ក្រុមហ៊ុនកូរ៉េ គ្រោងវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពលបច្ចេកវិទ្យាទំនើបនៅកម្ពុជា

ក្រុមហ៊ុនកូរ៉េ គ្រោងវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពលបច្ចេកវិទ្យាទំនើបនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េខាងត្បូង គ្រោងវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល ដោយប្រើប្រាស់បច្ចេកវិជ្ជា Solar Hope Farm ដើរដោយប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលអាចផ្ដល់ថាមពលអគ្គិសនី និងស្តុកទឹកស្អាតនៅកម្ពុជា។ នៅក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយនឹងលោក ហ្គូហា ជាំង (Gyu-Ha Jang) អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) ដែលបានជួបពិភាក្សាការងារទ្វេរភាគី នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩ នេះ។ នៅក្នុងកិច្ចប្រជុំនេះ លោក ហ្គូហា ជាំង បង្ហាញអំពីគំនិតផ្ដួចផ្ដើមវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល ដោយប្រើប្រាស់បច្ចេកវិទ្យា Solar Hope Farm ដែលបច្ចេកវិទ្យាថ្មី អាចស្ដុកទុកទឹកស្អាត ក៏ដូចជាផ្ដល់ថាមពលអគ្គិសនី ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ។ ជាមួយគ្នានោះ លោក ជាំង មានគំនិតចង់សាកល្បងគម្រោងនេះជាមុនសិន ប៉ុន្តែលោកមានបំណងចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ដើម្បីអនុវត្តគម្រោងនេះ។ មិនតែប៉ុណ្ណោះសហការីនៃសមាគមនេះ មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការពិនិត្យលទ្ធភាពនាំចូលម្រេចកំពតពីកម្ពុជាទៅកូរ៉េ។ លោក ប៉ាន សូរស័ក្ដិ បានលើកឡើងផងដែរថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ នឹងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមជនបទ ជាពិសេសនៅតំបន់ដែលមិនទាន់មានអគ្គិសនី និងទឹកស្អាត។ លោកក៏បានស្នើសុំឱ្យ KOIMA រៀបចំជាសំណើ និងផែនការធុរកិច្ច ឲ្យបានលម្អិត សម្រាប់សម្រួលដល់ការពិភាក្សា និងស្វែងរកដៃគូធុរកិច្ច។ ចំពោះម្រេចកំពតវិញ ជាផលិតផលសម្គាល់ភូមិសាស្ត្រ ដែលមានភាពល្បីល្បាញ និងមានតម្លៃខ្ពស់ជាងម្រេចដទៃ។ កម្ពុជាលើកទឹកចិត្តឲ្យក្រុមហ៊ុនកូរ៉េ ចុះទៅពិនិត្យចំការម្រេចនៅកំពតផ្ទាល់ ដើម្បីស្វែងយល់បន្ថែម និងពិនិត្យឱកាសនាំចេញ។ សូមបញ្ជាក់ថា បច្ចុប្បន្ន​នេះ​ ​ទំនិញ​ដែល​កម្ពុជា​នាំ​​​ទៅ​​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​មាន​ដូច​ជា​ សម្លៀក​បំពាក់​ គ្រឿង​ផ្គុំ​អេឡិចត្រូនិក ​ស្បែក​ជើង ​កាបូប​ កៅស៊ូ និង​ឱសថ ចំណែក​​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេស ​កូរ៉េ​ ភាគ​ច្រើន​​ជា​ក្រណាត់​ត្បាញ​ រថយន្ត​​ដឹក​ទំនិញ ​ភេសជ្ជៈ​ គ្រឿង​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន​ វត្ថុ​តុបតែង​​លម្អ​ផ្ទះ ​​និង​ផលិតផល​ប្លាស្ទិក​។​​ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ រវាង​កម្ពុជា និង​កូរ៉េ ​ឆ្នាំ​២០១៨ ​មាន​តម្លៃ​ ៩៧៥ ​លាន​ដុល្លារ កើន​ឡើង ​១១ ​ភាគរយ​ បើ​ប្រៀប​​ធៀប​នឹង​ឆ្នាំ ​២០១៧​។ ទិន្នន័យ​របស់​ ​Korea Eximbank​ បាន​ឲ្យ​ដឹង​ថា ក្នុង​​ចំណោម​ការ​វិនិយោគ​ធំៗ​របស់​​​កូរ៉េ​ខាង​ត្បូង​នៅ​កម្ពុជា​ រួម​​មាន​វិស័យ​អចលន​ទ្រព្យ​ ២៩ ​​ភាគរយ ធនាគារ​ និង​ហិរញ្ញវត្ថុ ​២១​​ភាគរយ ​សំណង់ ១៨ ​ភាគរយ ​រោងចក្រ​ ​១៥ ​ភាគរយ និង​កសិកម្ម​ ៤ ​ភាគរយ​៕    
អត្ថបទដោយ: Rath