លោក លឹម សុថាវ៖ ៤ចំនុចដែលវិស្វករសំណង់ស៊ីវិល និងអគ្គិសនីចាំបាច់ត្រូវតែចាំជានិច្ច

លោក លឹម សុថាវ៖ ៤ចំនុចដែលវិស្វករសំណង់ស៊ីវិល និងអគ្គិសនីចាំបាច់ត្រូវតែចាំជានិច្ច

គណៈវិស្វករកម្ពុជា បានស្នើឲ្យវិស្វករទាំងជាតិ និងវិស្វករបរទេស បម្រើការងារផ្នែកសំណង់ស៊ីវិល និងជំនាញអគ្គិសនី  ចាំបាច់ត្រូវចូលរួម​គោរព​ច្បាប់ និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ត្រូវគោរព និងត្រូវសិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់ ដើម្បី​ធានាបាន​​នូវ​​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា។

អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា  លោក លឹម សុ​ថាវ ក៏ បានលើកយក​៤​ចំនុច​​សំខាន់ ដែលវិស្វករសំណង់ស៊ីវិល និងអគ្គិសនីត្រូវដឹងពីច្បាប់សំណង់ ដើម្បីយល់ច្បាស់ពីច្បាប់សំណង់ ជៀសវាងការអនុវត្តមានលក្ខណៈខុសឆ្គង និងដើម្បីកុំឱ្យមានការប្រឈមជាមួយផ្លូវច្បាប់ ដែលនាំឱ្យមានការផាកពិន័យ ឬក៏មានទោសដោយប្រការណាមួយ។

អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជារូបនេះ  ក៏បានអះអាងឲ្យដឹងថា ចំនុចសំខាន់ៗទាំង៤​នេះ រួមមាន៖

ក. ក្នុងដំណើរការសាងសង់នៅក្នុងច្បាប់សំណង់ នៅក្នុងដំណើរការសាងសង់ ​គឺតម្រូវ​ឲ្យវិស្វករចាំបាច់ត្រូវមាន៖

១- ត្រូវមានលិខិតអនុញ្ញាតសាងសង់ និងលិខិត អនុញ្ញាត​​បើក​​ការដ្ឋាន,
២- ​បើចំណុចទី(១)មានភាពពេញលេញហើយ  ត្រូវពិនិត្យភា​ពស្របច្បាប់របស់អ្នកសាងសង់ (មិនសំដៅលើម្ចាស់សំណង់),
៣- បើចំណុចទី(១ និង២)មានភាពពេញលេញ ហើយ តើមានអ្នកបច្ចេក​ទេស ឬវិស្វករប្រចាំការដ្ឋានឬទេ?
៤- ហាមការស្នាក់នៅក្នុងការដ្ឋានសាងសង់។

ខ- ក្រោយសាងសង់បានបញ្ចប់ត្រង់ចំណុចនេះ លោក សុ​ថាវ ឲ្យដឹងថា នៅក្នុងច្បាប់​សំណង់​បញ្ជាក់ថា វិស្វករជំនាញសំណង់ស៊ីវិល និងជំនាញអគ្គិសនីត្រូវមានវិញ្ញាបន​បត្រប្រើប្រាស់សំណង់ និងលិខិតបិទការដ្ឋាន ពីអាជ្ញាធរមានសមត្ថកិច្ច។ 

គ- លក្ខខណ្ឌតម្រូវសម្រាប់សាងសង់ ចំណុចនេះ វិស្វករជំនាញសំណង់ស៊ីវិល និងជំនាញអគ្គិសនី ចាំបាច់ត្រូវដឹងពីលក្ខខណ្ឌតម្រូវមួយចំនួនទៀតដូចជា៖
១- ផ្តល់លិខិតអនុញ្ញាត​សាងសង់ ជួសជុល ឬរុះរើ
២- ផ្តល់លិខិតអនុញ្ញាតបើកការដ្ឋាន, 
៣- ការរៀបចំការដ្ឋាន (ការវាស់វែង បោះបង្គោលព្រំកំណត់ទីតាំងសាងសង់ ដោយមន្ត្រីត្រួតពិនិត្យ - ការកំណត់លើកផ្ទាំងពត៌មានគំរោង- ការយកចិត្តទុកដាក់ប្រតិបត្តិលើវិធានទាំងឡាយដើម្បីសុវត្ថិភាព)។

