រោងចក្រផលិតសាច់មាន់ស្តង់ដាអន្តរជាតិដំបូងបើកដំណើរការនៅខេត្តកំពត

រោងចក្រផលិតសាច់មាន់ស្តង់ដាអន្តរជាតិដំបូងបើកដំណើរការនៅខេត្តកំពត
ភ្នំពេញ៖ រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងខេត្តកំពត កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុន 3PLe Farm Co., Ltd ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤១ ភូមិឈើទាល ឃុំជម្ពូរវ័ន្ត ស្រុកជុំគិរី ខេត្តកំពត។ ក្រុមហ៊ុន 3PLe Farm Co., Ltd ជាក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណ និងសត្តឃាតដ្ឋាន ពីក្រ​សួងពាណិជ្ជកម្ម។ បច្ចុប្បន្នក្រុមហ៊ុននេះ មានកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលមានទ្រុងចំនួន៦ មានសម​ត្ថភាពផ្ទុកមាន់បានចំនួន ៣៥.០០០ក្បាល ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៨ហិកតា ស្ថិតនៅភូមិព្រៃត្នោត ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ក្រុមហ៊ុននេះគ្រោងនឹងកសាងកសិដ្ឋានមួយបន្ថែមទៀត នៅចុងឆ្នាំ ២០១៩។ រោងចក្រកែច្នៃ វេចខ្ចប់សាច់មាន់នេះ មានសមត្ថភាពផលិតសាច់មាន់រហូតដល់ ១.៥០០ក្បាល ក្នុងមួយម៉ោង ហើយអគារនេះមានទំហំ ៣.០០០ម៉ែត្រក្រឡា ស្ថិតនៅលើផ្ទៃដីទំហំ ២ហិកតា ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ លោក អ៊ុន ប៊ុនថុល នាយកប្រតិបត្តិ ក្រុមហ៊ុន 3PLe Farm Co., Ltd បានឱ្យដឹងថា រោងចក្រនេះទទួលបានការគាំទ្រយ៉ាងពេញលេញពីដៃគូរអុឺរ៉ុប និងអាស៊ី ទាំងបច្ចេកទេស និងការគ្រប់គ្រងដោយមានក្រុមអ្នកពិគ្រោះយោ​បល់​ផ្នែកផលិតម្ហូបអាហារជាន់ខ្ពស់ជួយជ្រោមជ្រែង។ គ្រឿងចក្រ និងឧបករណ៍កែច្នៃទាំងអស់គឺ ជាបច្ចេក​វិទ្យាចុងក្រោយបំផុត មកពីប្រទេសដាណឺម៉ាក ជាខ្សែចង្វាក់ល្អទី២ នៅក្នុងពិភពលោក និងជាលើកទី១ នៅអាស៊ី។ លោកថា និយោជក កម្មករ និយោជិត និងបុគ្គលិកបច្ចេកទេសទាំងអស់ ទទួលបានការបណ្តុះបណ្តាលយ៉ាងល្អពីសំណាក់អ្នកជំនាញខាងម្ហូបអាហារ ដែលទទួលបានវិញ្ញាបនប័ត្រ និងក្រុមគាំទ្របច្ចេកទេស មកពីប្រទេសនូ​វែល​សេឡង់ ដោយក្រុមហ៊ុនដែលមានឈ្មោះថា Biggs Food Consultancy Ltd. មកពី ដាណឺម៉ាក និង អាស៊ី។ ជាមួយគ្នានេះដែរ លោក ជា វណ្ណដេត តំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានកោតសរសើរដល់ដំណើរការចង្វាក់ផលិតកម្ម និងស្តង់ដាអនាម័យ សុវត្ថិភាពសាច់នៅក្នុងរោងចក្រនេះព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការផលិត  និង​ចែកចាយផលិតផលរបស់ខ្លួន នៅតាមទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារបរទេស។ សូមបញ្ជាក់ថា រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់ មានបុគ្គលិកប្រមាណ ១៥០នាក់ នៅគ្រប់ផ្នែកទាំងអស់ (បុគ្គលិកទ្រទ្រង់បច្ចេកទេសខ្មែរ និងបរទេស)។ សុខុមាលភាពរបស់និយោជិត គឺផ្តល់ជូននូវការធានារ៉ាប់រងផ្នែកសុខភាពដោយឥតគិតថ្លៃ មានអាហារ ២ពេលក្នុងមួយថ្ងៃ និងមានកន្លែងស្នាក់នៅសមរម្យ ព្រមទាំងមានប្រាក់ឈ្នួលខ្ពស់ផងដែរ។ ចំណែកអគារទាំងអស់ ត្រូវបានរចនាឡើងដោយក្រុមអ្នកពិគ្រោះយោបល់វិស្វកម្ម  និងអ្នកឯកទេសមកពីទ្វីបអឺរ៉ុប អាមេរិក និងអាស៊ី៕      
អត្ថបទដោយ: Bunna