ក្រុមហ៊ុនកម្ពុជា-កូរ៉េ ចាប់ដៃគ្នានាំចូលធ្នឹមទម្រ ផ្គត់ផ្គង់ទីផ្សារសំណង់នៅកម្ពុជា

ក្រុមហ៊ុនកម្ពុជា-កូរ៉េ ចាប់ដៃគ្នានាំចូលធ្នឹមទម្រ ផ្គត់ផ្គង់ទីផ្សារសំណង់នៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន AV Creative Asia ដែលជាក្រុមហ៊ុនឌីហ្សាញប្លង់ឈានមុខមួយនៅកម្ពុជា  បានសហការជាមួយក្រុមហ៊ុនរបស់កូរ៉េ   ដើម្បីនាំចូលសម្ភារបច្ចេកទេសធ្នឹមទម្រ ឬ កម្រាលខ័ណ្ឌម៉ាក Hory Beam មកផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) កាលពីថ្ងៃ ១៦ ខែឧសភាកន្លងទៅនេះ។ ធ្នឹមទម្រ Hory Beam ត្រូវបានបង្កើតឡើង ដើម្បីជំនួយដល់ដំណើរការសាងសង់ ដោយមុខងាររបស់វាជំនួសឲ្យទម្រក្តារពុម្ពលើអគារ ដោយមិនប្រើជើងទម្រពុម្ព។ វាជួយពន្លឿនការងារសាងសង់ និងមានស្តង់ដារ សុវត្ថិភាពខ្ពស់ បើធៀបទៅនឹងឧបករណ៍សំណង់ធម្មតា។ លោក មួន គឹមសៀង នាយកប្រតិបត្តិនៃក្រុមហ៊ុន AV Creative Asia បានប្រាប់ KHB Media ថាការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកូរ៉េ នឹងផ្តល់ឱកាសឲ្យក្រុមហ៊ុនលោកអាចបំពេញនូវរាល់តម្រូវការរបស់អតិថិជន ដែលកំពុងត្រូវការបរិក្ខារ ក្តារពុម្ព ធ្នឹមទម្រ ឬកម្រាលខ័ណ្ឌ។ លោកនាយកប្រតិបត្តិនៃក្រុមហ៊ុនឌីហ្សាញរូបនេះ បន្តថា៖« ដោយសារ តម្រូវការចេះតែកើនឡើង ទៅលើបរិក្ខារ ក្តារពុម្ព ធ្នឹមទម្រ ឬ កម្រាលខ័ណ្ឌ និងដោយមើលឃើញពីបញ្ហាប្រឈមមួយចំនួននៅក្នុងការដ្ឋានសាងសង់ ដែលប្រើប្រាស់ឈើ សម្រាប់ធ្វើជាជើងទម្រក្តារមកចាក់បេតុងនោះ ទើបយើងសហការជាមួយ Hory Korea ដើម្បីនាំចូលបរិក្ខារក្តារពុម្ព ធ្នឹមទម្រនេះមកកាន់កម្ពុជា»។ លោកគឹមសៀង បានលើកឡើងទៀតថា៖ «ខ្ញុំនឹងនាំយកអ្វីៗដែលល្អ ហើយលឿនចំណេញពេលវេលា ចំណេញពលកម្មឱ្យច្រើនជាងនេះ ទាក់ទងជាមួយនឹងក្តារពុម្ព និងដំណើរការងារជាច្រើនទៀត ដែលបានសហការជាមួយក្រុមហ៊ុន Hory Korea មកកាន់កម្ពុជា»។ លោក Shin Ji Hoon នាយកផ្នែកលក់ក្រៅប្រទេសនៃក្រុមហ៊ុន Hory Korea បានប្រាប់ KHB Media ថា ក្រុមហ៊ុន AV Creative Asia គឺជាក្រុមហ៊ុនដៃគូ ដែលមានសក្តានុពលនៅកម្ពុជា។ លោកបន្តថា ដោយសារកំណើនវិស័យសំណង់អគារ ខុនដូ លំនៅឋាន អគារពាណិជ្ជកម្ម មានរីកចម្រើនខ្លាំង  ដូច្នេះទើបលោក​និងថ្នាក់ដឹកនាំក្រុមហ៊ុនបានសម្រេចចិត្តសហការចាប់ជាដៃគូជាមួយក្រុមហ៊ុន AV Creative Asia ក្នុងការ​នាំចូលឧបករណ៍បច្ចេកទេសនេះមកកាន់កម្ពុជា។ លោកថា ឧបករណ៍បច្ចេកទេសធ្នឹមទម្រ គឺល្អបំផុតសម្រាប់ទីផ្សារសំណង់នៅកម្ពុជា។ លោក បន្តថា៖«ឧបករណ៍បច្ចេកទេសធ្នឹមទម្រ( Hory Beam) នឹងជួយកាត់បន្ថយកម្លាំងពលកម្មមនុស្សបានច្រើន។ ដូច្នេះ ខ្ញុំជឿជាក់ថា  ធ្នឹមទម្រនេះ ជួយសន្សំសំចៃពេលវេលា ថវិកា កម្លាំងពលកម្ម និងមានសុវត្ថិភាព»។ សូមបញ្ជាក់ថា ក្រុមហ៊ុន AV Creative Asia (Architect Visualization Creative Design) ជាក្រុមហ៊ុនឈានមុខគេតែមួយគត់ ដែលមានជំនាញផ្នែករចនាបែបច្នៃប្រឌិតខ្ពស់ ដោយបានផ្ដល់ទំនុកចិត្ត គុណភាព តម្លៃសមរម្យ សម្រាប់ការសាងសង់ និងសិក្សាប្លង់ ព្រមទាំងកែលម្អឱ្យកាន់តែទាន់សម័យ ស្របតាមបទដ្ឋានសម័យបច្ចេកវិទ្យា៕ បើសិនលោកអ្នកមានចំណាប់អារម្មណ៍ចង់ទិញដុំ និងរាយ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០១៥ ៧៧៧៧ ១១/០៩៧ ៧៧៧៧ ១៩៤ ។ -​​ ទំនាក់ទំនងទិញ Hory Beam៖ ​​​  Contact : Mr. KAN ​  Tel : 015 7777 11 / 097 7777 194
អត្ថបទដោយ: Rath