បច្ចុប្បន្ន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងរីកចម្រើនយ៉ាងខ្លាំង នៅក្នុងបណ្ដាប្រទេសជឿនលឿននានា ក្នុងពិភពលោក។ ម្យ៉ាងវិញទៀត ការងារស្មុគស្មាញ ស្ទើរគ្រប់វិស័យ កំពុងត្រូវបានជំនួសដោយបញ្ញាសិប្បនិម្មិត។ ដោយឡែក ចំពោះវិស័យសំណង់វិញ បញ្ញាសិប្បនិម្មិតបានដើរតួយ៉ាងសំខាន់ ក្នុងការផ្លាស់ប្ដូរនូវ របៀបបំពេញការងារមួយចំនួន ដែលគេធ្លាប់អនុវត្តក្នុងពេលកន្លងមក។ បើតាមគេហទំព័រ Interesting Engineering បញ្ញាសិប្បនិម្មិតកំពុង ផ្លាស់ប្ដូរវិស័យសំណង់ ត្រង់ចំណុចសំខាន់ចំនួន ៧ ដូចខាងក្រោម៖
១. ទំនើបកម្មនៃការរចនាប្លង់

ដោយសារកម្មវិធីរចនាប្លង់ ដែលគេប្រើប្រាស់កន្លងមក មានលក្ខណៈស្មុគស្មាញ និងមានភាពយឺតយ៉ាវ ក្នុងការធ្វើបច្ចុប្បន្នភាពទៅតាមស្ថានការណ៍ជាក់ស្ដែង ដូច្នេះហើយទើប គេចាប់ផ្ដើមប្រើប្រាស់កម្មវិធីកុំព្យូទ័រ ដែលដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត។ ដោយហេតុថា បញ្ញាសិប្បនិម្មិត អាចជួយសម្រួលការងារជាច្រើនរបស់ស្ថាបត្យកររួមមាន ការផ្ដល់វិធីសាស្រ្តរចនាដែលងាយយល់ជាងមុន និងការជួយប្រមូលទិន្នន័យពាក់ព័ន្ធផ្សេងៗជាដើម។
២. ប្រព័ន្ធគ្រប់គ្រងគុណភាពឆ្លាតវៃ

ដំណើរការនៃការគ្រប់គ្រង់គុណភាពសំណង់ ត្រូវធ្វើឡើង ជាដំបូងតាមរយៈ ការប្រមូលទិន្នន័យជារូបភាព ដោយប្រព័ន្ធកាមេរ៉ា និងដ្រូន។ បន្ទាប់មក ទិន្នន័យទាំងនោះ ត្រូវបានបញ្ជូនទៅកាន់កុំព្យូទ័រ។ បញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធកុំព្យូទ័រ មានសមត្ថភាពអាចវិភាគ និង វាយតម្លៃអំពីគុណភាពសំណង់ ក៏ដូចជាប្រាប់អំពី បញ្ហា ឬចំណុចមិនប្រក្រតីនានា ដល់អ្នកគ្រប់គ្រងគម្រោង បានយ៉ាងត្រឹមត្រូវ។
៣. គំរូអាជីវកម្មសំណង់ឆ្លាតវៃ

