ថៃសម្លឹងមើលការវិនិយោគសង់រោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអែរ

ថៃសម្លឹងមើលការវិនិយោគសង់រោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអែរ
ប្រទេសថៃ៖ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត៍ កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩ បានឱ្យដឹងថា អាជ្ញា​​ធរផ្គត់ផ្គង់អគ្គីសនីរបស់ថៃ ជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរប្រទេសថៃ កំពុងបង្កើតក្រុមមួយដើម្បីធ្វើការសិក្សាទៅលើការសាងសង់ម៉ាស៊ីនគំរូសម្រាប់ផលិតថាមពលអគ្គីសនីពីប្រតិកម្មនុយក្លេអែរ។ ម៉ាស៊ីនគំរូនេះ ជាប្រភេទរោងចក្រនុយក្លេអែរ តូកាម៉ាក់ (tokamak) ដែលមានតម្លៃវិនិយោគប្រមាណ ៥០០​លាន​បាត (១៥,៦៧លានដុល្លារ)។ អាជ្ញាធរផ្គត់ផ្គង់អគ្គីសនីរបស់ថៃ គ្រោងនឹងចំណាយជាង ៧លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍគម្រោងនេះ។ អនុប្រធានផ្នែកគោលនយោបាយនៃអាជ្ញាធរផ្គត់ផ្គង់អគ្គីសនីថៃ លោក Patana Sangsriroujana បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គម្រោងសាងសង់ម៉ាស៊ីនគំរូប្រភេទតូកាម៉ាក់នេះនឹងត្រូវអភិវឌ្ឍរួចរាល់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ទាំងអាជ្ញាធរផ្គត់ផ្គង់អគ្គីសនី និងវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរថៃ សុទ្ធតែចង់បញ្ចប់ជំហានដំបូងរបស់ខ្លួនតាមរយៈការសាកល្បង​បច្ចេកវិទ្យាប្លាស្មា (Plasma) ជាមុនសិន មុនឈានដល់ការផលិតថាមពលពីប្រតិកម្មនុយក្លអែរនៅឆ្នាំបន្ទាប់។ Image result for Thai nuclear plan ការសាកល្បងនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយមានការចូលរួមពីមជ្ឈមណ្ឌលពិសោធន៍ថាមពលនុយក្លេអែរអន្តរជាតិ (ITER) ដែលជាភ្នាក់ងារស្រាវជ្រាវគម្រោងថាមពលនុយក្លេអែរធំជាងគេក្នុងពិភពលោក និងធ្លាប់បានសហការជាមួយប្រទេសជាច្រើនដូចជា ចិន ជប៉ុន កូរ៉េ ខាងត្បូង រុស្សី សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ តាមពិតទៅរដ្ឋាភិបាលថៃ​ បានបញ្ចូលគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតអគ្គីសនីពីប្រតិកម្មនុយក្លេអែរក្នុងគោលនយោបាយថាមពលជាតិ ជាច្រើនឆ្នាំមកហើយ ប៉ុន្តែបន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអែរបានកើតឡើងក្នុងប្រទេសមួយចំនួនមក ការផលិតថាមពលនុយក្លេអែរក៏លែងត្រូវបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍថ្នាក់ជាតិទៀត។ ទើបតែឆ្នាំនេះ​ ដែលគម្រោងថាមពលនុយក្លេអែរ ត្រូវបានទម្លាយឡើងដោយអាជ្ញាធរផ្គត់ផ្គង់អគ្គីសនីទៅវិញ។ គួររំលឹកថា ការសាងសង់រោងចក្រផលិតអគ្គីសនីដើរដោយថាមពលនុយក្លេអែរ ទាមទារឱ្យមានជាចាំបាច់នូវការចំណាយខ្ពស់ លើបច្ចេកវិទ្យាទំនើប និងអ្នកជំនាញច្បាស់លាស់។ ថាមពលនុយក្លេអែរនឹងមានតម្លៃថោក បើប្រៀបធៀបនឹងការប្រើប្រាស់ឥន្ធនៈ ឬធ្យូងថ្ម ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ផងដែរ បើគ្មានការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ៕ Image result for Thai Authority generate electricityប្រភព៖ bangkokpost.com
អត្ថបទដោយ: Vasna