ក្រុមអ្នកជំនាញស្ថាបត្យកម្ម ៖ការអភិវឌ្ឍទីក្រុងត្រូវគិតគូរពីភាពធន់នឹងគ្រោះមហន្តរាយ

ក្រុមអ្នកជំនាញស្ថាបត្យកម្ម ៖ការអភិវឌ្ឍទីក្រុងត្រូវគិតគូរពីភាពធន់នឹងគ្រោះមហន្តរាយ

ក្រុមអ្នកជំនាញផ្នែកស្ថាបត្យកម្ម បានផ្តល់អនុសាសន៍ពីការអភិវឌ្ឍទីក្រុងប្រកបដោយភាពធន់ ដែលធានាដល់ការរស់នៅរបស់ប្រជាជន សណ្តាប់ធ្នាប់សាធារណៈ ខណៈបច្ចុប្បន្នវិនិយោគលើវិស័យសំណង់កំពុងមានភាពរីកចម្រើនប្រកបដោយការប្រកួតប្រជែង។

ការលើកឡើងនេះ ត្រូវបានថ្លែងក្នុងសន្និសីទពេញអង្គស្តីពី«ការស្តារឡើងវិញ និងការអភិវឌ្ឍទីក្រុង» និង «តម្រូវការបន្ទាន់នៃការស្ថាបនាទីក្រុងឡើងវិញ» នាឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) នៅរាជធានីភ្នំពេញ ពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

នាឪកាសនោះ លោកស្រី Christiane Blancot ស្ថាបត្យករផ្នែករៀបចំទីក្រុង និងជានាយិកាផ្នែកសិក្សានៅរោងជាងនគរូបនីយកម្មទីក្រុងប៉ារីស ប្រទេសបារាំង បានលើកឡើងថា នៅក្នុងបរិបទ ដែលមានការ​ប្រកួត​ប្រជែង​លើ​ទីផ្សារសំណង់ខ្លាំង​ វាចាំបាច់ត្រូវតែ​​កំណត់​ពីបញ្ហាភាពធន​នេះឲ្យ​បាន​ច្បាស់លាស់។ ហេតុនេះ អ្វីដែលត្រូវធ្វើការប្រុងប្រយ័ត្នបំផុតនោះ គឺត្រូវតែកសាងលំនៅឋានដែលមានភាពធន់នឹងគ្រោះមហន្តរាយដូចជា៖ ភ្លើងឆេះ ទឹកជំនន់ ខ្យល់ព្យុះ រន្ទះ និងរញ្ជួយដីជាដើម។

លោក​ស្រីអះអាង​ថា៖ «តាម​ធម្មតា​សម្រាប់​ការ​ប្រែ​ប្រួល​អាកាសធាតុ​យើង​មិន​អាច​មើល​ដឹង​មុន​រយៈ​ពេល ១០ ទៅ ២០ ឆ្នាំ​នោះ​ទេ ហេតុ​នេះ​អ្វី​ដែល​យើង​អាច​គិត​គូរ​បាន​យើង​គួរ​តែ​ធ្វើ​វា​ចាប់​ពី​ពេល​នេះ​ទៅ ព្រោះ​កន្លង​មក ប្រទេស​កម្ពុជា មិន​ដែល​មាន​ជួប​គ្រោះ​ធម្មជាតិ​នៃ​ខ្យល់​ព្យុះ​ធំៗ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ជួប​ប្រទះ​ជា​ញឹក​ញាប់»។

យ៉ាងណា អ្នកជំនាញស្ថាបត្យកម្មបារាំងរូបនេះ បានសង្កត់ធ្ងន់ថា ការស្ថាបនា​ទីក្រុងប្រកបដោយ​ភាពធនទៅបាន គឺ​ទាមទារ​សមត្ថភាព​របស់ ស្ថាបត្យករផ្ទាល់ ​ប្រជាជន ​និង​សមត្ថភាព​របស់​ថ្នាក់​ដឹកនាំ ដើម្បី​ជំនះ ​នឹង​ផលប៉ះពាល់​ដែល​ផុស​ចេញពី​ការប្រែប្រួល​ផ្លាស់ប្តូរ​របស់​ទីក្រុង ​និង​ស្ថានភាព​តក់ស្លុត​ណាមួយ ដែលបណ្តាលមកពីគ្រោះមហន្តរាយណា​មួយ។

ប៉ុន្តែលោស្រីថា ​សមត្ថភាព​ធន់​នឹង​ស្ថានការណ៍​ទាំងនេះ​ មិនមែនជា​របស់​កើតឡើង​ឯកឯង​ទេ ពោល​គឺ​វា​កកើត និង​ធំធាត់​ឡើង​ដោយមាន​ជំនួយ​ពី​គោលនយោបាយ​សាធារណៈ ពី​កម្មវិធី​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ឬ​សកម្មភាព​មហាជន​ជាដើម ​។​​ ហេតនេះ ការដាក់ឱ្យ​មានការ​អភិវឌ្ឍ​ទីក្រុង​មួយ​ប្រកបដោយ​ភាពធន គឺចាំបាច់ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ​គឺជា​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន​សម្រាប់​ធានាឱ្យមាន​ការស្ថាបនា​ទី​ក្រុង​ឡើងវិញ​ប្រកបដោយ​ចីរភាព និងនិរន្តភាព​។

