ក្រសួងរៀបចំដែនដី ជំរុញឲ្យមន្រ្តីថ្នាក់ក្រោមជាតិប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

ក្រសួងរៀបចំដែនដី ជំរុញឲ្យមន្រ្តីថ្នាក់ក្រោមជាតិប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា ការផ្តល់សេវាសាធារណៈល្អពីសំណាក់​មន្រ្តីមូលដ្ឋាន គឺជាកត្តាលីករជួយឲ្យដំណើរការចុះបញ្ជី​អចលន​វត្ថុ​​កាន់តែ​មានប្រសិទ្ធ​ភាព និងតម្លាភាព ព្រមទាំងជាការចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើង ដែលជាគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។

ការលើកឡើងពីសំណាក់ក្រសួងរៀបចំដែនដីនៅពេលនេះ ត្រូវបានធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី ការចុះបញ្ជីអចលនវត្ថុ ទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី ក្រោមវត្តមាន​ប្រធានមន្ទី និងប្រធានការ​រិយា​ល័យ​​នៃមន្ទីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំង​សុរិយោ​ដី​​ខេត្តទាំង២៥ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

នាឪកាសនោះ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន បានចាត់ទុកថា បញ្ហាដីធ្លី ជាបញ្ហា នៅនឹងមូលដ្ឋាន ដែលទាក់ទងផ្ទាល់ ទៅនឹងសណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

ទន្ទឹមគ្នានេះ លោកថា បើនិយាយដល់ការចុះបញ្ជី អចលនវត្ថុ គឺដើរទូនាទីសំខាន់ក្នុងការគ្រប់គ្រង់អចលនវត្ថុដោយរដ្ឋ ហើយជាមូលដ្ឋានសម្រាប់រដ្ឋក្តោបក្តាប់ បាននូវស្ថានភាពបច្ចុប្បន្ននៃអចលនវត្ថុ ដើម្បីបម្រើប្រយោជន៍សារធារណៈ ព្រមទាំងជួយ​ការពារ​សិទ្ធិ​លើអចនវត្ថុឲ្យកានតែមានសុវត្ថិភាពខ្ពស់។

លោកបានបន្តថា កន្លងមកទោះបីជាក្រសួងមានលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំ​ជាបន្តបន្ទាប់ ពាក់ព័ន្ធការពង្រឹងលើការផ្តល់សេវាសាធារណៈចំពោះការចុះបញ្ជីអចលនវត្ថុក៏ពិតមែន ក៏ក្រសួងពិនិត្យឃើញក្របខណ្ឌនៃការអនុវត្តការងារនៅមានកំហុសឆ្គងគួរឲ្យកត់សម្គាល់។

លោកបានជំរុញឲ្យ មន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង គោរពវិន័យ ក្នុងអង្គភាពឲ្យបានម៉ឹងម៉ាត់ និងដោះស្រាយរាល់បញ្ហាចំពោះមុខ ដោយផ្អែកលើគោលការណ៍ច្បាប់ និងបទដ្ឋាន គតិយុត្តជាធរមាន ។

ជាងនេះទៀត ការទទួលខុសត្រូវរបស់មន្ដ្រីរាជការ ក្នុងការបំពេញសេវាសារធាណៈជូនពលរដ្ឋ និងអ្នកប្រើប្រាស់សេវា ត្រូវប្រកបដោយដោយតម្លាភាព តម្លៃសមរម្យ ខ្លី សាមញ្ញ អាចជឿទុកចិត្ត ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា តាមសំណូមពររបស់ពលរដ្ឋ គឺជាកត្តាលីករជួយឲ្យដំណើរការចុះ​បញ្ជី​អចលនវត្ថុ​កម្ពុជាកាន់តែមានប្រសិទ្ធ​ភាព និងតម្លាភាពខ្ពស់។

ពាក់ព័ន្ធនិងការផ្តល់សេវាសាធារណៈល្អ ជាកត្តាលីករជួយឲ្យការចុះបញ្ជី​អចលនវត្ថុមានប្រសិទ្ធភាព និងតម្លាភាពនេះដែរ កាលពីពេលថ្មីៗនេះ  លោក ជា សុផារ៉ា រដ្ឋក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានជំរុញឲ្យមន្ដ្រីរាជការរបស់ក្រសួង ពង្រឹងក្រមសីលធម៌ និងត្រូវមានការអភិវឌ្ឍនៅមូលដ្ឋាន ប្រកបដោយតម្លាភាព ។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តីថា  ក្រសួងរៀបចំដែនដី តែងតែខិតខំប្រឹងប្រែងជំរុញគ្រប់រូបភាព សំដៅដុសខាត់ចំណេះដឹង ក៏ដូចជា ពង្រឹងសមត្ថភាពមន្ត្រី រាជការក្រោមឱវាទក្រសួង ទាំងនៅថ្នាក់កណ្ដាល និងនៅថ្នាក់ក្រោមជាតិ ដើម្បីធានាការផ្ដល់សេវាសាធារណៈ ជូនពលរដ្ឋ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ឲ្យប្រសិទ្ធិភាព។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឲ្យដឹងថា​ គិតចាប់ពីឆ្នាំ ២០០៣ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការ​សុរិយោដីក្រុង ស្រុក ខណ្ឌ បាន​ទទួ​ល​​ពាក្យ​បណ្តឹង​ចំនួន ៨ ៦៤៣ករណី និងដោះស្រាយ​បពា្ចប់វិវាទដីធ្លីដោយ​គណៈកម្មការ​​​​សុរិ​យោ​ដីទាំង៣ថ្នាក់បានចំនួន ៤ ១៣៦ករណី។

ក្រសួងរៀបចំដែនដី ក៏បានឲ្យដឹងដែរថា គិតមកដល់បច្ចុប្បន្ន ក្រសួង​​ចេញបណ្ណ​កម្ម​សិទ្ធិ​​​ដី​បាន​ចំនួន​ ៥ ៥៨៤ ០៣៤បណ្ណ ស្មើនឹង៧៩,៧៧% នៃ​ក្បាល​ដី​​ប៉ាន់​ស្មាន៧លាន​ក្បាលដី ក្នុងនោះ​ការចុះ​បញ្ជីដី​មាន​​លក្ខណៈ​ជាប្រព័ន្ធសម្រេចបាន៤ ៩៦៦ ៥៩១បណ្ណ និងចែក​បណ្ណ​ជូន​ប្រជា​ពលរដ្ឋ​​​​ចំនួន ៤ ៦១៨ ៧៧១បណ្ណ។​ ​

របាយការណ៍បានបន្តថា ការផ្តល់បណ្ណកម្មសិទ្ធិ ជូនប្រជា​ពលរដ្ឋ នឹងចូលរួមធានាសុវត្ថិភាពនៃការកាន់កាប់ដី បញ្ចៀសវិវាទ  លើកតម្លៃសេដ្ឋកិច្ចនៃដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។ ជាងនេះទៀត ក្រសួងបានសង្កត់ធ្ងន់ថា បណ្ណកម្មសិទ្ធិក៏នឹងបានចូលរួមចំណែកធ្វើឱ្យម្ចាស់ដីមានភាពនឹងនរចិត្ត និងអាចធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់និង/ឬអភិវឌ្ឍន៍ដីរបស់ខ្លួនឱ្យបានច្បាស់លាស់និងជឿជាក់ជាងមុន ពិសេសជៀសវាងនៅវិវាទដីធ្លីកើតឡើង៕ 

អត្ថបទដោយ: Pisey