វគ្គបណ្តុះបណ្តាល«វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ» ជំនាន់ទី៤ ចាប់ទទួលពាក្យហើយ!

វគ្គបណ្តុះបណ្តាល«វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ» ជំនាន់ទី៤ ចាប់ទទួលពាក្យហើយ!
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលជំនាញ «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ» ជំនាន់ទី៤ នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី២៤ និង ២៩ ខែមិថុនា ខាងមុខនេះ  ដោយពាក្យស្នើសុំចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមទទួលចាប់ពីថ្ងែនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងពី សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលស្តីពី «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ»  នឹងផ្តល់នូវចំណេះដឹង បទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើន ទាក់ទងនឹង វិធីសាស្រ្តនៃការលក់ និងការផ្សព្វផ្សាយ (ទីផ្សារ) របស់ភ្នាក់ងារអចលនវត្ថុ, ការវិភាគ និងការព្យាករណ៍នៃទីផ្សារអចលនវត្ថុ, លក្ខខណ្ឌ និងនីតិវិធីស្នើសុំអាជ្ញាប័ណ្ណអាជីវកម្ម, កាតព្វកិច្ច និងក្រមសីលធម៌អ្នកកាន់វិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ។ វគ្គបណ្តុះបណ្តាលនេះ ក៏នឹងផ្តល់ឲ្យសិក្ខាកាមយល់ដឹងផងដែរ នូវប្រភេទទម្រង់នៃកម្មសិទ្ធិ សិទ្ធិប្រត្យក្សប្រើប្រាស់ និងអាស្រ័យផល និងប្រាតិភោគប្រត្យក្សលើអចលនវត្ថុ, លក្ខខណ្ឌគ្រឹះ និងលក្ខខណ្ឌទម្រង់នៃការបង្កើតកិច្ចសន្យា។   លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ KHB Media សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ» នេះចំនួន ៣ វគ្គរួចមកហើយ។ លោកបន្តថា នេះគឺជាវគ្គទី៤។ លោកសុខនីមលើកទឹកចិត្តឱ្យសាធារណជន ស្វែងយល់ពីវគ្គបណ្តុះបណ្តាលនេះ បើទោះជារៀន ដើម្បីយកជាអាជីពបង្កើតការវិនិយោគឬមិនបង្កើតការវិនិយោគក៏ដោយ ក៏ពួកគេយល់ដឹងអំពីបញ្ហាផ្លូវច្បាប់ យល់ដឹងអំពីរបៀបរបបបច្ចេកទេសប្លង់ យល់ដឹងពីការធ្វើវិនិយោគ និងធ្វើយ៉ាងណា ដើម្បីចំណេញប្រាក់លើការវិនិយោគអចលនទ្រព្យ។ លោកថា សម្រាប់អ្នក ដែលមានបំណងចង់ក្លាយជាអ្នកជំនាញក្នុងវិស័យអចលនវត្ថុ និងមិនទាន់ចូលរួម ដូច្នេះវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពី «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ» ជំនាន់ទី៤នេះ នឹងជួយឲ្យពួគគេទទួលបានចំណេះដឹង បទពិសោធ និងអត្ថប្រយោជន៍ជាច្រើន ទាក់ទងនឹងវិស័យ អចលនទ្រព្យ ។ លោក សុខនីមលើកឡើងថា៖«វគ្គបណ្តុះបណ្តាលនេះមានភាគីចំនួន៣ ចូលរួម គឺសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ (CVEA)  ជាអ្នកជួយគាំទ្រ គ្រូបច្ចេកទេស ដែលមានបទពិសោធនៅក្នុងវិស័យអចលនទ្រព្យនេះ បន្ទាប់មក (CVEA)  ចាប់ផ្តើមចងក្រងមេរៀនសម្រាប់បញ្ចូនទៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF)  ហើយសាលាបញ្ជូនទៅក្រសួងសេដ្ឋកិច្ច (MEF) ដោយពិនិត្យ និងកែសម្រួលឱ្យវគ្គនេះកាន់តែល្អ ដើម្បីឱ្យត្រូវនឹងបរិបទទីផ្សារ និងស្របតាមច្បាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ពេលវេលាសិក្សាចំនួនពីរវេនដែលអាចឲ្យសិក្ខាកាមជ្រើសរើសបាន គឺ ថ្នាក់ ចន្ទ-សុក្រ ចូលរៀនថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ និងវេនចុងសប្តាហ៍ពីថ្ងៃ សៅរ៍–អាទិត្យ ចូលរៀនថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩។ ទីតាំងសិក្សាស្ថិតនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគារលេខ៦៨ ផ្លូវ៥២៨ កែងផ្លូវ២៩១ សង្កាត់បឹងកក់១ ខណ្ឌទួកគោក រាជធានីភ្នំពេញ។ ព័ត៍មានទំនាក់ទំនង៖ ០៨៧ ៨០៣ ១៦៨/ ០២៣ ៨៨២ ៦១០/ ០១០ ៥១០ ២៥៩, អ៊ីមែល៖ [email protected]
អត្ថបទដោយ: Rath