ក្រុមហ៊ុនស្ថាបត្យកម្មរបស់ម៉ាឡាវី បង្ហាញគំរោងសាងសង់សាលារៀនមួយពីចំបើង

ក្រុមហ៊ុនស្ថាបត្យកម្មរបស់ម៉ាឡាវី បង្ហាញគំរោងសាងសង់សាលារៀនមួយពីចំបើង
អាហ្វ្រិក៖ ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះរបស់អាហ្រ្វិក NUDES កាលពីពេលថ្មីៗនេះបានបង្ហាញប្លង់នៃអនុវិទ្យាល័យមួយ ដែលខ្លួនបានដាក់ស្នើសម្រាប់សាងសង់ក្នុងប្រទេសម៉ាឡាវី ស្ថិតនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។ ការសាងសង់សាលារៀននេះ នឹងត្រូវប្រើប្រាស់បណ្ដុំនៃចំបើងសម្រាប់ធ្វើជាដំបូល និងជញ្ជាំង។ បើតាមគំរូដែលក្រុមហ៊ុនបានបង្ហាញ អគារនៃសាលរៀននឹងត្រូវសាងសង់ជាជម្រាលថ្នាក់ៗ ដូចកាំជណ្ដើរ ដែលផ្គុំបានជាដំបូល និងជញ្ជាំងតែម្ដង។ ជម្រាលជណ្ដើរ មានលក្ខណៈទេរ ដែលបង្កើតបានជាផ្ទៃខាងក្នុងដ៏ទូលាយ សម្រាប់ជាកន្លែង សិក្សា ធ្វើសិក្ខាសាលា និងធ្វើសកម្មភាពច្នៃប្រឌិតនានា។ ចំបើងជាច្រើននឹងត្រូវបានផ្ដុំគ្នា ជាដុំៗដើម្បីយកមកពាលលើឈើ ដែលជាមេជញ្ជាំងនិងមេដំបូល ដើម្បីបិទបាំងការជ្រាបចូលនៃពន្លឺថ្ងៃ និងទឹកភ្ញៀង។ មូលហេតុដែលគេប្រើប្រាស់ចំបើង ជាសមាសធាតុដ៏សំខាន់ ក៏ព្រោះតែវាជាបច្ចេកទេសមួយ ដែលអាចរួមចំណែកក្នុងការថែរក្សាស្ថេរភាពនៃបរិស្ថាន ក៏ដូចជាគាំទ្រដល់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។ ម៉្យាងទៀត នៅក្នុងប្រទេសម៉ាឡាវី កម្រនឹងមានភ្ញៀងធ្លាក់ណាស់ ដូច្នេះ គេមិនបារម្មណ៍ថាទឹកភ្ញៀងនឹងជ្រាបចូលក្នុងអគារដោយសារដំបូលចំបើងឡើយ ហើយបើទោះជាមានភ្លៀងមែន ក៏ជម្រាលដូចជណ្ដើរនៃអគារសាលានេះ អាចឲ្យទឹកហូរបានយ៉ាងលឿនដែរ។ ក្នុងគម្រោងនេះ ក៏មានផងដែរនូវ ថ្នាក់រៀនបរិស្ថាន ការិយាល័យរដ្ឋបាល និងមជ្ឈមណ្ឌលឯកសារសម្រាប់សិស្សដូចជា បន្ទប់កុំព្យូទ័រ បណ្ណាល័យ និងបន្ទប់ស្រាវជ្រាវជាដើម។ លើសពីនេះសាលាក៏មាន អគារប្រើប្រាស់ចម្រុះ និងបន្ទប់ស្នាក់នៅសម្រាប់គ្រូ និងសិស្សទៀតផង៕
អត្ថបទដោយ: Vasna