តោះ! មកមើល សណ្ឋាគារក្រោមដីដំបូងគេក្នុងលោក របស់ប្រទេសចិន

តោះ! មកមើល សណ្ឋាគារក្រោមដីដំបូងគេក្នុងលោក របស់ប្រទេសចិន
ចិន៖  សណ្ឋាគារ (InterContinental Shanghai Wonderland) គឺជាសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលមានទីតាំងស្ថិតនៅភាគនិរតី នៃទីក្រុងសៀងហៃ ប្រទេសចិន។ វា ជាសណ្ឋាគារដំបូងគេ ក្នុងលោក ដែលត្រូវបានសាងសង់នៅខាងក្រោមដី ជាមួយនឹងស្ថាបត្យកម្មដ៏ទំនើបអស្ចារ្យ។ មានទីតាំងស្ថិតនៅ ក្បែរតំបន់ឧស្យានជាតិភ្នំស៊ីហាន(Sheshan) ពោលគឺប្រមាណ 30 គីឡូម៉ែត្រ ពីចំណុចកណ្ដាលនៃទីក្រុងសៀងហៃ សណ្ឋាគារ (InterContinental Shanghai Wonderland)នេះ ត្រូវបានសាងសង់ ក្នុងជម្រៅ 88 ម៉ែត្រ នៅខាងក្រោមដី។ អគារទាំងមូលនៃសណ្ឋាគារ នេះមានកម្ពស់ 18 ជាន់។ ក្នុងនោះមាន 16 ជាន់ ស្ថិតនៅខាងក្រោមដី និងពីរជាន់ទៀតមានកម្ពស់10ម៉ែត្រ ខ្ពស់ពីផ្ទៃដី។ វាមានបន្ទប់សរុបចំនួន337មានទឹកធ្លាក់សិប្បនិម្មិត អាងហែលទឹក និង កន្លែងកម្សាន្តប្រណិតៗ ជាច្រើនទៀត។ សណ្ឋាគារ (InterContinental Shanghai Wonderland) ចាប់ផ្ដើម​សាងសង់នៅក្នុងឆ្នាំ2013 ពោលគឺ 4 ឆ្នាំក្រោយពីគម្រោងនេះ ត្រូវបានដាក់បង្ហាញ ក្នុងពិព័រណ៌ស្ថាបត្យកម្មអន្តរជាតិ កាលពីឆ្នាំ 2009។ ទំហំទឹកប្រាក់វិនិយោគសរុប មានចំនួន 555 លានដុល្លារអាមេរិក។ បន្ទាប់ពីបញ្ចប់ការសាងសង់ សណ្ឋាគារបានបើកដំណើរដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ2018។ ក្រោយមក ទីនោះក៏បានក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយមមួយរបស់ក្រុងសៀងហៃ។ បើតាមកាសែត China Daily  ប្លង់នៃសណ្ឋាគារនេះ ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្មមួយរបស់អង់គ្លេស ដែលធ្លាប់រចនាអគារ Burj Al Arab ដ៏ល្បីល្បាញរបស់ទីក្រុងឌូបៃ។ ដំណើរការនៃការសាងសង់ទាំងមូលត្រូវការ ស្ថាបត្យករ វិស្វករ អ្នកឌីហ្សាញ និង កម្មករសរុបប្រហែល 5,000 នាក់។ ចំពោះថាមពល ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់សណ្ឋាគារវិញ ស្ទើរតែទាំងអស់ ជាប្រភពថាមពលកកើតឡើងវិញ។ ចំណែក ដំបូល និងជញ្ជាំងនៃសណ្ឋាគារ ត្រូវបានសាងសង់តាមប្រព័ន្ធកាត់បន្ថយការកើនកម្ដៅ ដែលអាចជួយឲ្យគេ សន្សំសំចៃថាមពលលើការប្រើប្រាស់ម៉ាស៊ីនត្រជាក់ បានយ៉ាងច្រើន។ Related image គួររំលឹកថា ការសាងសង់សណ្ឋាគារនេះ ជាមហិច្ឆតាមួយ នៃគម្រោងសាងសង់កំពូលៗ ជាច្រើន របស់ចិន ដើម្បីឆ្លើយតបទៅនឹង កំណើនដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចជាតិរបស់ខ្លួន។ មកទល់ពេលនេះ ចិនមានសំណង់ស្ថាបត្យកម្មអស្ចារ្យជាច្រើន ដូចជា ទឹកធ្លាក់សិប្បនិម្មិតខ្ពស់ជាងគេ ស្ពានវែងជាងគេ សណ្ឋាគារក្រោមដីដំបូងគេ និង ប្រព័ន្ធរថភ្លើងក្រោមដីល្បឿនលឿនជាងគេ ក្នុងលោក ជាដើម៕ ប្រភព៖ chinadaily.com.cn & lonelyplanet.com
អត្ថបទដោយ: Vasna