អង់គ្លេស៖ ថ្មីៗនេះ ក្រុមហ៊ុន Compass Pools របស់ចក្រភពអង់គ្លេស បានបង្ហាញនូវគម្រោងសាង់សង់អាងហែលទឹកលើអាកាសមួយ ដែលមានកម្ពស់ 200ម៉ែត្រ ពីផ្ទៃដីនៅលើកំពូលអគារមួយ ក្នុងទីក្រុងឡុងឡ៍។
អាងហែលទឹកនេះ មានឈ្មោះថា «Infinity London» ជាប្រភេទអាងហែលទឹកអាកាសដំបូងគេក្នុងលោក ដែលអាចឲ្យគេមើលឃើញទេសភាព 360 ដឹក្រេនៅជុំវិញ មិនថាផ្នែក ខាងលើ ខាងក្រោម ឬ ឆ្វេង ស្ដាំនោះទេ។
បើតាមគេហទំព័រ Global Construction Review អះអាងInfinity London នឹងត្រូវសាងសង់ពីសារធាតុថ្លា តែមិនមែនកញ្ចក់ នៅលើអគារកម្ពស់ 55 ជាន់ និងមានទឹកប្រហែល 60ម៉ឺនលីត្រ។ ផ្ទៃអាង និងទឹកដ៏ថ្លា របស់អាងនេះ នឹងអាចជួយឲ្យគេមើលឃើញ ទេសភាពគ្រប់ផ្នែកទាំងអស់ដែលនៅជុំវិញបានយ៉ាងច្បាស់។ ហើយ តាមរយៈការបំពាក់ភ្លើងបំភ្លឺនៅពេលយប់ អាងនេះនឹងមានរូបរាងប្រៀបដូចជាចង្កៀងវេទមន្តមួយអ៊ឹចឹងដែរ។
អ្នកហែលទឹកអាចចូលទៅកាន់អាងនេះ តាមរយៈជណ្ដើរវិលមួយ មានរាងជាស្ពៀរ ដែលភ្ជាប់ពីជាន់ផ្ទាល់ដីទៅអាងនោះ ហើយប្រព័ន្ធកុំព្យូទ័រ នឹងត្រូវបានគេប្រើប្រាស់ដើម្បីកំណត់សីតុណ្ហភាពក្នុងអាងទឹកនោះ។ ការកំណត់នេះ ពឹងផ្អែកលើហ្គាស ដែលសេសសល់ពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងខុនដូរនៅជាន់ក្រោមៗនៃអគារ។
លោក Alex Kemsley អ្នករចនា និងជានាយកបច្ចេកទេសនៃក្រុមហ៊ុន Compass Pool បានលើកឡើងថា វាជាលើកទីមួយហើយ ដែលក្រុមហ៊ុនរបស់លោក រចនាអាងហែលទឹកដ៏អស្ចារ្យបែបនេះ ព្រោះពីមុនមក មានក្រុមហ៊ុនជាច្រើនបានទាក់ទងពួកលោកឲ្យរចនាអាងហែលទឹក តែវាជាអាងធម្មតាៗតែប៉ុណ្ណោះ។
លោកបន្ថែមថា «ចំពោះការរចនាអាងនេះ យើងចង់ឲ្យអ្នកហែលទឹក អាចមើលទេសភាពបានទាំងខាងលើ និងខាងក្រោមអាង។ ប៉ុន្តែយើងក៏ប្រឈមនឹងបញ្ហាបច្ចេកទេសសំខាន់ៗជាច្រើនដែរ។ បញ្ហាធំបំផុត គឺថាតើត្រូវធ្វើយ៉ាងណា ដើម្បីអាចចូលទៅក្នុងអាងបាន? ជាដំណោះស្រាយ យើងបាន រចនាទ្វារបិទជិតមួយ ជាមួយនឹងជណ្ដើរវិល ដែលអាចងើបផុតពីអាងទឹក នៅពេលមានមនុស្ស ចេញ ឬចូលអាង»។
សូមបញ្ជាក់ថា ប្រសិនបើភាគីក្រុមហ៊ុន និងដៃគូសាងសង់ទាំងអស់មានការឯកភាពគ្នា ការសាងសង់អាងហែលទឹកនេះ នឹងត្រូវចាប់ផ្ដើមនៅឆ្នាំ 2020 ខាងមុខនេះ។ ទោះបីជាយ៉ាងណា គេនៅមិនទាន់កំណត់ ទីតាំងជាក់លាក់ណាមួយសម្រាប់អាងនេះនៅឡើយ តែគ្រាន់តែដឹងថាវាស្ថិតនៅក្នុងទីក្រុងឡុងដ៍៕
ប្រភព៖ www.globalconstructionreview.com