គម្រោងលំនៅឋានមានតម្លៃប្រមាណ ១០ លានដុល្លារ ត្រូវបានទិញ-លក់ក្នងពិព័រណ៌លំនៅឋាន ២០១៩

គម្រោងលំនៅឋានមានតម្លៃប្រមាណ ១០ លានដុល្លារ ត្រូវបានទិញ-លក់ក្នងពិព័រណ៌លំនៅឋាន ២០១៩
ភ្នំពេញ៖ ការទិញលក់អចលនទ្រព្យនៅនឹងកន្លែង ក្នុងពិព័រណ៌លំនៅឋាន Home & Lifestyle 2019  រយៈពេលពីរថ្ងៃនៅសាលសន្និសីទ និងពិព័រណ៌កោះពេជ្រ កាលពីចុងខែមេសាកន្លងទៅនេះ មានប្រមាណ ១០លានដុល្លារអាមេរិក។ លោក Tom O'Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh ដែលជាអ្នករៀបចំពិព័រណ៌នេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យបំផុតដោយមានអ្នកទស្សនាជាង ២០.០០០ នាក់។ លោកថា អ្នកចូលរួមប្រហែលពាក់កណ្តាលគឺជាប្រជាជនក្នុងស្រុក ដោយឡែក អ្នកចូលរួមផ្សេងៗទៀតភាគច្រើនគឺជនជាតិចិន រួមជាមួយនឹងទេសចរអន្តរជាតិជាច្រើនផ្សេងទៀតផងដែរ។ លោក O'Sullivan ថា៖​«ពិព័រណ៌លំនៅឋាន Home & Lifestyle 2019 ពីរថ្ងៃនេះ ការទិញលក់អចលនទ្រព្យនៅនឹងកន្លែងមានចំនួនប្រមាណ ១០លានដុល្លារអាមេរិក»។  លោកក៏បានឲ្យដឹងដែរថា ការលក់ លំនៅដ្ឋានអារ៉ាតា ហ្គាដិន រ៉េស៊ីដិន ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន Creed Group ក៏ទទួលបានការចាប់អាម្មណ៍ច្រើនដែរ។ អារ៉ាតាបានលក់លំនៅដ្ឋានអស់ចំនួន ១២ យូនីត ដែលក្នុងមួយយូនីតមានតម្លៃជាមធ្យមក្រោម ១០០.០០០ ដុល្លារ ។ ក្នុងនោះផងដែរ ក្រុមហ៊ុន Top International Agent បានចុះហត្ថលេខាលើការលក់ចំនួន ៨ យូនីត នៅក្នុងពិព័រណ៍នេះ ដែលមានតម្លៃសរុបជាង ៦០.០០០ ដុល្លារ។ គម្រោង Worldbridge Homes ក៏បានទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ នៅក្នុងអំឡុងពេល ពិព័រណ៍នេះ។ គម្រោងនេះលក់បានចំនួន ៩ យូនីត ដែលមានតម្លៃជាង ២៥០.០០០ ។ ភ្នាក់ងារអចលនទ្រព្យ Pointer Property លក់បានចំនួន ៤​ យូនីត ដែលមានតម្លៃប្រហែលជា ៧០.០០០ ដុល្លារក្នុងមួយយូនីត និង គម្រោង 7 Residence  លក់បាន ១ យូនីត ដែលមានតម្លៃ ៥០០.០០០ ដុល្លារ។   លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ KHB Media តាមរយៈទូរស័ព្ទថា ពិព័រណ៍នេះ គឺជាការប្រមូលផ្តុំបង្ហាញផលិតផលរបស់ក្រុមហ៊ុននិងជាទីផ្សារលក់រយៈពេលខ្លី រវាងអ្នកលក់ និងអ្នកទិញ។  ​លោកសុខនីមបន្តថា៖«នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី ត្រូវតែមានការប្រកួតប្រជែងគ្នា សំខាន់យើងត្រូវពង្រឹងគុណភាព ផ្តល់សេវាកម្មឱ្យល្អ ដើម្បីផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់។ ជាធម្មតា នៅពេលមានអ្នកអភិវឌ្ឍន៍គម្រោងលំនៅឋានច្រើន អ្នកប្រើប្រាស់ក៏មានជម្រើសច្រើនដែរ»។ លោកថាទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវតែមានភាពរឹងមាំ ព្រោះមិនមានអ្វីជាឧបសកគ្គធំនោះទេ សម្រាប់វិស័យនេះ។ តាមទិន្នន័យរបស់ Realestate.com.kh បង្ហាញថា ពិព័រណ៍​លំនៅឋាន​កម្ពុជា​ឆ្នាំ ២០១៩ ដែលបានប្រព្រឹត្តទៅកាល​ពីថ្ងៃ​ទី​២៦ និង​២៧ ខែមេសា ឆ្នាំ​២០១៩ នៅសាលសន្និសីទ និងពិព័រណ៌កោះពេជ្ររមានអ្នកទស្សនាជាង ២០.០០០ នាក់។ ពិព័រណ៍លំនៅឋានកម្ពុជាឆ្នាំ២០១៩ ត្រូវបានរៀបចំដោយក្រុមហ៊ុន គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រ ផ្សព្វផ្សាយ​អចលនទ្រព្យ​លេខ១ នៅកម្ពុជា។ ក្នុងព្រឹត្តិការណ៍នេះដែរ មានក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក និងបរទេស ប្រមាណ ១០០ ដែលបានចូលរួមតាំងបង្ហាញគម្រោងអភិវឌ្ឍន៍នានា រួមមាន គម្រោងអភិវឌ្ឍន៍បុរី គម្រោងខុនដូ គម្រោងដីឡូតិ៍ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនច្បាប់ ធនាគារ ក្រុមហ៊ុនសំណង់ និងស្ថាបត្យកម្ម៕            
អត្ថបទដោយ: Rath