ទន្ទឹមដូចគ្នានេះ អ្នកម្នាង ស៊ីសុវត្ថិ ម៉ែន ច័ន្ទទេវី បណ្ឌិតផ្នែកស្ថាបត្យកម្ម និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញអារម្មណ៍ដោយចង់ឃើញ ការអភិវឌ្ឍទីក្រុងមួយប្រកបដោយភាពធន បែបបៃតង បរិស្ថានល្អ មានហេដ្ឋារចនាសម្ព័ន្ធ ដែលធានាដល់ការរស់នៅរបស់ប្រជាជន សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពផ្នែកចរាចរណ៍ ពិសេសបញ្ចៀសបាននៅ​គ្រោះ​មហន្តរាយនានា។

លើសពីនេះទៀត លោក Jean-Marie Dulix Theodat បណ្ឌិតផ្នែកភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ នៃប្រទេសហៃទី ក៏បានគាំទ្រនូវរាល់ការលើកឡើងទាំងនេះ ដោយលោកបានថ្លែងថា បើសិនជាគ្មានភាពធន់នោះទេ គឺមិនអាចធ្វើការកសាងទីក្រុងមួយឲ្យមានភាពប្រសើរ និងការអភិវឌ្ឍមួយប្រកបដោយចីរភាពនោះទេ។

ពាក់ព័ន្ធទៅនឹងចំណុចនេះ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សាភិបាលនៃសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា ការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញកំពុងឈានទៅអភិវឌ្ឍន៍ឲ្យមានរបៀបរៀបរយ មានសណ្ឋាប់ធ្នាប់ល្អ បរិស្ថានល្អដើម្បីសក្តិសមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីក្រុងស៊ីវិល័យ ក្នុងនោះរាប់បញ្ចូលទាំង​ការអភិវឌ្ឍន៍វិស័យទឹកស្អាត ការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងក្រុង មានរថយន្តក្រុងនិងរថភ្លើងលើអាកាស ការគ្រប់គ្រងការ​ប្រមូល​ដឹកជញ្ជូ​ននិងកែច្នៃឋាមពលសំរាម ការរៀបចំប្លង់ប្រើប្រាស់ដី ការតម្រង់ទិសសេដ្ឋកិច្ច និងការវិនិយោគ សាធារណៈ ជាដើម។

ជាងនេះទៀត បើតាម លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញបានឲ្យដឹងដែរថា ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣ ការគ្រប់គ្រង​រាជធានី​ភ្នំពេញ​ដើរតួនាទី​អនុវត្ត​ដើម្បី បុព្វហេតុ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ បន្ត​ស្ដារ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ក្នុង​ទីក្រុង​និង​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ ហើយពី​ឆ្នាំ​២០១៣ រហូតដល់​សព្វថ្ងៃនេះ​ គឺ​ការគ្រប់គ្រង​រាជធានី​ភ្នំពេញ​ដើរតួនាទី​អនុវត្ត​ដើម្បី បុព្វហេតុ​កំណែទម្រង់ អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព និង​ជា​អនាគត​ទីក្រុង​វៃឆ្លាត ដែល​ហៅថា Smart City​។

សូមបញ្ជាក់ថា សន្និសីទពេញអង្គស្តីពី«ការស្តារឡើងវិញ និងការអភិវឌ្ឍទីក្រុង» និង «តម្រូវការបន្ទាន់នៃការស្ថាបនាទីក្រុងឡើងវិញ» ដែលធ្វើនៅក្នុងរាជធានីភ្នំពេញឆ្នាំ២០១៩នេះ មានគណៈប្រតិភូនៃទីក្រុងនិងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមម្រមាណជាង៤០០ នាក់ មកពី៤១ប្រទេស។  

យ៉ាងណា ក្រុមអ្នកជំនាញផ្នែកស្ថាបត្យកម្ម ក្នុងសន្និសីទពេញអង្គស្តីពី«ការស្តារឡើងវិញ និងការអភិវឌ្ឍទីក្រុង» និង «តម្រូវការបន្ទាន់នៃការស្ថាបនាទីក្រុងឡើងវិញ» នៅតែបានចាត់​ទុកថា ដំណើរការអភិវឌ្ឍទីក្រុងប្រកប​ដោយ​ភាពធន់ គឺកាតាលិករសំខាន់ជួយធានាដល់ការរស់នៅរបស់ប្រជាជន និងនិរន្តភាពនៃការអភិវឌ្ឍរបស់​ប្រទេស​នោះ៕

អត្ថបទដោយ: Pisey