ចំណតតាក់ស៊ីអាកាសដំបូងគេ នៅសិង្ហបុរីគ្រោងនឹងបញ្ចប់ការសាងសង់នៅមុនដំណាច់ឆ្នាំ2019

ចំណតតាក់ស៊ីអាកាសដំបូងគេ នៅសិង្ហបុរីគ្រោងនឹងបញ្ចប់ការសាងសង់នៅមុនដំណាច់ឆ្នាំ2019
សិង្ហបុរី៖ ចំណត សម្រាប់តាក់ស៊ីអាកាសដំបូងគេក្នុងពិភពលោក ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសសិង្ហបុរី ពេលនេះត្រូវបានគេប្រកាសថា នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រឹមចុងឆ្នាំ2019។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Global​ Construction Review កាលពីថ្ងៃទី 29 ឧសភា ម្សិលមិញ។ គម្រោងសាងសង់នេះ ជាកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនអាកាសចរណ៍ មានមូលដ្ឋានក្នុងប្រទេសអង់គ្លេស Skyports ក្រុមហ៊ុនផលិតយន្តហោះអាល្លឺម៉ង់ Volocopter ក្រុមហ៊ុនរចនាប្លង់អាល្លឺម៉ង់ Brandlab ក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Graft Architects និង ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកវិស្វកម្ម Arup របស់អង់គ្លេស។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គេបានបង្កើតជាចំណតគំរូមួយ ដែលមានឈ្មោះថា«voloport» សម្រាប់ឲ្យយានជំនិះ ដែលហោះហើរលើអាកាសដោយប្រើប្រាស់ថាមពលអគ្គីសនី អាចចុះចត និងទទួលអ្នកដំណើរបាន។ ចំណតvoloportទី១នេះ នឹងត្រូវបាន ប្រើប្រាស់សាកល្បង ក្នុងការផ្ដល់សេវាកម្មមួយចំនួនដល់អ្នកធ្វើដំណើរ រួមមាន៖ ការត្រួតពិនិត្យមុនពេលធ្វើដំណើរ ការចុះសំចតរបស់តាក់ស៊ីអាកាស ការប្ដូរជើងហោះហើរ និង ការប្តូរ ឬសាកអាគុយតាក់ស៊ីអាកាសជាដើម។ Images courtesy of Brandlab លោក Alex Zosel សហស្ថាបនិកក្រុមហ៊ុនVolocopter បានឲ្យដឹងថា បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពាណិជ្ជកម្ម សម្រាប់ដំណើរការតាក់ស៊ីអាកាសនេះមក ក្រុមការងាររបស់លោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការសិក្សាអំពីប្រព័ន្ធពាក់ព័ន្ធចាំបាច់មួយចំនួន ដែលទាក់ទងទៅនឹងដំណើរការហោះហើរ។ ក្នុងនោះរួមមាន ការគ្រប់គ្រងប្រព័ន្ធចរាចរណ៍ហោះហើរ បទបញ្ជាសម្រាប់ការហោះហើរក្នុងទីក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ជាចំណតតាក់ស៊ីអាកាស ជាដើម។ មកទល់ពេលនេះ ការសាងសង់ចំណតតាក់ស៊ីអាកាស សម្រេចបានលទ្ធផលវិជ្ជមាន ជាច្រើន។ ចំណែក ការហោះហើរសាកល្បងជាសាធារណៈលើកដំបូង នឹងត្រូវធ្វើឡើងនៅពាក់កណ្ដាលឆមាសទី2នៃឆ្នាំ 2019នេះ។ បន្ទាប់ពី បញ្ចប់ការស្ថាបនារួចរាល់ ប្រព័ន្ធតាក់ស៊ីអាកាស នឹងជួយឲ្យសិង្ហបុរី មានមុខមាត់កាន់ខ្លាំង បន្ថែមទៀតលើមធ្យោបាយធ្វើដំណើរចល័តឆ្លាតវៃ របស់ខ្លួន ដែលតែងតែនាំមុខគេក្នុងពិភពលោក។ ប្រភព៖ www.globalconstructionreview.com
អត្ថបទដោយ: Vasna