កំពង់ស្ពឺនឹងមាន​គម្រោងវិនិយោគតម្លៃ ៥០០លានដុល្លារក្នុងពេលឆាប់ៗនេះ

កំពង់ស្ពឺនឹងមាន​គម្រោងវិនិយោគតម្លៃ ៥០០លានដុល្លារក្នុងពេលឆាប់ៗនេះ
ភ្នំពេញ៖ ក្រុមហ៊ុន ចូហ្គ្រេន អេកូអ៉ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co., LTD) គ្រោងដាក់សំណើរសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីវិនិយោគតំបន់ទេសចរណ៍ធម្មជាតិមួយ តម្លៃ៥០០លានដុល្លារ លើផ្ទៃដីសរុប ២០៥ ហិកតានៅខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ KHB Media តាមទូរសព្ទនៅថ្ងៃទី១០ ខែឧសភានេះថា អាជ្ញាធរថ្នាក់ខេត្តស្រុកឃុំបានគាំទ្ររួចរាល់អស់ហើយចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនចូហ្គ្រេន អេកូអ៉ិនវេសម៉ិន ឯ.ក។ កិច្ចការបន្តក្រុមហ៊ុននេះ ត្រូវស្នើសុំច្បាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមុននឹងដំណើរវិនិយោគរបស់ខ្លួន។ ឯកឧត្តម វ៉ី សំណាងបានបញ្ជាក់ថា៖«អ្វីដែលយើងចាប់អារម្មណ៍នៃគម្រោងនេះគឺក្រុមហ៊ុនបានទិញដីរួចហើយ  អ៊ីចឹងនៅពេលគាត់បានការគាំទ្រពីអាជ្ញាធរដែនដីថ្នាក់ក្រោមទៅ គាត់នឹងដាក់ទៅស៊ីឌីស៊ី សុំការគាំទ្រពីរាជរដ្ឋាភិបាល»។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង បានដឹកនាំកិច្ចប្រជុំគាំទ្រលើគម្រោងវិនិយោគតំបន់ទេសចរណ៍ធម្មជាតិ មណ្ឌលកម្សាន្ត សួនកម្សាន្ត សួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ រមណីយដ្ឋាន និង សណ្ឋាគារ ដែលស្ថិតនៅ ឃុំមហាសាំង ស្រុកភ្នំស្រួច និង ឃុំកាហែង ស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺក្រោមគម្រោងវិនិយោគរបស់ក្រុមហ៊ុនចូហ្គ្រេន អេកូអ៉ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co., LTD) ដែលគម្រោងនេះ ចំណាយថវិការប្រមាណ ៥០០លាន ដុល្លារអាមេរិក លើផ្ទៃដីសរុប ២០៥ហិកតា ។ ប៉ុន្តែ  ឯកឧត្តម វ៉ី សំណាង មិនអាចបញ្ជាក់បានទេថា គម្រោងវិនិយោគនេះចាប់ផ្តើមនៅថ្ងៃខែណាទេ ដរាបណា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនទាន់យល់ព្រមសំណើរសុំវិនិយោគទេនោះ។ ប៉ុន្តែលោក មានសុទិដ្ឋិនិយមថា អាចនឹងដំណើរបានក្នុងពេលឆាប់ៗនេះ ព្រោះក្រុមហ៊ុនមានដី មានទីតាំងស្រាប់ ហើយទទួលបានការគាំទ្រពីមូលដ្ឋានគ្រប់ផ្នែករួចជាស្រេច៕
អត្ថបទដោយ: Sereyrath