ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាកំពុងប្រឈមទៅនឹងបញ្ហាកង្វះធនធានមនុស្ស នៅក្នុងវិស័យសំណង់យ៉ាងធ្ងន់ធ្ងរ ខណៈគម្រោងសាងសង់ កើនឡើងគំហុកនៅឆ្នាំ ២០១៩ នេះ។ ការកើនឡើងនេះ តម្រូវឲ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ទាំង វិស្វករ និងកម្មករជំនាញរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
គួរបញ្ចាក់ថា ក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០១៩ កម្ពុជា មានគម្រោងសាងសង់ ៤២៩គម្រោង លើទុនវិនិយោគជាង ៣១៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ វិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ ២០១៩ នេះ នឹងកើនឡើងជាង ៧០០ ភាគរយ។ នេះដោយយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ ២០១៨បានបង្ហាញថា ចំនួនវិស្វករជំនាញនៅក្នុងកម្ពុជាមានតិចតួចណាស់ បើធៀបទៅនឹងតម្រូវការនៃទីផ្សារការងារកម្ពុជា។ ដើម្បីបំពេញតម្រូវការទាំងនេះ កម្ពុជាត្រូវការធនធានវិស្វករដែលមានគុណភាពប្រមាណជា ៣៥.០០០ នាក់ នៅចន្លោះពីឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២០។

លោកបណ្ឌិត លឹម សុខតៃ សាស្ត្រាចារ្យស្ថាបត្យកម្ម និងវិស្វកម្ម និងជាព្រឹទ្ធបុរសនៅសាកលវិទ្យាល័យន័រតុន បានប្រាប់ KHB Media ថា វិស័យសំណង់នៅប្រទេសកម្ពុជានាពេលនេះ កំពុងហក់ឡើងខ្លាំងស្ទើតែគ្រប់វិស័យ បូករួមទាំងសំណង់ និងអ្នកគូសប្លង់ ហើយការងារទាំងនេះកំពុងត្រូវការធនធានមនុស្សជាចាំបាច់។ លោកបន្តថា ធនធានមនុស្សក្នុងផ្នែកវិស្វកម្មនៅកម្ពុជានៅខ្សោយនៅឡើយ។
លោកបណ្ឌិតបន្តថា៖«ធនធានមនុស្សយើងនៅខ្សោយខ្លាំងណាស់ គឺយើងមិនអាចបណ្ដុះបណ្ដាល ១០០នាក់ ចេញមកមានសមត្ថភាពទាំង ១០០នោះទេ ព្រោះមានអ្នកខ្លះបរាជ័យកណ្ដាលផ្លូវ អ្នកខ្លះបានរៀនចប់ ឬប្រឡងជាប់ចេញមក គឺក្អេងក្អាង ឬហៅថា ចរឹកគាត់មិនសូវចុះសម្រុងជាមួយមិត្តរួមការងារដទៃទៀត គឺគាត់អួតហ្មង»។
កង្វះខាតធនធានមនុស្សនៅក្នុងវិស័យសំណង់ដោយសារតែតម្រូវការច្រើនជាងការផ្គត់ផ្គង់ និងការរីកចម្រើននៃទីផ្សារសំណង់មានច្រើន។ នេះបើតាមលោក ជា ប៊ុនសៀង នាយកប្រតិបត្តិ និងជាប្រធានស្ថាបត្យករនៃក្រុមហ៊ុន HANLIM BUNSEANG ARCHITECTS ASSOCIATES។
លោក ប៊ុនសៀងថា៖«អ្នកដែលចេះប្រាកដ គឺជាអ្នកជំនាញដល់កម្រិតមួយ ដែលអាចធ្វើការឱ្យគេបាន ដោយមានសមត្ថភាពនិងជំនាញតែម្តង តែយើងមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់នៅឡើយ។ ចំណែកស្ថាបត្យករ ដែលមានគំនិតបង្កើតថ្មី នៅមានកម្រិត និងត្រូវការធនធានថ្មីៗជាច្រើនបន្ថែមទៀត»។
