ក្រុមហ៊ុនអចលនទ្រព្យធំៗនៅកូរ៉េសហការវិនិយោគជាមួយក្រុមហ៊ុនឧកញ៉ាឡេង ណាវ៉ាត្រា

ក្រុមហ៊ុនអចលនទ្រព្យធំៗនៅកូរ៉េសហការវិនិយោគជាមួយក្រុមហ៊ុនឧកញ៉ាឡេង ណាវ៉ាត្រា
ភ្នំពេញ៖ «ក្រុមហ៊ុនអចលនទ្រព្យរបស់កូរ៉េធំៗមួយចំនួន បានចាប់អារម្មណ៍កម្ពុជា ដោយបានត្រៀមមកសិក្សាវិនិយោគនៅប្រទេសកម្ពុជា ជាមួយខ្ញុំនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩។ ពួកគាត់នឹងមកដល់ស្រុកខ្មែរដើម្បីទៅមើលគម្រោងចំនួន ៣ នៅតំបន់ធំៗ គឺនៅភ្នំពេញ ប៉ោយប៉ែត និងក្រុងព្រះសីហនុ»។ នេះជាសំណេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩។ ការដែលអ្នកវិនិយោគវិស័យអចលនទ្រព្យរបស់ប្រទេសកូរ៉េ មកវិនិយោគនៅប្រទេសកម្ពុជានេះ ក្នុងអំឡុងពេលដែលលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានទៅរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផានៅប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១០ លោក ឡេង ណាវ៉ាត្រា ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង បានចាកចេញពីស្រុកកំណើតទៅធ្វើការជាកម្មករនៅប្រទេសកូរ៉េខាងត្បូង។ ការចាកចេញពីស្រុកកំណើតនេះដោយ​សារកក្តាជីវភាពខ្វះខាត។ នៅឆ្នាំ ២០១២ លោកខិតខំប្រឹងសន្សំលុយទុកបានមួយចំនួន ហើយបែកគំនិតចង់រកស៊ីវិញ ប៉ុន្ដែភ្លាមៗនោះលោកមិនទាន់ដឹងថា ត្រូវបង្កើតមុខរបរអ្វីនោះទេ។ នៅពេលដែលលោកបានវិលត្រឡប់មកដល់ស្រុកខ្មែរវិញ ដោយបានខ្ចីលុយឱពុកម្ដាយចំនួន ១ម៉ឺនដុល្លារ ព្រមទាំងខ្ចីធនាគារ ៣ម៉ឺនដុល្លារ ដើម្បីទិញដីមួយកន្លែងនៅភ្នំពេញ។ ក្រោយមក លោកក៏បានលក់វិញហើយទទួលបានប្រាក់ចំណេញលើសពីការរំពឹងទុក បន្ទាប់មកលោកក៏បានទិញ-លក់ដីជាហូរហែរ រហូតក្លាយជាឧកញ៉ាទាំងវ័យក្មេងបែបនេះ៕
អត្ថបទដោយ: Koemsoeun