បញ្ញាសិប្បនិម្មិត កំពុងត្រូវបានអភិវឌ្ឍន៍ទៅជាប្រព័ន្ធមួយ ដែលអាចយល់ពី តម្រូវការ ចំណង់ចំណូលចិត្ត និងព័ត៌មានរបស់អតិថិជន បានល្អជាងខួរក្បាលមនុស្សទៅទៀត។ ដូច្នេះ ក្រុមហ៊ុនសំណង់ ដែលប្រើគំរូអាជីវកម្មដំណើរការដោយបញ្ញាសិប្បនិម្មិត នឹងមានភាពងាយស្រួលក្នុងការកសាងកេរ្តិ៍ឈ្មោះ និងកាន់តែមានប្រៀបក្នុងទីផ្សារសំណង់។
៤. ឧត្តមភាពនៃការប្រកួតប្រជែង និង ការបង្កើតថ្មី
សព្វថ្ងៃនេះ អតិថិជនចាប់ផ្ដើម ឲ្យតម្លៃទៅលើបច្ចេកវិទ្យាកាន់តែខ្លាំង។ ក្រុមហ៊ុនដែល ប្រើមនុស្សយន្ត បញ្ញាសិប្បនិម្មត និងប្រព័ន្ធស្វ័យប្រវត្តិ តែងតែមានប្រៀបជាងគេ ក្នុងការដេញថ្លៃគម្រោងសាងសង់ធំៗ។ រាល់ការច្នៃប្រឌិតរបស់គេ ភាគច្រើនទទួលបានការគាំទ្រ និងឲ្យតម្លៃខ្លាំងពីសំណាក់មហាជន ទោះបីគម្រោងនោះ ស្ថិតនៅក្នុងកម្រិតមួយ ដូចក្រុមហ៊ុនដទៃទៀតក៏ដោយ។
៥. ការសង់ដោយប្រើប្រាស់ម៉ាស៊ីនព្រីន 3D

ម៉ាស៊ីនព្រីន 3D ជាប្រភេទមួយនៃបញ្ញាសិប្បនិម្មិត ដែលកំពុងផ្លាស់ប្ដូរឧស្សាហកម្មសំណង់លើចំណុចជាច្រើន។ ការសងសង់ផ្ទះបែប 3D អាចជួយឲ្យគេសន្សំសំចៃបានច្រើន មិនថា ពេលវេលា ថវិកា ឬធនធានមនុស្ស នោះទេ។ ការសាងសង់បែបនេះ កំពុងក្លាយជាទំនោរដ៏ពេញនិយមមួយ ក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍មួយចំនួន។
៦. ភាពសម្បូរបែបនៃការសាងសង់ផ្ទះគំរូ
បញ្ញាសិប្បនិម្មិត អាចជួយសាងសង់ផ្ទះគំរូ ដែលដូចនឹងផ្ទះពិត សម្រាប់អតិថិជន ក្នុងរយៈពេលយ៉ាងខ្លី។ បើបច្ចេកវិទ្យានេះកាន់តែរីកចម្រើន ផ្ទះគំរូអាចនឹងត្រូវដឹកជញ្ជូន ទៅដល់ផ្ទះអតិថិជនផ្ទាល់ បន្ទាប់ពីពួកគេចូលទៅស្នើសុំ ក្នុងគេហទំព័រក្រុមហ៊ុនសំណង់ណាមួយ។ មួយវិញទៀត VR ក៏ជាផ្នែកមួយនៃបញ្ញាសិប្បនិម្មិត ដែលអាចផ្ដល់នូវរូបភាពដូចនឹងអគារពិត ដែលនឹងត្រូវសាងសង់ ដល់អតិថិជនផងដែរ។
៧. ការគ្រប់គ្រងគម្រោងស្វ័យប្រវត្តិ

អ្នកវិទ្យាសាស្រ្តកំពុងព្យាយាមធ្វើការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីឲ្យបញ្ញាសិប្បនិម្មិត អាចគ្រប់គ្រង់គម្រោងសាងសង់មួយទាំងមូល ដោយខ្លួនឯង ដោយពុំចាំបាច់មានការ បញ្ជាពីមនុស្ស។ ជាពិសេស គម្រោងសាងសង់ជម្រកក្នុងទីអវកាស កំពុងត្រូវការជាចាំបាច់ នូវបច្ចេកវិទ្យានេះ។ បើការអភិវឌ្ឍនេះជោគជ័យ បញ្ញាសិប្បនិម្មិតនឹងអាច គ្រប់គ្រង ហានិភ័យ ប្រសិទ្ធភាព ស្ថិរភាព និងបច្ចេកទេស ក្នុងការសង់ដោយខ្លួនឯងបាន។ ពេលនោះ ការងារសាងសង់នឹងក្លាយជា រឿងកាន់តែងាយស្រួលបន្ថែមទៀត។
ប្រភព៖ interestingengineering.com