ការវិនិយោគរបស់ជប៉ុនផ្តល់ផលចំណេញសេដ្ឋកិច្ចកម្ពុជាអ្វីខ្លះ?

សហស្ថាបនិក្រុមហ៊ុនអារ៉ាខាវ៉ា លោក អៀង សុធារ៉ា លើកឡើងថា ប្រសិនបើកម្ពុជាមានវិនិយោគិនជប៉ុនកាន់តែច្រើនវានឹងជួយរុញសេដ្ឋកិច្ចរបស់កម្ពុជា ទៅមុខកាន់តែលឿន និងអាចឲ្យអ្នករកស៊ីកម្ពុជា អាចរៀនសូត្រពីរបៀបធ្វើការរបស់ជប៉ុនផងដែរ។
ការលើកឡើងបែបនេះ បន្ទាប់ពីរូបលោកបានឆ្លងកាត់បទពិសោធន៍ នៃការរកស៊ីជាមួយវិនិយោគិនបរទេស មកបណ្តាប្រទេសផ្សេងៗជាច្រើននោះ ជាពិសេសវិនិយោគិន
របស់ប្រទេសជប៉ុន។
លោក អៀង សុធារ៉ា ពាណិជ្ជករមួយរូបរបស់កម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា ដែលកំពុងសហការអភិវឌ្ឍន៍លំនៅឋានស្តង់ដារជប៉ុនដំបូងគេនៅកម្ពុជា បានឲ្យដឹងតាមរយៈកិច្ចសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយថា គុណតម្លៃរបស់វិនិយោគិនជប៉ុន ដែលមកបោះទុន វិនិយោគនៅកម្ពុជា គឺពិតជាអាចឲ្យយើងរៀនសូត្របានច្រើន។
លោកបញ្ជាក់ថា៖« ការសហការគ្នាជាមួយជប៉ុន ពិតជាមានភាពងាយស្រួល ដោយជប៉ុនតែងតែមានខន្ដី, សច្ចៈ, កត្តញ្ញូ ទោះបីជាជប៉ុនមិនបានប្រកាសខ្លួនថា ជាអ្នកកាន់សាសនាព្រះពុទ្ធពិតមែន ប៉ុន្ដែតែងតែយកការប្រតិបត្តិ តាមបែបព្រះពុទ្ធសាសនា ដូចជាខន្ដី, សច្ចៈ, កត្តញ្ញូ គឺប្រកាន់ភ្ជាប់រហូត»។
សហស្ថាបនិក្រុមហ៊ុនអារ៉ាខាវ៉ារូបនេះ បានលើកឡើងថា៖ «ខ្ញុំចង់ឃើញវត្តមានអ្នកវិនិយោគជប៉ុន កាន់តែច្រើននៅកម្ពុជា ព្រោះមាន ២ចំណុចសំខាន់ដែល វិនិយោគិនកម្ពុជា អាចរៀនសូត្រពីវិនិយោគគិនជប៉ុនបាន ទី១៖ វាអាចបង្កើន និងរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៅមុខ និង ទី២៖ យើងអាចរៀនសូត្រពីការធ្វើការល្អរបស់ជប៉ុនបានច្រើន»។
លោកបន្តថា តាមបទពិសោធន៍ ដែលលោកបានរកស៊ីជាមួយ អ្នកវិនិយោគជប៉ុននោះ គឺឃើញថាអ្នកវិនិយោគជប៉ុន មានការគិតល្អិតល្អន់ គិតយូរ ប៉ុន្តែបើគិតរួចរាល់ហើយនោះ គឺមានសកម្មភាពលឿន ដោយមិនរង់ចាំយូរ ហើយនៅពេលរកស៊ីចំណេញ ពួកគេបានជួយឧបត្ថម្ភដល់អ្នកខ្វះខាត សង់សាលារៀន ទាំងអស់ជាមូលហេតុដែលលោកចង់ឃើញអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាច្រើនថែមទៀត។
ក្រុមហ៊ុនជប៉ុនមួយនេះ បានសម្រេច បោះទុនវិនិយោគទឹកប្រាក់ជាង ៧០ លានដុល្លារអាមេរិក សាងសង់លំនៅឋានអារ៉ាខាវ៉ា បែបខុនដូ ដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា។