ដោយឡែក លោក ម៉េង ចំរើន នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទីក្រុងអូឡាំព្យា ក៏ទទួលស្គាល់ពីកង្វះខាតធនធានមនុស្សសម្រាប់ផ្គត់ផ្គង់វិស័យសំណង់នៅកម្ពុជា។ លោកបានប្រាប់ KHB Media ថា៖«នៅក្នុងវិស័យសំណង់នាពេលបច្ចុប្បន្នបញ្ហាធនធានមនុស្ស គឺបញ្ហាប្រឈមធំជាងគេ។ ដោយសារវិស័យសំណង់នៅកម្ពុជាមានការកើនឡើងច្រើន តែជាង និងកម្មករ ខ្វះគ្រប់ទីកន្លែងហើយគ្រប់ការដ្ឋានសុទ្ធតែត្រូវការពួកគេ»។
ជាមួយគ្នានោះ លោក ម៉េង ចំរើនក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះវិស្វកររបស់យើងមានច្រើន ពិសេស វិស្វករដែលចេញពីសាលា តែវិស្វករដែលមានបទពិសោធន៍គឺមានតិច។ ម្យ៉ាងវិញទៀត ក្នុងរយៈពេលចុងក្រោយនេះ គម្រោងនីមួយៗត្រូវការអ្នកដឹកនាំដើម្បីគ្រប់គ្រងគម្រោងសាងសង់ តែមានការខ្វះខាតច្រើន។ ដូច្នេះតាំងពីធនធានមនុស្សថ្នាក់ក្រោម រហូតដល់ថ្នាក់ដឹកនាំ គឺធនធានមនុស្សរបស់យើងមានបញ្ហាខ្វះខាត។ បញ្ហានេះ ជាបញ្ហាប្រឈម ដែលល្អសម្រាប់កម្ពុជា មានន័យថាវិស័យសំណង់កំពុងមានកំណើនខ្ពស់ និងត្រូវការធនធានមនុស្សយ៉ាងច្រើន។

លោក ចំរើន ថាការផ្គត់ផ្គង់នូវតម្រូវការលើគម្រោងសាងសង់ធំៗទាំងអស់ ស្ថាបត្យករកម្ពុជាមិនទាន់អាចដណ្តើមយកទីផ្សារ ជាមួយនឹងស្ថាបត្យករបរទេសបានច្រើននៅឡើយទេ។ លោកថា កម្មករជំនាញរបស់យើងនៅមានការខ្វះខាតច្រើនដោយត្រូវទាញយកកម្មករជំនាញពីក្រៅប្រទេសមកច្រើន។
ទាក់ទងនិងច្បាប់ស្ដីពីការគ្រប់គ្រងវិស្វកម្មក៏មិនទាន់មានភាពល្អប្រសើរនៅឡើយដែរ ដូច្នេះស្ថាប័នពាក់ព័ន្ធត្រូវតែប្រញាប់គិតគូរពីបញ្ហានេះ ព្រោះដើម្បីចៀសវាងការគូសប្លង់មិនត្រឹមត្រូវ គ្មានស្ដង់ដា គ្មានសុវត្ថិភាព ហើយវាក៏មិនមែនមនុស្សគ្រប់រូបក៏អាចគូសប្លង់ ឬសាងសង់បាននោះដែរ។ នេះបើតាមលោក លោកបណ្ឌិត លឹម សុខតៃ។
លោក សុខតៃ លើកឡើងថា៖ «យើងគួរពង្រឹងផ្នែកច្បាប់នេះ ព្រោះប្រសិនបើមានបញ្ហានៅអគារណាមួយ តើភាគីណាខ្លះដែលពាក់ព័ន្ធ ហើយត្រូវចេញមុខដោះស្រាយ មិនមែនអ្នកនេះចង្អុលដាក់អ្នកនោះទេ។ ដូច្នេះ យើងត្រូវតែមានច្បាប់ឲ្យបានត្រឹមត្រូវគឺអ្នកត្រួតពិនិត្យដី អ្នកគូសប្លង់ និងអ្នកសាងសង់ ត្រូវតែចូលរួមទាំងអស់គ្នា»។
ជាដំណោះស្រាយ អ្នកជំនាញក្នុងវិស័យសំណង់ បានអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធចូលរួម បង្កើតកម្មករជំនាញឱ្យបានច្រើនទៅតាមលទ្ធភាពដែលធ្វើទៅបាន ព្រោះទីផ្សារត្រូវការ សម្រាប់ការដ្ឋានសាងសង់ វិស្វករនិងស្ថាបត្យករ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអាចធ្វើការនៅក្នុងគម្រោងធំៗឱ្យគេបាន។ ស្ថាបត្យករ មិនត្រឹមតែមានជំនាញទៅលើការសាងសង់ ឬការរចនាប្លង់នោះទេ តែយើងត្រូវធ្វើយ៉ាងណាឱ្យគេទុកចិត្តជាមួយនឹងការបង្កើតថ្មី ដែលមានគុណភាពនិងត្រូវមានលទ្ធភាពគ្រប់គ្រងគម្រោងទាំងនោះឱ្យបាន។ បន្ថែមលើនេះ រដ្ឋាភិបាលគួរយកចិត្តទុកដាក់លើសាលារៀនទាំងឡាយ និងបង្កើតថ្នាក់ជំនាញនេះ ឱ្យបានច្រើន ហើយលើកទឹកចិត្តឱ្យមានជំនាញវិជ្ជាជីវៈខាងសំណង់ និងបច្ចេកវិទ្យាថ្មីៗដ៏ឆ្លាតវៃ។