ប្រទេសជប៉ុន៖ ប្រទេសជប៉ុនត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសនាំមុខគេខាងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ សុទ្ធតែមានលក្ខណៈពិសេសលើសគេត្រង់ចំណុចមួយចំនួនដូចជាគុណភាព ការរចនា តម្លៃ និងចិរភាពបរិស្ថានជាដើម។
យោងតាមគេហទំព័រផ្លូវការរបស់រាជរដ្ឋាភិបាលជប៉ុនបានពន្យល់ថា មូលហេតុដែលនាំឱ្យប្រទេសនេះ ទទួលបានជោគជ័យលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដោយសារជប៉ុនមានចំណុចខ្លាំង៤ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន៖
១. បច្ចេកវិទ្យាដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនក្នុងស្រុក
មិនថាការអភិវឌ្ឍសម្រាប់ប្រទេសរបស់ខ្លួនផ្ទាល់ ឬប្រទេសដទៃទេ ជប៉ុនព្យាយាមផ្ដល់នូវបច្ចេកវិទ្យាល្អបំផុតដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាជនដែលរស់នៅក្នុងតំបន់។ ជាទូទៅក្នុងគម្រោងសាងសង់នីមួយៗ គេតែងគិតយ៉ាងច្បាស់លាស់អំពីល្បឿន និងលក្ខខណ្ឌនៃការសាងសង់ក៏ដូចជាផលប៉ះពាល់ចំពោះបរិស្ថានផងដែរ។ ដូច្នេះហើយ គេព្យាយាមប្រើបច្ចេកវិទ្យាដែលអាចផ្ដល់ផលប្រយោជន៍រយៈពេលយូរដល់ពលរដ្ឋរស់នៅទីនោះ។
២. ការសហការ បង្កើត និងច្នៃប្រឌិត
ជប៉ុនមិនដែលអភិវឌ្ឍតែហេដ្ឋារចនាសម្ព័ន្ធមួយមុខ ហើយបំភ្លេចការកសាងធនធានមនុស្សឡើយ។ កាលណាមានមានគម្រោងសាងសង់អ្វីមួយជប៉ុន តែងតែបណ្ដុះនូវធនធានមនុស្ស ជាពិសេសអ្នករស់នៅក្នុងតំបន់នោះដើម្បីឱ្យគេអាចរួមចំណែកបំពេញការងារជាមួយគ្នា។ ដូច្នេះហើយ ទើបប្រជាជនអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធទាំងនោះបានយ៉ាងល្អ។ លើសពីនេះ ការផ្ទេរចំណេះដឹងផ្នែកបច្ចេកវិទ្យា ត្រូវបានធ្វើឡើងជាញឹកញាប់ដើម្បីគាំទ្រដល់ប្រជាជនក្នុងតំបន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួនរបស់ពួកគេ។
៣. ការតាំងចិត្តរយៈពេលវែង
ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បរទេសជប៉ុន មិនគ្រាន់តែសាងសង់ ឬលក់សម្ភារៈរបស់ខ្លួនមួយមុខទេ តែប្រទេសនេះតែងតែគិតគូរជាចាំបាច់ផងដែរនូវ ផែនការក្នុងការការពារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។ ទាំងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ជប៉ុនបានសហការគ្នាក្នុងធានាគុណតម្លៃក្នុងរយៈពេលវែងសម្រាប់គម្រោងរបស់ខ្លួនជានិច្ច។
៤. ការគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច
ជប៉ុនតែងតែព្យាយាមអភិវឌ្ឍនូវគម្រោងទាំងឡាយណា ដែលមានការចំណាយសមរម្យ ហើយផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសេដ្ឋកិច្ចជាតិ។ ក្នុងការសាងសង់នីមួយៗ គេតែងតែខិតខំកាត់បន្ថយឱ្យកាន់តែខ្ពស់នូវហានិភ័យ ការចំណាយនិងផលប៉ះពាល់បរិស្ថាន ប៉ុន្ដែព្យាយាមធ្វើការកែច្នៃ និងប្រើប្រាស់ធនដែលមានស្រាប់ឱ្យបានកាន់តែច្រើន។
ដោយសារចំណុចទាំង៤ខាងលើនេះហើយ ទើបជប៉ុនអាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបានយ៉ាងល្អប្រសើរហើយថែមទាំងត្រូវបានរដ្ឋាភិបាលនៃប្រទេសជាច្រើនជ្រើសរើសជាដៃគូអភិវឌ្ឍន៍សម្រាប់ប្រទេសពួកគេទៀតផង៕
ប្រភព៖ www.japan.go.jp