លោក អៀង សុធារ៉ាលើកឡើងថា លំនៅឋានអារ៉ាខាវ៉ា នឹងក្លាយជាលំនៅឋានសហគមន៍មួយ ប្រកបដោយសុខុដមរមនា។ គម្រោងខុនដូ អារ៉ាខាវ៉ា បានចាប់ផ្ដើមសាងសង់ឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយដំណាក់កាលទី១នេះ គ្រោងនឹងបញ្ចប់ការសាងសង់អគារចំនួន១០ អគារ កម្ពស់២១ជាន់ស្មើៗនៅឆ្នាំ២០២០ខាងមុខ។
ជុំវិញការលើកឡើងពីវិនិយោគគិនជប៉ុននេះដែរ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ ធ្លាប់បានថ្លែងថា បច្ចុប្បន្នជប៉ុនបានវិនិយោគស្ទើរគ្រប់វិស័យ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ធ្វើការ និងរស់នៅរយៈពេលវែងនៅកម្ពុជា។
លោកបញ្ជាក់ថា អ្នកវិនិយោគជប៉ុន ពេលចូលទៅកាន់ប្រទេសណាហើយ ពួកគេតែងតែស្នាក់នៅ និងធ្វើការរយៈពេលវែងនៅប្រទេសនោះ នេះជាមូលហេតុដែលពួកគេសិក្សារយៈពេលវែង មុនមកវិនិយោគនៅកម្ពុជា។
ជាងនេះទៀត បើនិយាយដល់ការវិយោគរបស់ជប៉ុនឯណោះវិញ ប្រទេសជប៉ុនត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសនាំមុខគេខាងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ សុទ្ធតែមានលក្ខណៈពិសេសលើសគេត្រង់ ជប៉ុនតែងគិតពីគុណភាពជាចំបង់ ការរចនា តម្លៃ និងចិរភាពបរិស្ថានជាដើម។
អ្នកជំនាញខាងសេដ្ឋកិច្ចរូបនេះ ក៌បានសង្កត់ធ្ងន់ដែរថា ក្នុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារជាដើម ជប៉ុនតែងតែគិតគូរជាចាំបាច់នូវផែនការក្នុងការការពារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឲ្យបានរយៈពេលយូរអង្វែង។ មិនតែប៉ុណ្ណោះ ការគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច ជប៉ុនតែងតែព្យាយាមអភិវឌ្ឍនូវគម្រោងទាំងឡាយណា ដែលមានការចំណាយសមរម្យ ហើយផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសេដ្ឋកិច្ចជាតិ។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះ លោកថា ក្នុងការសាងសង់នីមួយៗ ជប៉ុនគេតែងតែខិតខំកាត់បន្ថយឱ្យកាន់តែខ្ពស់នូវហានិភ័យ ការចំណាយនិងផលប៉ះពាល់បរិស្ថាន ប៉ុន្ដែព្យាយាមធ្វើការកែច្នៃ និងប្រើប្រាស់ធនដែលមានស្រាប់ឱ្យបានកាន់តែច្រើន។
ជារួម លោកថា ដោយសារចំណុចទាំង នេះហើយ ទើបជប៉ុនអាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបានយ៉ាងល្អប្រសើរហើយថែមទាំងត្រូវបានរដ្ឋាភិបាលនៃប្រទេសជាច្រើនជ្រើសរើសជាដៃគូអភិវឌ្ឍន៍សម្រាប់ប្រទេសពួកគេទៀតផង។
គួរបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ជប៉ុនចំនួន១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២.៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិក៕