វិស័យសំណង់៖ កម្លាំងពលកម្មជំនាញនៅតែជាបញ្ហាប្រឈមនៅកម្ពុជា!

បើទោះបីជាកម្លាំងពលកម្មជំនាញក្នុងវិស័យសំណង់កម្ពុជាមានការរីកចម្រើនជាងមុនក្ដី កម្លាំងពលកម្មដែលមានជំនាញប្រកបដោយគុណភាព នៅតែមិនទាន់អាចឆ្លើយតបបានគ្រប់គ្រាន់តាមតម្រូវការដែលកំពុងកើនឡើងយ៉ាងគំហុកនៅឡើយទេ។ នេះបើយោងតាម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
ថ្លែងក្នុងពិធីបើកពិព័រណ៌ឧស្សាកម្មសំណង់កម្ពុជាលើកទី៦កាលពីដើមខែធ្នូនេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានលើកឡើងថា ភាពរីកចម្រើននៃវិស័យសំណង់ បានបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា។ លោកថា វិស័យមួយនេះក៏បានជួយកាត់បន្ថយលំហូរចេញរបស់យុវជនទៅធ្វើការនៅក្រៅប្រទេសផងដែរ។
លោក ជា សុផារ៉ា បានថ្លែងថា៖«ទោះជាប៉ុន្មានឆ្នាំចុងក្រោយនេះយុវជនដែលមានកម្លាំងពលកម្មនៅក្នុងវិស័យសំណង់ក៏កាន់តែមានជំនាញជាងមុនក្តីប៉ុន្តែវិស័យសំណង់មួយនេះនៅតែត្រូវការកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពខ្ពស់បន្ថែមទៀតផងដែរ»។
លោករដ្ឋមន្រ្តីក្រសួងរៀបចំដែនដីរូបនេះបានចាត់ទុកថា កម្លាំងពលកម្មជំនាញប្រកបដោយគុណភាពគឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ដើម្បីឈានទៅរក្សាកំណើនសេដ្ឋកិច្ចជាតិ។ ហេតុនេះ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក៏ទាមទាឲ្យមានការចូលរួមចំណែកពីវិស័យឯកជនដែលជាដៃគូដែលមិនអាចខ្វះបានផងដែរក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា។
ដោយសារតែបច្ចុប្បន្នការវិវឌ្ឍនៃវិស័យបច្ចេកវិទ្យាកាន់តែជឿនលឿនតម្រូវការជំនាញស្របទៅតាមនិន្នាការនេះ ក៏មានកាន់តែច្រើនឡើងផងដែរ ដែលវាទាមទារឲ្យវិស័យរដ្ឋ និង ឯកជនពួតដៃគ្នាដើម្បីអភិវឌ្ឍបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ។
ប្រធានសមាគម CVEA រូបនេះ យល់ថាការរួមចំណែកដល់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ស្ថាប័នពាក់ព័ន្ធ គួតែបង្កើតវគ្គបណ្ដុះបណ្ដាលដល់កម្មករក្នុងវិស័យសំណង់ឲ្យបានញឹកញាប់ ដើម្បីជាការរួមចំណែក ជួយលើកកម្ពស់ជំនាញរបស់មេជាងសំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់នៅកម្ពុជាផងដែរ។
ក្រឡេកទៅមើលការជ្រើសរើសបុគ្គលិកទាក់ទងនឹងវិស័យសំណង់វិញកម្លាំងពលកម្មការងារក្នុងវិស័យអចលនទ្រព្យ និងសំណង់កំពុងមានសន្ទុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងវិស័យផ្សេងៗ។ នេះបើយោងតាមក្រុមហ៊ុន AGB Consulting ដែលជាក្រុមហ៊ុនបម្រើសេវាកម្មជ្រើសរើសបុគ្គលិកនៅកម្ពុជា។
ក្រុមហ៊ុន AGB Consulting ក៏បានបញ្ជាក់ដែរថា តម្រូវការការងារក្នុងវិស័យអចលនទ្រព្យ និងសំណង់កំពុងមានសន្ទុះយ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិសេសពាក់ព័ន្ធនឹងតម្រូវការផ្នែកកម្មករជំនាញបច្ចេកទេសច្បាស់លាស់ ដូចជា កម្មករសំណង់ អ្នកជំនាញស្ថាបត្យកម្ម វិស្វកម្ម វិស្វករសំណង់ស៊ីវិល វិស្វករផ្នែកអគ្គីសនី វិស្វករផ្នែកប្រព័ន្ធទឹក បុគ្គលិកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម និងអ្នកគ្រប់គ្រងអគារជាដើម។
គួរបញ្ជាក់ថា វិស័យសំណង់នៅកម្ពុជា បានបង្កើតការងារជាច្រើនប្រភេទជូនប្រជាពលរដ្ឋ សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៩នេះ គិតជាមធ្យមវិស័យនេះ បានផ្តល់ការងារដល់ ពលរដ្ឋប្រមាណ១៥ម៉ឺននាក់ក្នុង១ថ្ងៃ។ នេះបើយោង តាមរបាយការណ៍ បូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០១៩ និងទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍ដដែលបានបង្ហាញឱ្យដឹងទៀតថា បើផ្អែកតាមរយៈការសិក្សាស្រាវជ្រាវក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ តម្លៃពលកម្មសម្រាប់កម្មករ គ្មានជំនាញក្នុង១ថ្ងៃទទួលបាន ៣០,០០០រៀល ដល់ ៤០,០០០រៀល កម្មករមានជំនាញ និង មេជាងក្នុង១ថ្ងៃទទួលបាន ៤០,០០០រៀល ដល់៦០,០០០រៀល ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងៗទៀត ក្នុង១ខែ ទទួលបានប្រាក់បៀវត្ស ពី៤០០ដុល្លារសហរដ្ឋអាមេរិក ទៅ២៥០០ពាន់ដុល្លារសហរដ្ឋអាមេរិក៕