៤- ដំណើរការសាងសង់ (ពេលផ្តើមដល់បញ្ចប់)
- ក្រុមហ៊ុនសាងសង់ដែលមានអាជ្ញាបណ្ណ ទើប​ទទួលនិងបន្តកិច្ចសន្យាទៅក្រុមជាងបាន
 មានអ្នកបច្ចេកទេស ឬវិស្វករប្រចាំការដ្ឋាន  ក្រុមជាងដែលមានវិញ្ញាបនបត្រ អាចទទួលការសាងសង់បាន តែត្រូវមានអ្នកបច្ចេកទេស ឬវិស្វករដឹកនាំ
- អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់មន្រ្តីត្រួតពិនិត្យសំណង់អោយបំពេញការងារជាប្រចាំ ក្នុងការត្រួតពិនិត្យលើគុណភាព និងសុវត្ថិភាពសំណង់ជាប្រចាំ
- ក្រុមហ៊ុនសាងសង់ អ្នកបច្ចេកទេស និងវិស្វករ ប្រចាំការដ្ឋាន ត្រូវជូនដំណឹងមកមន្ត្រីត្រួតពិនិត្យ គ្រប់ដំណាក់កាល
- ពេលកំណត់ទីតាំងសាងសង់
- ពេលអនុវត្តការងារគ្រឹះ
- ពេលអនុវត្តការងារសសរជាន់ផ្ទាល់ដី
- និងពេលអនុវត្តការងារគ្រឿងផ្គុំបន្តបន្ទាប់ គ្រប់ពេលពិនិត្យ ត្រូវមានកំណត់ហេតុ និងចុះហត្ថលេខាទាំងអស់គ្នា) ។

ឃ- ការត្រួតពិនិត្យ និងបញ្ជាក់សំណង់មកដល់ចំណុចនេះ លោក លឹម សុថាវ បានបញ្ជាក់ថា ចាំបាច់ត្រូវមាន៣ចំនុចសំខាន់ទៀតគឺ៖ 
១- ប្លង់គ្រឿងផ្គុំ និងការសាងសង់ ត្រូវមានការត្រួតពិនិត្យ បញ្ជាក់ ស្របតាមបទដ្ឋានបច្ចេកទេសលើគ្រប់ដំណាក់កាល ដោយក្រុមហ៊ុនដែលសិក្សា និងសាងសង់ ដែលកំណត់ដោយសេចក្តីសំរេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម។  
២- វិញ្ញាបនបត្រត្រួតពិនិត្យ និងបញ្ជាក់ ដែលចេញដោយអ្នកត្រួតពិនិត្យនិងបញ្ជាក់ គឺជាឯកសារដែលអាជ្ញាធរមានសមត្ថកិច្ចយោងសម្រាប់ការចេញវិញ្ញាបនបត្រប្រើប្រាស់សំណង់។ ៣- បើពិនិត្យឃើញថាមិនអនុវត្តតាមបទដ្ឋានបច្ចេកទេសសំណង់ អ្នកត្រួតពិនិត្យ និងបញ្ជាក់មសំណង់ត្រូវផ្តល់ដំណឹងជូនមន្រ្តីត្រួតពិនិត្យសំណង់ដើម្បីចាត់វិធានការសមស្រប៕

យ៉ាងណា អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជារូបនេះ ក៏បានជូនដំណឹងជាថ្មី ដល់វិស្វករចុះបញ្ជី និងវិស្វករអាជីព ជំនាញសំណង់ស៊ីវិល និងជំនាញអគ្គិសនី នៃគណៈវិស្វករកម្ពុជា នៅទូទាំងប្រទេសដែលអវត្តមានមិនបានចូលរួមប្រជុំផ្សព្វផ្សាយស្ដីពី ច្បាប់សំណង់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ឱ្យចូលរួមវគ្គទី២ទៀតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីសិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់ ដើម្បី​ធានាបាន​​នូវ​​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា៕

អត្ថបទដោយ: Pisey