ភ្នំពេញ៖ មានក្រុមហ៊ុនលំដាប់ពិភពលោកចំនួនប្រាំ ដែលមកពីបណ្តាប្រទេសផ្សេងៗគ្នាដើម្បីអភិវឌ្ឍគម្រោងណាហ្គា ទី៣ ដែលស្ថិតនៅលើទីតាំងអតីតអគារប៊ូឌីញ ទោះបីបច្ចុប្បន្នគម្រោងដែលគ្រោងនឹងចាយទុនជាង ៤ពាន់លានដុល្លារអាមេរិកនេះ មិនទាន់កំណត់កាលបរិច្ឆទសាងសង់ក៏ដោយ។ នេះដោយយោតាម របាយការណ៍ត្រីមាសទី១ ប្រចាំឆ្នាំ ២០១៩ របស់ក្រុមហ៊ុនណាហ្គាខប (Naga Corp Ltd) ដែលគ្រប់គ្រងកាស៊ីណូណាហ្គាវើល (Naga World Complex) ដ៍ធំនៅ កម្ពុជា។
ក្រុមហ៊ុនទាំងប្រាំនោះនឹងទទួលបន្ទុកភារកិច្ចផ្សេងៗគ្នាលើការអភិវឌ្ឍគម្រោងណាហ្គាទី៣។ ក្រុមហ៊ុនទាំងនោះមាន ដូចជា៖
ទី១. ក្រុមហ៊ុន Steel man Partners ដែលមានមូលដ្ឋាននៅទីក្រុងឡាស់ វេហ្គាស់ រដ្ឋណីវវាដា សហរដ្ឋអាមេរិក ជាក្រុមហ៊ុនស្ថាបត្យកម្មលំដាប់អន្តរជាតិ ដែលមានជំនាញលើការរៀបចំស្ថាបត្យកម្ម កន្លែងកម្សាន្ត ការរចនាផ្នែកខាងក្នុង និងការរៀបចំផែនការមេ។ ក្រុមហ៊ុននេះ ជាអ្នករចនាប្លង់អគារ និងរចនាផ្នែកខាងក្នុងនៃអគារណាហ្គាទី២ ហើយរួមទាំងណាហ្គាទី១ដែលកំពុងបន្តស្ថាបនាផ្នែកខាងក្នុងឡើងវិញផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនអាមេរិកមួយនេះ បានគូរប្លង់ និងរចនាអគារកាស៊ីណូ និងរីសតជាង ៣ពាន់ គម្រោងមកហើយនៅទូទាំងពិភពលោក។
ទី២. ក្រុមហ៊ុន Dr Tan LM Architect ដឹកនាំដោយលោកបណ្ឌិត Tan Loke Mun ដែលជាអ្នកជំនាញគូរប្លង់រចនាផ្នែកខាងក្នុង និងជាស្ថាបត្យករដ៏ល្បីល្បាញ ទទួលបានពានរង្វាន់ពីប្រទេសម៉ាឡេស៊ី ហើយលោកក៏ជាសមាជិកគណស្ថាបត្យករ Lembaga Arkitek Malaysia និងជាសាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាស្ថាបត្យកម្មនៅតាមបណ្តាសាកលវិទ្យាល័យមួយចំនួនផងដែរ នៅប្រទេសម៉ាឡេស៊ី។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរបស់លោក មានបទពិសោធជាច្រើនផងដែរ លើការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍទីក្រុង គម្រោងអគារពាណិជ្ជកម្ម និងគម្រោងលំនៅដ្ឋានជាច្រើនក្នុងប្រទេសម៉ាឡេស៊ី។ បន្ថែមពីនេះក្រុមហ៊ុនក៏ទទួលបានការដឹកនាំក្រុមការងារលើការពិគ្រោះយោបល់ខាងវិស្វកម្ម ក្នុងការអភិវឌ្ឍគម្រោងណាហ្គាទី២ ដោយជោគជ័យកន្លងមក។
ទី៣. ក្រុមហ៊ុន Jacobs Engineering Services Sdn Bhd ជាក្រុមហ៊ុនចុះបញ្ជីផ្សារហ៊ុនក្រុងញូវយ៉កជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ១៥ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុននេះ ទទួលបានចំណាត់ថ្នាក់លេខ១ លើជំនាញវិស្វកម្ម ហើយក៏ជាវិស្វកម្មស៊ីវិល និងជាអ្នកពិគ្រោះយោបល់លើរចនាសម្ព័ន្ធអគារណាហ្គាទី១ និងណាហ្គាទី២ ទៀតងផង។
