសថែមទៀតនោះ សម្តេចបានអះអាងបន្ថែមថា ផ្លូវថ្មីនេះនឹងចំណេញដល់ការធ្វើដំណើរពីខេត្តបាត់ដំបង ទៅខេត្តសៀមរាបបានរហូត ៦៩គីឡូម៉ែត្រ។ បើតាមលោកនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលនឹងរកឥណទានសម្រាប់កសាងផ្លូវនេះ ដែលគ្រោងនឹងកសាងនាឆ្នាំ២០២១​ខាងមុខ​។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «ចំណុចនេះគឺស្ថិតនៅក្នុងបេក្ខភាពគំរោងនៅឆ្នាំ២០២១ ប្រសិនបើការសិក្សាជាក់លាក់រួចហើយ នោះយើងនឹងរកឥណទាន ដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់សម្រាប់ខេត្តបាត់ដំបង…នឹងបានតភ្ជាប់ជាមួយនឹងខេត្តជុំវិញ រួមមានខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ហើយតភ្ជាប់ទៅពោធិ៍សាត់ និងតភ្ជាប់ទៅខេត្តកោះកុង»។

សូមរម្លឹកថា កាលពីឆ្នាំ២០១៦កន្លងទៅ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា ក្រសួងកំពុងសិក្សា អំពីគម្រោងសាងសង់ផ្លូវមួយខ្សែ ភ្ជាប់ពីខេត្តសៀម រាបទៅខេត្តបាត់ដំបង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការភ្ជាប់វិស័យទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តបាត់ដំបងផងដែរ។

បន្ថែមពីនេះ លោក ស៊ុន ចាន់ថុល បានថ្លែងទទួលស្គាល់ថា បច្ចុប្បន្នប្រជាពលរដ្ឋដែលចង់ធ្វើដំណើរពីខេត្តសៀមរាបទៅខេត្តបាត់ដំបង ឬពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ត្រូវធ្វើដំណើរវាងតាមខេត្តបន្ទាយមានជ័យ ដែលនាំឲ្យខាតពេលវេលា និងថវិការច្រើនណាស់ ព្រោះចម្ងាយផ្លូវឆ្ងាយ។

ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាសាងសង់ផ្លូវមួយខ្សែទៀត ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ តែប៉ុណ្ណោះ តែបច្ចុប្បន្ន​គេ​ត្រូវធ្វើ​ដំណើរ​ប្រមាណ ​១៨០​គីឡូម៉ែត្រ ឫ​មួយ​ជុំ ដើម្បី​ឆ្លងពី​ខេត្តបាត់ដំបងទៅខេត្តសៀមរាប ដោយឆ្លងកាត់ខេត្តបន្ទាយមានជ័យ៕

អត្ថបទដោយ: Pisey