CDC និងជប៉ុនបើកកិច្ចប្រជុំរួមគ្នា លើចំណុចសំខាន់ៗចំនួន៥ ទាក់ទងនឹងបរិយាកាសវិនិយោគនៅកម្ពុជា

CDC និងជប៉ុនបើកកិច្ចប្រជុំរួមគ្នា លើចំណុចសំខាន់ៗចំនួន៥ ទាក់ទងនឹងបរិយាកាសវិនិយោគនៅកម្ពុជា

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរបស់ជប៉ុនបាននោះឡើយ។

ជាក់ស្តែង សម្រាប់ការវិនិយោគវិញ ត្រឹមខែកញ្ញា ឆ្នាំ២០១៩ ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជា សរុបចំនួនប្រមាណ ២,៥ប៊ីលានដុល្លារអាមេរិក។

ការលើកឡើងរបស់ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់បែបនេះក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៧ ខែ វិច្ចិកា។

កិច្ចប្រជុំនេះ លោក សុខ ចិន្តាសោភា បានថ្លែងបន្តថា វាគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ក្រោមក្របខណ្ឌនៃ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្មការជំរុញ និងការការពារវិនិយោគ ដែលផ្តល់ឱកាសឱ្យមានការសន្ទនាដោយផ្ទាល់ រវាងតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា សំដៅស្វែងរកដំណោះស្រាយ ដ៏សមស្របជូនអ្នកវិនិយោគជប៉ុន។

មិនតែប៉ុណ្ណោះ លោកថា នេះគឺជាកិច្ចប្រជុំលើកទី១៨នេះ បានផ្តោតការពិភាក្សាលើចំណុចចំនួន៥សំខាន់ ទាក់ទងនឹងបរិយាកាសវិនិយោគ នៅកម្ពុជារួមមាន៖ (១) តម្លៃនិងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី (២) ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (៣) ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា (៤) សេវាឡូជីស្ទិក និងការបញ្ចេញទំនិញពីគយ និង (៥) អាករពិសេសលើទំនិញនិងសេវាមួយចំនួន។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌ ដូចជា ការផលិតបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្ត ជាដើមដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ស្របតាម គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យធ្វើការ កែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅឧស្សាហកម្មដោយប្រើប្រាស់ជំនាញ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះដែរ លោក ម៉ាសាហ៊ីរ៉ុ មីខាមី លោកឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា កន្លងមករដ្ឋាភិបាលកម្ពុជាតែងតែបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះក្ដីកង្វល់ និងសំណូមពរ របស់អ្នកវិនិយោគជប៉ុន។

លោកថា សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំវិនិយោគ ដែលផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគដែលមានស្រាប់ និងដល់អ្នកវិនិយោគដែលមានបំណងពិចារណាបណ្តាក់ទុននៅកម្ពុជាផងដែរ។

លោកឯកអគ្គរដ្ឋទូតជប៉ុនថ្មីរូបនេះ បានបញ្ជាក់បន្ថែមទៀតថា យើងត្រូវធ្វើការខិតខំទាំងអស់គ្នាបន្ថែមទៀត ធ្វើឱ្យអ្នកវិនិយោគដែលកំពុងមានសកម្មភាព សប្បាយចិត្តនឹងប្រតិបត្តិការធុរកិច្ចរបស់ពួកគេ ហើយដែលនេះជាសញ្ញាវិជ្ជមានដ៏ល្អមួយ សម្រាប់ធ្វើការទាក់ទាញអ្នកវិនិយោគថ្មី ឱ្យមកបណ្តាក់ទុនបន្ថែមទៀត។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនជប៉ុន ដែលមានគម្រោងពង្រីកការវិនិយោគរបស់គេ ក៏នឹងពិនិត្យផងដែរ ទៅលើដំណោះស្រាយនៃបញ្ហាប្រឈម ដែលពួកគេបាន និងកំពុងជួបប្រទះពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

គួររំឮកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ជប៉ុនចំនួន១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២.៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិក៕

 

អត្ថបទដោយ: Pisey