ទី៤. ក្រុមហ៊ុន KWA Consultant Sdn Bhd នឹងទទួលបន្ទុកផ្នែកប្រឹក្សាយោបល់លើវិស្វកម្មមេកានិច និងអគ្គិសនី ហើយក្រុមហ៊ុននេះក៏ជាអ្នកប្រឹក្សាផ្នែកទាំងពីរលើការអភិវឌ្ឍណាហ្គាទី១ ណាហ្គាទី២ និងគម្រោងផ្សេងៗទៀតរបស់កាស៊ីណូណាហ្គាវើលដ៍។ ក្រុមហ៊ុន KWA បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយក្រុមហ៊ុននេះក៏មានបទពិសោធជាច្រើនផងដែរលើអគារខ្ពស់ៗ គម្រោងលំនៅដ្ឋានក្នុងប្រទេសម៉ាឡេស៊ី រួមទាំងគម្រោងអភិវឌ្ឍន៍បដិសណ្ឋារកិច្ច និងគម្រោងរោងចក្រផលិតថាមពលអគ្គិសនីផងដែរ។
ទី៥. ក្រុមហ៊ុន ELP Quantity Surveyors Sdn Bhd ជាក្រុមហ៊ុនដែលមានជំនាញលើការអង្កេតបរិមាណលើគម្រោងសាងសង់ (quantity surveyor) ដែលមានការិយាល័យកណ្តាលនៅប្រទេសម៉ាឡេស៊ី និងសាខាការិយាល័យនៅប្រទេសវៀតណាម។ ក្រុមហ៊ុននេះក៏ជាអ្នកពិគ្រោះយោបល់លើការសាងសង់ណាហ្គាទី២ និងការសាងសង់គម្រោងផ្លូវក្រោមដី (Naga City Walk) របស់កាស៊ីណូណាហ្គាវើលដ៍ផងដែរ។

សូមរំលឹកថា គម្រោងណាហ្គាទី៣នឹងត្រូវសាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺន ៦ពាន់ម៉ែត្រការ៉េ។ តាមការសិក្សា បឋម គម្រោងនេះ នឹងមានគម្រោងសាងសង់ចម្រុះដូចជា សណ្ឋាគារ Condotel កម្ពស់ ៦៦ជាន់ ចំនួនពីរអគារសណ្ឋាគារកម្ពស់ ៥៣ជាន់ ចំនួនពីរអគារ អគារសម្រាប់កម្សាន្ត កម្ពស់ ១២ជាន់ មួយអគារ និងអគារខុនដូរកម្ពស់ ៥៥ជាន់ មួយអគារ ជាដើម។ បន្ទាប់ពីបញ្ចប់ការសាងសង់ Naga៣ ដែលរួមបញ្ជូលជាមួយសាខាទី១ និងទី២នឹងក្លាយទៅជាកន្លែងកម្សាន្តចម្រុះតាមដងទន្លេនៃប្រទេសកម្ពុជា ហើយក៏នឹងក្លាយជាកន្លែងកម្សាន្តដ៏លេចធ្លោមួយផងដែរនៅលើពិភពលោក។
គម្រោងណាហ្គាទី៣របស់ប្រតិបត្តិករអាជីវកម្មកាស៊ីណូធំជាងគេនៅកម្ពុជានេះ គ្រោងបើកទ្វារនៅឆ្នាំ២០២៥។ ហើយកាលពីឆ្នាំ ២០១៨ ក្រុមហ៊ុនកាស៊ីណូនេះបានបង់ពន្ធជូនរដ្ឋចំនួន ៨.៨លានដុល្លារអាមេរិក ហើយរកបានប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួចមានរហូតដល់ជិត ៤០០លានដុល្លារអាមេរិក។
ទិន្នន័យដែលទទួលបានដោយសារព័ត៌មានជប៉ុន Nikkei Asian Review ចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ បានបង្ហាញថា គិតត្រឹមឆ្នាំ ២០១៨ កាស៊ីណូចំនួន ១៥០ ទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មកាស៊ីណូនៅកម្ពុជា ហើយរដ្ឋប្រមូលពន្ធពីវិស័យនេះបានប្រមាណ ៥៦លានដុល្លារអាមេរិក ខណៈដែលច្បាប់គ្រប់គ្រងកាស៊ីណូថ្មីនឹងត្រូវអនុម័តនៅចុងឆ្នាំ ២០១៩៕