ផ្លូវរថភ្លើងក្រោមដីដំបូងរបស់វៀតណាម គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០

វៀតណាម៖ បន្ទាប់ពីជួបវិបត្តិថវិកា ដែលធ្វើឱ្យក្រុមហ៊ុនជប៉ុនស្ទើរតែបញ្ឈប់ការសាងសង់របស់ខ្លួនទៅហើយនោះឥឡូវនេះផ្លូវរថភ្លើងក្រោមដីដំបូងគេរបស់ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម កំពុងត្រូវបានសាងសង់ជិតរួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារត្រួតពិនិត្យការសាងសង់នៃទីក្រុងហូជីមិញទៅកាន់សារព័ត៌មាន Vietnam Express កាលពីពេលថ្មីៗនេះ។
លោក Duong Huu Hoa ប្រធានអាជ្ញាធរគ្រប់គ្រងផ្លូវដែកក្រុងហូជីមិញបានលើកឡើងថា ពេលនេះ ការស្ថាបនាផ្លូវដែកក្រោមដី សម្រេចបានប្រមាណ ៨០% ហើយ។ ការសាងសង់នឹងត្រូវបញ្ចប់ទាំងស្រុងក្នុងឆ្នាំ ២០២០ ហើយនៅដើមឆ្នាំ ២០២១ រថភ្លើងក្រោមដីនេះនឹងចាប់ផ្ដើមដំណើរការ។
រថភ្លើងក្រោមដីនេះ ជាគម្រោងសាងសង់របស់ទីក្រុងហូជីមិញ ដែលមានជំនួយពីភ្នាក់ងារជប៉ុនសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រមាណ ៦២% នៃការចំណាយសរុប។ ខ្សែរថភ្លើងក្រោមដីនេះមានប្រវែង ២០គីឡូម៉ែត្រ ដែលតភ្ជាប់ខណ្ឌ Ben Thanh ទៅកាន់ខណ្ឌ SuoiTien ឆ្លងកាត់ខណ្ឌមួយចំនួននៃក្រុងហូជីមិញ និងស្រុកមួយនៃខេត្ត BinhDuong ផងដែរ។
ចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ២០១២ ផ្លូវរថភ្លើងក្រោមដីនេះ ត្រូវបានគេរំពឹងថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ ២០១៧ ប៉ុន្តែក៏ត្រូវបានពន្យារពេលទៅវិញ ព្រោះជួបបញ្ហាខ្វះថវិកា។ មកដល់ឆ្នាំ ២០១៨ អាជ្ញាធរក្រុងហូជីមិញ បានស្នើរសុំទៅនាយករដ្ឋមន្រ្តីវៀតណាម នូវថវិការប្រមាណ ៩២លានដុល្លារ បន្ថែមទៀត ដើម្បីបង់ថ្លៃសាងសង់ដល់ក្រុមហ៊ុនជប៉ុន។ ដើម្បីបញ្ចប់គម្រោងទាំងមូល រដ្ឋាភិបាលវៀតណាម បានអនុម័តបង្កើនថវិកាចំណាយសរុបពី ៧៤៧,៦លានដុល្លារ ទៅ២.០០០លានដុល្លារ កាលពីខែ មករា ឆ្នាំ ២០១៩។
គេរំពឹងថា បន្ទាប់ពីបើកដំណើរការនៅក្នុងឆ្នាំ ២០២១ ផ្លូវរថភ្លើងក្រោមដីនេះនឹងអាចរួមចំណែកដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងទីក្រុងហូជីមិញ ដែលមានប្រជាជនរស់នៅប្រមាណ ១៣លាននាក់ ជាមួយនឹងកំណើនយ៉ាងគំហុកនៃយានជំនិះលើដងផ្លូវ៕
ប្រភព៖ e.vnexpress.net
អត្ថបទដោយ:
Vasna


