ភ្នំពេញ៖ តម្លៃអចលនទ្រព្យ នៅក្នុងតំបន់អមសងខាងមហាវិថីសម្ដេចតេជោ (ផ្លូវ ៦០ម៉ែត្រ) កំពុងហក់ឡើងខ្លាំង ខណៈគម្រោងធំៗនានាកំពុងបញ្ជ្រៀតចូលទៅក្នុងតំបន់នោះ ប៉ុន្តែអ្នកនៅក្នុងវិស័យនេះមើលឃើញថា តំបន់នោះហាក់បីដូចជា ខ្សត់មនុស្សរស់នៅ។
ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន អាយ រៀល អ៊ីស្ទេត (Eyes Real Estate) លោក លៀង ឡុង បានឲ្យដឹងថា ក្នុងចំណោមតំបន់សក្តានុពលនានានៅក្នុងរាជធានីភ្នំពេញទាំងអស់ មានតែតំបន់មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ទេ ដែលវិស័យអចនលទ្រព្យហក់ស្ទុះឡើងខ្លាំងជាងគេ ប៉ុន្ដែខ្សត់មនុស្សទៅរស់នៅ ដោយសារតម្លៃអចលនទ្រព្យនៅទិសខាងត្បូងទីក្រុងភ្នំពេញនេះមានថ្លៃកប់ពពក។
លោក លៀង ឡុង បានថ្លែងប្រាប់សារព័ត៌មាន KHB Media ថា វិស័យអចលនទ្រព្យនៅទិសខាងត្បូងទីក្រុងភ្នំពេញសព្វថ្ងៃនេះ គឺមានតែតំបន់មហាវិថីសម្ដេចតេជោ (ផ្លូវ ៦០ម៉ែត្រ) ទេ ដែលមានសន្ទុះហក់ឡើងខ្លាំង ដោយសារគម្រោងធំៗជាច្រើនបាននឹងកំពុងសម្រុកទៅបោះទីតាំងនៅតំបន់នោះ។ ក្នុងនោះ រួមមាន ផ្សារទំនើបលំដាប់អន្តរជាតិ ប៉េង ហួត ផ្សារទំនើបអ៊ីអនទី៣ ខនដូ និងផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិនជាច្រើនទៀតផងដែរ។
លោកបន្តថា៖«តំបន់ហ្នឹង(តំបន់មហាវិថីសម្ដេចតេជោ (ផ្លូវ ៦០ម៉ែត្រ) មិនសូវមានអ្នកទៅរស់នៅច្រើនទេ ដោយសារតម្លៃថ្លៃ និងមិនសូវមានគម្រោងលំនៅឋានតម្លៃសមរម្យទៅសាង់សង់នៅតំបន់នោ»។

ដីតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដែលស្ថិតនៅចន្លោះផ្លូវ២៧១ ដល់បុរីប៉េងហួតបានកើនឡើងដល់ 2,000ដុល្លារក្នុងមួយម៉ែត្រការ៉េ ធៀបនឹងឆ្នាំមុនមានតម្លៃពី1,000 ដុល្លារទៅ1,200 ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីដែលស្ថិតនៅចាប់ពីបុរីប៉េងរហូតដល់ផ្លូវជាតិលេខ2បច្ចុប្បន្នមានតម្លៃ ពី800ទៅ1,500 ដុល្លារក្នុងមួយម៉ែត្រការ៉េ បើធៀបទៅនឹងចុងឆ្នាំ2018ដីមានតម្លៃចាប់ពី400 ទៅ1,200ដុល្លារក្នុងមួយម៉ែត្រការ៉េ៕
ផ្ទុយទៅវិញ លោកឡុងថា កន្លែងដែលមនុស្សនាំគ្នាសម្រុកទៅរស់នៅច្រើនជាងគេនោះ គឺតំបន់ទំនប់កប់ស្រូវ (តំបន់បឹងតាម៉ោក) ព្រោះតំបន់នោះ មានគម្រោងសាងសង់ផ្ទះតម្លៃធូថ្លៃ ទីធ្លាធំទូលាយ និងមានគម្រោងផ្ទះល្វែងច្រើន ដែលពលរដ្ឋខ្មែរដែលមានចំណូលទាប និងធម្យម អាចមានលទ្ធភាពទៅរស់នៅបាន»។
លោកបន្ថែមថា ក្រៅពីតំបន់ទំនប់កប់ស្រូវ តំបន់មួយចំនួនទៀតដែលនៅជុំវិញក្រុងភ្នំពេញដែលមានតម្លៃធូថ្លៃជាងគេ គឺនៅតំបន់កោះដាច់ និងតំបន់ខាងកើតទន្លេ ព្រោះតំបន់នោះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធ និងមិនមានអ្វីគួរឲ្យទាក់ទាញនៅឡើយដូចជា ស្ពានឆ្លងទន្លេ ផ្លូវ និងគម្រោងធំៗទៅដល់ទេ ព្រោះវាពិបាកក្នុងដឹកជញ្ជូនផលិតផល និងការធ្វើដំណើរទៅវិញទៅមក ដើម្បីប្រកបអាជីវកម្មផងដែរ។

យោងតាមរបាយការណ៍ធនាគារពិភពលោក (World Bank) វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពឆាប់ប៉ោង និងងាយផ្ទុះបែកវិញ។
ទោះយ៉ាងណា លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា របាយការណ៍នេះ គ្រាន់តែជាការព្រមានឲ្យសាមីប្រទេសចាប់ផ្ដើមប្រុងប្រយ័ត្ន ប៉ុន្ដែការលើកឡើងថា មានការប៉ោង និងងាយនឹងផ្ទុះនោះ គឺមិនសំដៅលើទូទាំងប្រទេសកម្ពុជានោះទេ។
លោកបញ្ជាក់ថា៖«វាមិនគ្របដណ្ដប់នៅទូទាំងប្រទេសយើងទេ គឺតាមតំបន់ ដូចតំបន់ខ្លះធ្លាប់ឡើងខ្លាំងដូចជា ខេត្តព្រះសីហនុ ប៉ោយប៉ែត អ៊ីចឹង វាធ្លាប់ឡើងខ្លាំង វាក៏ប្រឈមនឹងការធ្លាក់ចុះមកវិញដែរ។ ហើយកន្លែងដែលយើងធ្លាប់គិតថា មិនឡើងខ្លាំង វាបែរជាឡើងខ្លាំងទៅវិញ គឺមិនអាចទាយដឹងទាំងស្រុងទេ។ ដូច្នេះ វាមិនប៉ះពាល់អ្វីធំដុំទេ តែយើងក៏ត្រូវត្រៀមខ្លួនទទួលយក និងទប់ស្កាត់វាដែរ»។
លោក ច្រឹក សុខនីម នៅតែមានសុទិដ្ឋិនិយមថា សម្រាប់ឆ្នាំ2019នេះ វិស័យសំណង់និងអចលនទ្រព្យគឺនៅតែមានសុខភាពល្អ បើទោះបីជាល្បឿននៃកំណើននៃវិស័យនេះមានអត្រាតិចជាងឆ្នាំកន្លងទៅក្តី៕