គ្រឿងសង្ហារឹមច្នៃពីឈើកិន កំពុងមានសន្ទុះទីផ្សារខ្លាំងនៅកម្ពុជា

គ្រឿងសង្ហារឹមច្នៃពីឈើកិន កំពុងមានសន្ទុះទីផ្សារខ្លាំងនៅកម្ពុជា
ភ្នំពេញ៖ គ្រឿងសង្ហារឹមដែលកែច្នៃពីឈើកិន កំពុងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់ប្រជាជនក្នុងស្រុក ស្របពេលដែលឈើប្រណិតកំពុងតែខ្សត់ខ្សោយនឹងមានតម្លៃថ្លៃ ។ លោក ដួង អក្ខរា អគ្គនាយក មជ្ឍមណ្ឌល ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស អេ (S A Solutions Co., Ltd) បានប្រាប់KHB Media ថាបច្ចប្បន្នមានក្រុមហ៊ុនក្នុងនឹងក្រៅស្រុកជាច្រើន បានវិនិយោគលើផ្នែកផ្គត់ផ្គង់គ្រឿងសង្ហារឹមធ្វើពីឈើកិននៅកម្ពុជា​។ លោកថាការប្រើប្រាស់សម្ភារៈច្នៃពីឈើកិន អាចជួយកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ លោក អក្ខរាថ្លែងថា៖ «ដើម្បីកាត់បន្ថយចំណាយខ្ពស់លើគ្រឿងសង្ហារឹម ម្ចាស់អាជីវកម្មជាច្រើនបានជ្រើសរើសឈើកិនសម្រាប់ធ្វើជាសម្ភារៈក្នុងការិយាល័យរបស់គេ ព្រោះវាផ្តល់ផលចំណេញជាច្រើនដូចជា អាចកម្មង់ទំនិញតម្រូវទៅតាមប្រភេទនៃទំហំទីតាំង ម៉ូត​ តម្លៃសមរម្យ និងការដឹកជញ្ជូនលឿន ជាងនេះទៅទៀត គឺសមស្របសម្រាប់តម្រូវការគ្រឿងសង្ហារឹមនៅកម្ពុជានាពេលបច្ចប្បន្ន»។   លោកអក្ខរាបានបន្ថែមថា​ សព្វថ្ងៃអតិថិជនងាកមកប្រើប្រាស់ឈើកិននៅកម្ពុជា មានការកើនឡើងខ្ពស់គួរឲកត់សម្គាល់។ លោកថាតួរលេខនៃការលក់របស់ក្រុមហ៊ុនលោក បានកើនឡើងពី20% ក្នុងឆ្នាំដំបូង រហូតដល់ ៨០% ក្នុងឆ្នាំបន្ទាប់ដោយក្នុង 1 ឆ្នាំ ការលក់អាចកើនឡើងប្រហែលជាបួនដង។ លោកបន្តថា ផលិតផលដែលក្រុមហ៊ុនរបស់លោក កំពុងផ្គត់ផ្គង់​លើទីផ្សារសព្វថ្ងៃរួមមានដូចជា កៅអី តុការិយាល័យ ផ្ទះបាយ ទូដាក់ចាន គ្រែជាមួយសាឡុង តុប្រជុំ និងទូផ្ទុកឯកសារក្នុងការិយាល័យជាដើម។​ លោកអក្ខរាបន្ថែមថា ឈើកិនត្រូវបានច្នៃចេញពីបំណែកឈើខ្លឹម នឹងកាកសំណល់ឈើ 82 %យកទៅកិន លាយជាមួយនឹងវត្ថុធាតុដើមដូចជា កៅស៊ូ ក្រមួន អ៊ុតជាមួយ មេឡាមីន(Melamine) ក្លាយជាប្រភេទឈើ អឹម ឌី អេស(MDF)ដែលមានដង់សុីតេនិងសម្ពាធខ្ពស់ ដើម្បីអោយបន្ទះឈើមានការការពារជ្រាបទឹកបានល្អ កម្រាស់សាច់ឈើក្រាស់ នឺងគុណភាពខ្ពស់អាចរក្សាទុកបានរហូតដល់១០ទៅ២០ឆ្នាំ មិនចាញ់ឈើប្រណិតឡើយ។ លោកថា នេះគឺជាបច្ចេកវិទ្យាចុងក្រោយមកពីប្រទេសអាល្លឺមង់នឹងជប៉ុន។ លោក ដួង អក្ខរា អគ្គនាយក មជ្ឍមណ្ឌល ផ្គត់ផ្គង់គ្រឿងសង្ហារឹម អេស អេ (S A Solutions Co., Ltd) ដោយឡែក លោក លោក អ៊ិត ដារ៉ា អ្នកគ្រប់គ្រង ក្រុមហ៊ុន Phal Sovan Décor Co., Ltd បានលើកឡើងថា វិនិយោគិនមួយចំនួនកំពុងតែផ្តោតលើ គ្រឿងសង្ហារឹម ធ្វើឡើងដោយ ក្តារបន្ទះ(ឈើកិន)ផងដែរ ពីព្រោះវាមានតម្លៃធូរថ្លៃ មានភាពជាប់រឹងមាំមិនចាញ់ឈើប្រណិត នឹងមិនធ្វើអោយប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់។ លោក ដារ៉ាបន្តថា៖« នៅថ្ងៃអនាគតទីផ្សារ នាំចេញនាំចូលគ្រឿងសង្ហារឹមនៅកម្ពុជានឹងកាន់តែរីកចម្រើន ព្រោះគម្រោងវិនិយោគអគារធំៗនឹងរីកដុះដាល់ជាបន្តបន្ទាប់ ការផ្គត់ផ្គង់គ្រឿងសង្ហារឹមគឺជាផ្នែកមួយដែលមិនអាចខ្វះបាន»។ ប៉ុន្តែ លោក​ដារ៉ាថា អតិថិជនក្នុងស្រុកភាគច្រើន នៅតែចាប់អារម្មណ៏ ផលិតផលដែលបានផលិតក្នុងស្រុក ជាពិសេស ប្រភេទគ្រឿងសង្ហារឹមរចនាបទបែបខ្មែរបុរាណ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាឈើក្រញ៉ូង បេង នាងនួន ជាដើម។  លោកយល់ថាទំនោរប្រជាជនកម្ពុជាចូលចិត្តប្រើប្រាស់ផលិតផលកែច្នៃដោយអ្នកផលិតក្នុងស្រុក ។ ទិន្នន័យរបស់អង្គការ​ពាណិជ្ជកម្មពិភពលោក​បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជា​ បាននាំចូលសម្ភារៈគ្រឿងសង្ហារឹមគ្រប់ប្រភេទ​សរុបជាទឹកប្រាក់ប្រមាណជាង ១,៨ ពាន់លានដុល្លារអាមេរិក។ ទីផ្សារគ្រឿងសង្ហារឹមក្នុងប្រទេសកម្ពុជា កំពុងតែមានការរីកលូតលាស់ខ្លាំង និងមានក្រុមហ៊ុនជាច្រើនបានវិនិយោគទៅលើវិស័យគ្រឿងសង្ហារឹម នឹងសម្ភារៈសំណង់ផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជា៕     Image result for mdf wood furniture  
អត្ថបទដោយ: Panha