រថភ្លើង៤ទូដែលផ្តល់ដោយរដ្ឋាភិបាលថៃអាចផ្ទុកមនុស្សបាន៣២០នាក់

រថភ្លើង៤ទូដែលផ្តល់ដោយរដ្ឋាភិបាលថៃអាចផ្ទុកមនុស្សបាន៣២០នាក់
បន្ទាយមានជ័យ៖ រថភ្លើងចំនួន៤ទូ ដែលផ្តល់ដោយរាជរដ្ឋាភិបាលថៃជាប្រភេទរថភ្លើងដឹកអ្នកដំណើរ DMU (Diesel Multiple Unit) ផលិតដោយក្រុមហ៊ុន Hitachi របស់ជប៉ុន។ រថភ្លើងនេះ អាចផ្ទុកមនុស្សបានប្រហែល ៣២០នាក់ ដែលក្នុងមួយទូៗអាចដឹកអ្នកដំណើរបានចំនួន ៨០នាក់។ នេះដោយយោងតាមការឱ្យដឹងពី លោក ហ៊ាងសុទ្ធាយុត្ត អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានប្រាប់ KHB Media កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩។ លោក សុទ្ធាយុត្ត មានប្រសាសន៍ថា រថភ្លើងចំនួន ៤ទូ នេះ បានមកដល់ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩។ ការមកដល់នេះ ដើម្បីធ្វើការត្រួតពិនិត្យផ្នែកបច្ចេកទេស និងត្រៀមរៀបចំ សម្រាប់ឱ្យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជិះជានិមិត្តរូបពីស្ថានីយបានខ្លងលឹករបស់ថៃមកកាន់ស្ថានីយប៉ោយប៉ែតនៅព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ ដែលជាថ្ងៃបើកដំណើរការផ្លូវដែកឡើងវិញនៃប្រទេសទាំងពីរកម្ពុជា-ថៃ។ លោកសុទ្ធាយុត្ត បញ្ជាក់ថា៖ «រដ្ឋាភិបាលថៃបញ្ជូនឱ្យកម្ពុជាយើងនេះគឺមុនពេលដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ជិះរថភ្លើងរួមគ្នាឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។ រថភ្លើងមួយខ្សែនេះមានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណ ៣២០នាក់ ខណៈនេះយើងកំពុងពិនិត្យបច្ចេកទេស»។ គួរបញ្ជាក់ថាការផ្តល់រថភ្លើងចំនួន៤ទូ ដោយរាជរដ្ឋាភិបាលថៃនេះ ជាការចូលរួមពង្រឹងការដឹកជញ្ជូនតាមផ្លូវដែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឡើងវិញដែលសំដៅកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ និង អន្តរជាតិ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ពង្រឹងសក្ដានុពលសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិឆ្ពោះទៅកាន់ការកាត់បន្ថយភាពក្រីក្រផងដែរ។ គួររំលឹកផងដែរថា កម្ពុជា-ថៃ បានខកខានតភ្ជាប់ផ្លូវដែកអស់រយៈពេល ៤៥ឆ្នាំ មកនេះ ដោយសារស្ថានភាពសង្គ្រាម និងភាពទ្រុឌទ្រោមនៃស្ពានមួយចំនួនក្នុងប្រទេសកម្ពុជា។ ការតភ្ជាប់ផ្លូវដែកឡើងវិញនេះ ប្រទេសទាំងពីរក៏ត្រូវការ ពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរផងដែរ៕
អត្ថបទដោយ: Koemsoeun