ក្លឹប BMW Motorcycle Cambodia ដង្ហែរក្បួនម៉ូតូធំ រំលឹកពីព្រឹត្តិការណ៍ជួបជុំអ្នកស្នេហាវិស័យម៉ូតូធំនៅខេត្តសៀមរាបនាដើមខែធ្នូនេះ
ភ្នំពេញ៖ ក្រុមម៉ូតូធំ ដែលដឹកនាំដោយក្លឹប BMW Motorcycle Cambodia កាលពីថ្ងៃសៅរ៍ បានរៀបចំក្បួនដង្ហែរម៉ូតូធំ ដើម្បីរំលឹកដល់សាធារណជនទាំងអស់ឱ្យបានដឹងពីពេលវេលាកាន់តែខិតជិតមកដល់នូវព្រឹត្តិការណ៍ Motorrad Angkor Festival 2019 នៅលើទឹកដីអង្គរ ខេត្តសៀមរាប រយៈពេល ៣ថ្ងៃពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។
ក្បួនដង្ហែរនេះ បានប្រព្រិត្តទៅនារសៀលថ្ថៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបរិវេណមជ្ឍមណ្ឌលកោះពេជ្រ ដែលមានការចូលរួមពីក្រុមម៉ូតូធំជាង ២០ម៉ូតូ ភ្ជាប់ជាមួយនឹងទង់របស់ក្លឹប, ព្រឹត្តិការណ៍ Motorrad Angkor Festival 2019, ម្ចាស់ឧបត្ថម្ភ, ដៃគូរសហការ និងដៃគូរគាំទ្រ ដោយហែរហមឆ្ពោះទៅកាន់ដងវិថីនានាក្នុងរាជធានីភ្នំពេញ។
លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លឹបម៉ូតូ BMW Motorcycle Cambodia ការធ្វើក្បូនដង្ហែរម៉ូតូនេះឡើង គឺជាការរំលឹកទៅដល់សាធារណជនទាំងអស់ឱ្យបានដឹងពីការខិតជិតមកដល់នូវកម្មវិធី Motorrad Angkor Festival 2019 ដែលជាព្រឹត្តិការណ៍ជួបជុំអ្នកស្នេហាខាងវិស័យម៉ូតូដ៏ធំពុំធ្លាប់មាននៅកម្ពុជា ក្នុងខេត្តសៀមរាប ខាងមុខនេះ។
លោកប្រធានក្លឹបរូបនេះ លើកឡើងថា៖«គោលបំណងនៃការបង្កើតព្រឹត្តិការណ៍ Motorrad Angkor Festival 2019 នេះឡើង គឺដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ដ ជាពិសេសម៉ូតូគ្រប់ប្រភេទដែលបានបង្កើតជាក្រុម និងចូលរួមផ្សព្វផ្សាយសុវត្ថិភាព សីលធម៌លើផ្លូវថ្នល់ និងចែករំលែកបទពិសោធបច្ចេកទេសទៅវិញទៅមកជាមួយក្រុមម៉ូតូមកពីបណ្តាប្រទេសអាស៊ានជិត ៨ប្រទេស រួមមានប្រទេសកម្ពុជា, ថៃ, វៀតណាម, ឡាវ, សិង្ហបុរី, ម៉ាឡេស៊ី, ចិន និងប្រទេសផ្សេងៗសរុបជាង ១០០០នាក់»។
ជាមួយគ្នានោះ ការរៀបចំព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់ម៉ូតូដ៏ធំដំបូងគេនៅកម្ពុជានេះ នឹងចូលរួមដល់ការងារសប្បុរសធម៍ តាមការរៃអង្គាសថវិកាពីសាធារណជន ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាបផ្ទាល់តែម្តង។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ត្រូវបានផ្តួចផ្តើមឡើងដោយក្លឹប BMW Motorcycle Club Cambodia និង សហព័ន្ធយានយន្តកម្ពុជា នឹងសហការរៀបចំដោយក្រុមហ៊ុន KHB Media Plc ក្រុមហ៊ុន Khmer Ads Zone និងក្រុមហ៊ុនទេសចរណ៍ All Dreams។
ក្នុងនោះក៏មានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមយានយន្តកម្ពុជា សហព័ន្ធកីឡាទោចក្រយានកម្ពុជា (CCF) សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ព្រមទាំង Think Plastic GREEN NATURAL WATER PURIFIRE សមាគមចុងភៅ និងសមាគមក្លឹបទេសចរណ៍សៀមរាប។
ជាមួយគ្នានោះ នៅក្នុងកម្មវិធីជួបជុំអ្នកស្រឡាញ់ម៉ូតូនេះ មានការចូលរួមឧបត្ថម្ភពី ម៉ាហ្វីយ៉ា រីស្សត, G.T.V.C, ក្រុមហ៊ុន Cellcard, ក្រុមហ៊ុន Golden Oasis Entertainment Co. Ltd.,ក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈ ប៊ុនថាំ, ក្រុមហ៊ុនប្រេងរំអិល BCP, ទឹកបរិសុទ្ធ SKH Premium Water និងភេសជ្ជៈប៉ូវកម្លាំង Boxing៕
☎ពត៌មានលម្អិតសូមទំនាក់ទំនង៖
►សម្រាប់ការកក់ស្តង់សូមទំនាក់ទំនង
● 070 996 006
●010 947 640
●060 815 515
►សម្រាប់ការឧបត្ថម្ភក្នុងព្រឹត្តិការណ៍
●098 500 800
●097 555 50 55
►សម្រាប់កីឡាករចុះឈ្មោះចូលរួមប្រគួត
●012 858 166