កម្ពុជាស្នើសុំឱ្យចិនវិនិយោគសាងសង់ឡសម្ងួតកសិផលខ្មែរ

កម្ពុជាស្នើសុំឱ្យចិនវិនិយោគសាងសង់ឡសម្ងួតកសិផលខ្មែរ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើទៅភាគីចិន ដោយសុំឱ្យមានការវិនិយោគលើការសាងសង់​ឡសម្ងួតកសិផលខ្មែរតាមរយៈ លោក ជិន គួយហ្វា (Chen Qiufa) លេខាបក្សកុម្មុយនីសខេត្តលាវនីង។ នេះដោយយោងតាមជំនួបពិភាក្សាមួយ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា កាលពីល្ងាចថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩។ ការស្នើសុំនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើឧស្សាហកម្មកែច្នៃម្ហូបអាហារ សំដៅនាំចេញ​ទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិ។ ក្រៅពីនោះ លោកក៏បានប្រាប់ទៅភាគីចិនផងដែរថា ជាប្រទេសកសិ​កម្មដែលសម្បូរដោយភោគផលធម្មជាតិមានដូចជា ស្រូវ ស្វាយ ចេក ពោត ផ្លែមាន និងដំឡូងមី ជាដើម។ បន្ថែម​លើនេះ លោករដ្ឋមន្ត្រីក៏បានស្នើទៅ លោកលេខាបក្សខេត្តលាវនីង ឱ្យជួយគាំទ្រកម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តលាវនីង និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ ព្រមទាំងវេទិកាធុរកិច្ច និងវិនិយោគផ្សេងៗដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តលាវនីង។ ជាមួយគ្នានេះ លោក ជិន គួយហ្វា បានស្នើសុំកម្ពុជាគាំទ្រគម្រោងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សា​ហកម្មលាវនីង នៅក្នុងខេត្តព្រះសីហនុ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ​យោគទ្វេភាគីរវាងខេត្តលាវនីង នៃប្រទេសចិន និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។ ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រ ចំពោះសំណើរបស់ លោក ជិន គួយហ្វា និងបានសន្យា​ជួយសម្របសម្រួលគម្រោងវិនិយោគរបស់ខេត្តលាវនីង ឱ្យលេចរូបរាងឡើងប្រាកដនាពេលអនាគត ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន ជាពិសេសជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសី​ហនុ ឱ្យកាន់តែមានវឌ្ឍនភាពខ្ពស់ថែមទៀត។ សូមរម្លឹកថា ឆ្នាំ ២០១៨ កន្លងទៅ កម្ពុជាមានឡសម្ងួតស្រូវចំនួន ៣ទីតាំង ដែលស្ថិតនៅខេត្តកំពង់ធំ តាកែវ និងព្រៃវែង ដែលមានសមត្ថភាពសម្ងួតស្រូវបាន ៤.៥០០តោន ក្នុង១ថ្ងៃ៕
អត្ថបទដោយ: Bunna