ជប៉ុន-កម្ពុជា ចុះ MOU លើកកម្ពស់ការអភិវឌ្ឍកំពង់ផែនិងភស្តុភាកម្មក្នុងប្រទេសកម្ពុជា

ជប៉ុន-កម្ពុជា ចុះ MOU លើកកម្ពស់ការអភិវឌ្ឍកំពង់ផែនិងភស្តុភាកម្មក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង នាយកដ្ឋានអាស៊ីអាគ្នេយ៏និងប៉ាស៊ីហ្វិករបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ​ជាតិនៃប្រទេសជប៉ុន (JICA) បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីភាពជាដៃគូយុទ្ធសាស្រ្ត នៅការិយាល័យកណ្តាល JICA ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនហើយកាលពីម្សិលមិញនេះ។ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុកជា​អគ្គនាយក​កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន​ចុះហត្ថលេខា​ថ្មីមួ​យ​ជាមួយ​នឹង​លោក Shigenori OGAWA អគ្គនាយក​នៃ​នាយកដ្ឋាន អាស៊ីអាគ្នេយ៍​ និងប៉ាស៊ីហ្វិក​របស់ទីភ្នាក់ងារ​សហ​ប្រ​​តិ​បត្តិ​អន្ត​​រ​ជាតិ​ JICA ស្តីពី​ភាពជាដៃគូរយុទ្ធសាស្ត្រ នៅ​ការិយាល័យ​កណ្ដាល JICA នាទីក្រុ​ងតូក្យូប្រទេសជប៉ុន ។ តាម​សេចក្តីប្រកាសព័ត៌មាន​របស់ទីភ្នាក់ងារ JICA បានអោយដឹងថា​ អនុស្ស​រណៈ​ស្តី​ពីភាព​ជា​ដៃ​គូ​យុទ្ធសា​ស្រ្តត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុងគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូ រវាង JICA និងកំ​ពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​កំពង់ផែ និងភស្តុភាកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា ។ កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​គឺ​ជា​កំពង់​ផែ​​សមុទ្រទឹកជ្រៅតែមួយគត់ក្នុងប្រទេសកម្ពុជា ហើយ​កំពង់ផែ​នេះ​បាន​ដើរ​តួជាមជ្ឈ​មណ្ឌល​ភស្តុភារ​កម្​មសំខាន់​ក្នុ​ង​ការ​ចូល​រួមដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ 1999 មក JICA បានផ្តល់កម្ចីហិរញ្ញប្បទាន ហិរញ្ញប្បទានឥតសំណង កិច្ចសហប្រតិបត្តិការបច្ចេកទេស និងបន្តផ្តល់ការគាំទ្រនានាដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងសមត្ថភាពកំ​ពង់ផែ។ បើតាម​លោក​ លូ គឹម​ឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ​បានលើកឡើងថា សកម្ម​ភាព​​ការងារ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឃើញថា​មានភាពល្អប្រសើរណាស់ ហើយវាជាសញ្ញា​បង្ហាញថា​កំពង់ផែ​កំពុង​តែ​រីក​ចម្រើ​ន​ទៅមុខ​ជាលំដាប់។ ជាក់ស្ដែង បន្ទាប់ពីកំពង់ផែ​បាន​បោះផ្សាយភាគហ៊ុន​នៅក្នុងផ្សារមូលបត្រ ឃើញថា​តម្លៃ និងការ​ជួញដូរ​ភា​គ​ហ៊ុន​នៅក្នុងផ្សារមូលបត្រ​មាន​សកម្មភាពល្អជាង​គេ​ និងបានបង្ហាញដល់វិនិយោគិន​នានា​ពីទំនុកចិត្ត​របស់​អាជីវ​កម្មកំពង់​ផែ​ស្វយ័តក្រុងព្រះសីហនុមួយនេះ។ ផ្អែកលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងស្រុកនិងតំបន់យ៉ាងសំខាន់ ដែលក្នុងនោះចំនួនកុងតេន័រឆ្លងកាត់សរុប បានកើនឡើងពីចំនួន 290,000 TEUs ក្នុងឆ្នាំ 2013 ដល់ 540 000 TEUs ក្នុងឆ្នាំ2018 ។ ទន្ទឹមនឹងនេះ វាមានសារៈសំខាន់ណាស់ក្នុងការធ្វើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយការពង្រឹងបន្ថែមលើប្រតិបត្តិការនិងការគ្រប់គ្រងកំពង់ផែនិងតំបន់សេដ្ឋកិច្ចពិសេសក៏មានសារៈសំខាន់ផងដែរ។ គួរបញ្ជាក់ថា ក្នុងរយៈពេល 1 ត្រីមាស​ដំបូ​ងឆ្នាំ 2019​ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ទទួល​បាន​កុង​តឺន័រ​ឆ្លង​កាត់​ប្រមាណ​​ 13 ម៉ឺនកុងតឺន័រ មានកំណើនប្រមាណ 16ភាគរយ ហើយរំពឹងថា នឹងទទួលបាន​កុងតឺតឺន័រ​ឆ្លងកាត់ចំនួន ​70ម៉ឺន​កុងតឺន័រ នៅឆ្នាំ 2020 និង​លើស 1លាន​កុងតឺន័រ នៅឆ្នាំ​ 2030 ៕
អត្ថបទដោយ: Neth