CVEA កំពុងជំរុញដល់វិនិយោគិនអាចបង្កើនប្រាក់ចំណេញខ្ពស់ក្នុងវិស័យអចលនទ្រព្យ
ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីវិស័យអចលនវត្ថុនៅកម្ពុជា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំវេទិកាស្តីអំពី “ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់” សម្រាប់អ្នកវិនិយោគលើវិស័យនេះ ប្រកបដោយជោគជ័យ។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំកម្មវិធីនេះឡើង គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីវិស័យអចលនវត្ថុ និងចូលរួមក្នុងការផ្សព្វផ្សាយដល់សាធារណៈជនទូទៅ ឱ្យបានយល់ដឹងកាន់តែទូលំទូលាយពីវិស័យអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
វាគ្មិនចំនួន ៤ រូប ដែលមានបទពិសោធន៍លើវិស័យនេះ រួមមាន លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Housing Real Estate Co.,Ltd លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate o.,Ltd លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ព្រមទាំង លោក យិន លាងគង់ អគ្គនាយកគេហទំព័រ www.propertyarea.asia ដែលជាអ្នកសម្របសម្រួលក្នុងវេទិកានេះផងដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា វាជាវេទិកាចែករំលែកនូវបទពិសោធន៍ពីបណ្តាអ្នកជំនាញ ដែលទទួលបានជោគជ័យនៅក្នុងវិស័យមួយនេះ។ វាក៏ចូលរួមពង្រឹងគុណភាពនៃការវាយតម្លៃអចលនទ្រព្យ និងការសម្រេចចិត្តមុនពេលវិនិយោគផងដែរ។ ម្យ៉ាវិញទៀត វេទិកានេះ ក៏បានផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ លើកឡើងនូវចម្ងល់របស់ខ្លួនពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យ ដើម្បីទទួលបានព័ត៌មានបន្ថែម ក៏ដូចជាចំណេះដឹងបន្ថែមសម្រាប់ការអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួនប្រចាំថ្ងៃផងដែរ។
សូមជម្រាបថា វេទិកាស្តីអំពី “ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់” នេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមប្រមាណ ៣៥០នាក់ មកពីក្រុមហ៊ុន ភ្នាក់ងារអ្នកវាយតម្លៃ អ្នកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា៕