អ្នកចង់វិនិយោគលើវិស័យអចលនទ្រព្យត្រូវធ្វើការវិភាគទីផ្សារអោយច្បាស់លាស់ជាមុនសិន

ភ្នំពេញ៖ អ្នកជំនាញផ្នែកគ្រប់គ្រង និង អភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅប្រទេសអូស្រ្តាលី បានលើកឡើងថា ដើម្បីបង្កើតប្រាក់ចំណេញលើវិស័យអចលនទ្រព្យ ឬ មុននឹងចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យ គឺទាមទារឲ្យអ្នកវិនិយោគត្រូវធ្វើការវិភាគទីផ្សារអចលនទ្រព្យនិងការវិនិយោគ(Market Research )អោយបានច្បាស់លាស់ជាមុនសិន។
លោក Daniel Tan Gark Bin មានបទពិសោធន៍ជាង ៤០ឆ្នាំលើការគ្រប់គ្រង់នឹងអភិវឌ្ឍអចលនទ្រព្យ និងជាវាគ្មិននៅក្នុងសិក្ខាសិលាស្តីពី គន្លឹះ ១២យ៉ាង បានពន្យល់ថា ការវិភាគទីផ្សារ គឺសំដៅលើការព្យាករណ៏ទំហំទីផ្សារ និងការលូតលាស់នៃចរន្តសេដ្ឋកិច្ចក៏ដូចជាទីផ្សារដែលមានក្រុមហ៊ុនកំពុងប្រត្តិបត្តិ។
លោកមានប្រសាសន៍ថា៖«ការធ្វើវិភាគទីផ្សារមានសារៈសំខាន់ណាស់ ព្រោះអាចជួយឲ្យអ្នកធ្វើការសម្រួចគោលដៅជាក់លាក់មួយ មុននឹងចាប់ផ្តើមការវិនិយោគ»។
លោកDaniel Tanបានបន្តថា អ្វីដែលអ្នក គួរធ្វើសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យគឺត្រូវដឹង និន្នាការទីផ្សារ វិសាលភាពនៃដៃគូប្រកួតប្រជែង ការកំណត់ពេលវេលា ធ្វើDigital Marketing នយោបាយនិងច្បាប់ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដៃគូពាណិជ្ជកម្ម និងដើមទុនវិនិយោគ។ លោកបញ្ជាក់ទៀតថា ការវិភាគ ការតាមដាន និងសិក្សាស្វែងយល់ពីរបត់នៃទីផ្សារអចលនទ្រព្យទាំងពេលកន្លងមក និងបច្ចុប្បន្នបានល្អិតល្អន់ អាចជួយអោយអ្នកវិនិយោគទទួលបានភាពជោគជ័យក្នុងអាជីវកម្ម។
អត្ថបទដោយ:
Panha


