សួនច្បារទាំង ៧ ដែលស្រស់ស្អាតជាងគេនៅលើពិភពលោក

ពិភពលោក៖ ការរចនាទេសភាពជាផ្នែកសំខាន់មួយ នៃវិស័យស្ថាបត្យកម្ម ដែលអាចជួយជំរុញឲ្យ ទីកន្លែងមួយមានសម្រស់កាន់តែស្អាតនឹងទាក់ទាញ។ ស្ថាបត្យករជុំវិញពិភពលោកបានរចនាសួនច្បារប្លែកៗជាច្រើន ដើម្បីបង្កើនសោភណ្ឌភាពដល់ទីកន្លែងផ្សេងៗគ្នានៅជុំវិញពិភពលោក។ ថ្ងៃនេះ KHB Media សូមលើកយកសួនច្បារចំនួន ៧ ដែលផ្ដល់ចំណាត់ថ្នាក់ដោយគេហទំព័រ The Mysterious World ថាជាសួនច្បារស្រស់ស្អាតជាងគេនៅក្នុងពិភពលោក ៖
១. សួនKeukenhof (ប្រទេសហូឡង់)
Keukenhof គឺជាសួនផ្កាធំបំផុតនៅក្នុងពិភពលោក ដែលគ្របដណ្ដប់ផ្ទៃដី ៣២ ហិកតា មានផ្លូវដើរប្រវែង ១៥គីឡូម៉ែត្រ និងជាជម្រកសម្រាប់ដើមផ្កា ៧ លានដើម។ សួនច្បារនេះ ស្ថិតនៅក្នុងទីក្រុង Lisse ភាគខាងលិចប្រទេសហូឡង់។ កាលណាបើ គេនិយាយពីសួនច្បារនៅក្នុងទ្វីបអឺរ៉ុប គេតែងតែនឹកឃើញដល់សួន Keukenhof នេះមុនគេ។
២. សួនច្បារក្រុង Versailles (ប្រទេសបារាំង)
សួនVersailles គឺជាសួនច្បារមួយក្នុងចំណោមសួនច្បារ ស្រស់ស្អាត និង ធំជាងគេនានាក្នុងលោក។ សួននេះមានទំហំ ៨០០ហិកតា គឺជាគំរូដ៏ល្បីល្បាញមួយនៃការរចនាសួនច្បាររបស់ប្រទេសបារាំង។ ក្នុងសួននេះមានដីសម្រាប់ដាំដើមឈើទំហំ៣០០ហិកតា ប្រឡាយទឹកប្រវែង ៣៥គីឡូម៉ែត្រ ទឹកផុសចំនួន ៦០០កន្លែង និងរូបចម្លាក់ចំនួន ៣៧២។ ទីនេះ ជាបណ្ដុំនៃរុក្ខជាតិប្រមាណជាង ២សែនដើម និងផ្កា ២១ម៉ឺនដើម។
៣. សួនច្បារChateau de Villandry (ប្រទេសបារាំង)
Chateau de Villandry ជាសួនដ៏ស្រស់ស្អាតមួយក្នុងក្រុងIndre-et-Loire ប្រទេសបារាំង។ សួននេះបែងចែកជាសួនតូចៗចំនួន ៦ សម្រាប់ដាំដុះរុក្ខជាតិ និងផ្កាចម្រុះ។ ហើយសួនផ្កានីមួយៗត្រូវបានរចនាជារាងធរណីមាត្រប្លែងៗ ដូចជា ការ៉េ ចតុកោណស្មើ និង រង្វង់ជាដើម។
៤. រុក្ខឧទ្យានNong Nooch (ប្រទេសថៃ)
សួនច្បារនងណុច (Nong Nooch) គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ សួននេះមានទំហំ 200 ហិកតា ជាបណ្ដុំនៃដើមផ្ការាប់ម៉ឺនដើម ដែលស្មើនឹង ៦៧០ប្រភេទ។ ក្នុងសួននេះមានផ្លូវថ្មើជើងប្រវែង ១,១គីឡូម៉ែត្រ។
៥. សួនច្បារ Butchart (កាណាដា)
សួន Butchart ជាសួនច្បារដ៏ល្បីល្បាយមួយ របស់ពិភពលោក និងជាសួនប្រវត្ដិសាស្ដ្រជាតិ របស់ប្រទេសកាណាដា ដែលស្ថិតនៅក្នុងច្រកBrentwood នៃរដ្ឋ British Columbia។ ទីនេះជាកន្លែងដែលមានដាំផ្កាជាច្រើនប្រភេទ និងមានស្រះទឺកធំមួយក្នុងនោះ។ សួនច្បារនេះត្រូវបានរចនាឡើងដោយស្ថាបត្យកររចនាទេសភាព Robert Pim Butchart និងភរិយារបស់គាត់ឈ្មោះ ជេននី ប៊ូឆាត (Jennie Butchart ) ដោយចំណាយពេល១២ឆ្នាំ។
៦. ឧទ្យានRoyal Botanic (ប្រទេសអង់គ្លេស)
សួនច្បាររុក្ខជាតិដ៏គួរឲ្យចាប់អារម្មណ៍នេះ ស្ថិតនៅក្នុងសង្កាត់ Kew ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងមានទំហំដី ៣២៦ហិចតា។ នៅទីនោះមាន រុក្ខជាតិជាង ៥0.000 ប្រភេទផ្សេងៗគ្នា។ សួនប្រវត្តិសាស្ត្រនេះ ក៏ជាតំបន់បេតិកភណ្ឌពិភពលោកផងដែរ។ ក្រៅពីសួនច្បារដ៏ស្រស់ស្អាត ក៏មានសាលវិចិត្រសិល្បៈ ផ្ទះបៃតង អគារពិសេស និងតំបន់កម្សាន្តផងដែរ។
៧. សួនGiardini Botanici Villa (ប្រទេសតាលី)
សួនVilla Taranto ស្ថិតនៅក្នុងតំបន់ Piedmont ភាគពាយព្យនៃប្រទេសអ៊ីតាលី។ មានទំហំសួនច្បារនេះ បានរួមចំណែកការពារពូជរុក្ខជាតិប្រហែល ២០.០០០ ប្រភេទ។ សួននេះក៏មានរូបសំណាករចនាបថអ៊ីតាលី ទីវាល ទឹកធ្លាក់ អណ្តូងទឹក និងស្រះទឹក។
ប្រភព៖ themysteriousworld.com
អត្ថបទដោយ:
Vasna






