សាស្រ្តាចារ្យសៀង ពៅ៖ គ្រឹះដំពន្លិច ល្អជាងគ្រឹះខួងឆ្ងាយណាស់

សាស្រ្តាចារ្យសៀង ពៅ៖ គ្រឹះដំពន្លិច ល្អជាងគ្រឹះខួងឆ្ងាយណាស់
ភ្នំពេញ៖ គ្រឹះសំណង់ គឺជាធាតុដ៏សំខាន់ និងមានតម្លៃបំផុត ដែលជាកត្តាកំណត់ពីគុណភាពសំនង់ និងភាពរឹងមាំនៃសំណង់នានា។ ការស្ថាបនាគ្រិះសំណង់អាស្រ័យលើប្រភេទនៃសំណង់ និងលក្ខខណ្ឌជាក់ស្តែងនៃស្ថាបភាពដី និង សំណង់ផ្ទាល់។  ខណៈអ្នកសាងសង់អាចជ្រើសរើសវិធីសាសន៍ជាច្រើនក្នុងការស្ថាបនាគ្រិះសំណង់ នៅកម្ពុជាមានវិធីសាស្សន៍ស្ថាបនាគ្រិះតែពីរប៉ុណ្ណោះដែលគេនិយមអនុវត្តគឺ៖ គ្រឹះដំពន្លិច និងគ្រឹះខួង។ ស្របពេលដែលមានមតិជាច្រើនបានលើកឡើងពីគុណសម្បតិ្ត និង គុណវិបតិ្តនៃវិធីសាស្រ្តទាំងពីរនេះ លោកសាស្រ្តាចារ្យ សៀង ពៅ ដែលជាអ្នកជំនាញផ្នែកគ្រិះ និង​ដី បានបញ្ជាក់ថា ការសាងសង់គ្រឹះសំណង់ ដោយប្រើបច្ចេកទេសដំពន្លិច មានគុណសម្បតិ្តល្អច្រើនជាង បច្ចេកទេសគ្រឹះខួង។ ភាពខុសគ្នានៃគ្រឹះ ដំពន្លិច និងគ្រឹះខួង លោកសាស្រ្តាចារ្យ សៀង ពៅ បានឱ្យដឹងថា គ្រឹះដំពន្លិច  មានភាពល្អជាង គ្រឹះខួងចាក់ ឆ្ងាយណាស់។ ល្អជាងដោយសារ គ្រឹះដំពន្លិច មានសុវត្ថិភាព ធានាបាននូវគុណភាពបេតុង មិនមានការបាត់បង់បេតុង នៅពេលដែលអ្នកប្រើប្រាស់មុន និងក្រោយដំពន្លិចទៅក្នុងដី។ បិតាផ្នែកគ្រឹះ និង ដី រូបនេះ ទទួលស្គាល់ថាបច្ចេកទេសគ្រឹះដំពន្លិច អាចបង្ករជារំញ័រដល់សំណង់នៅក្បែរ នៅពេលវ៉ៃពន្លិច​សរសរគ្រិះចូលទៅក្នុងដី។ ប៉ុន្តែលោកពន្យល់ថា បច្ចេកទេសនេះមិនបង្ករបញ្ហាធ្ងន់ធ្ងរដល់សំណង់នៅក្បែរនោះទេ ដោយសារសំណង់ភាគច្រើន ត្រូវបានស្ថាបនាឡើង ដែលអាចទប់ទល់ជាមួយនឹងការរញ្ជួយដីមិនតិចជាង ៥ រិចស្ទ័រនោះទេ ខណៈការដំពន្លិចគ្រឹះ នឹងបង្កររំញ័រខ្លាំងបំផុតត្រឹមតែ ២ ទៅ ៣ រិចស្ទ័រតែប៉ុណ្ណោះ។ ហើយប្រសិនបើសំណង់នៅក្បែរណាមួយមានស្នាមប្រេះ ដោយសារសកម្មភាពធ្វើគ្រឹះដំពន្លិចនេះ គឺដោយសារតែសំណង់នោះត្រូវបានស្ថាបនាឡើងដោយខុសស្តង់ដាបច្ចេកទេសតែម្តង។ ចំពោះគ្រឹះខួងចាក់វិញ វាខុសផ្ទុយអំពីគ្រឹះខួងនៅពេលដែលចាក់បេតុងទៅក្នុងដី ឬក្នុងរណ្តៅខួង កាលណារណ្តៅខួងមានទឹក អាចប្រឈមនឹងការខូចខាត ដោយសារស្អុយបេតុង។ ដូចនេះ គ្រប់គ្រឹះខួងទាំងអស់ គេទាមទារឱ្យប្រើឧបករណ៍ ត្រួតពិនិត្យ (Soundnic Test) ដើម្បីឱ្យដឹងថា គ្រឹះនោះល្អ ឬមិនល្អ ? លោកបង្ហាញថា បច្ចុប្បន្ននេះ បើសិនជាយើងទាមទារឱ្យគេ ដាក់ឧបករណ៍ Soundnic Test នៅគ្រប់គ្រឹះខួងទាំងអស់នោះ គឺគេមិនចង់ខួងអោយឡើយ ព្រោះគេខ្លាចឃើញថាគ្រឹះស្អុយ។ តាមទស្សនៈរបស់មហាជនជាច្រើនយល់ឃើញថា ការប្រើគ្រឹះដំពន្លិច បង្ករឱ្យប៉ះពាល់ដល់អ្នកជិតខាង ចំណែកឯគ្រឹះខួង មិនមានផលប៉ះពាល់នោះទេ ព្រោះស្ងាត់ពេលធ្វើការខួង។ ប៉ុន្តែសាស្រ្តាចារ្យផ្នែក ដី និងគ្រឹះរូបនេះ បានឆ្លើយតបថា៖« រឿងហ្នឹង ត្រូវបានតែមួយផ្នែកតែប៉ុណ្ណោះ។ គ្រឹះខួង នៅពេលដែលយើងខួង វាអត់លឺសូរមែន ក៏ប៉ុន្តែសូមកុំភ្លេច នៅពេលដែលយើង​ខួង ដីដែលនៅជិតខាង វាអាចហូរចូលទៅក្នុងរណ្តៅខួងហ្នឹង…!។ អញ្ចឹង ឧបមាថា នៅផ្ទះហ្នឹង មានគ្រឹះរាក់ ដែលនៅផ្នែកខាងលើ ហើយយើងប្រើគ្រឹះខួង ដោយខួងមិនបានប្រុងប្រយ័ត្ន ធ្វើឱ្យបាក់ច្រាងដីចូលទៅក្នុងរណ្តៅហ្នឹង ពេលនោះ ដីដែលនៅក្នុងគ្រឹះផ្ទះក្បែរហ្នឹង នឹងហូរចូលមកក្នុងរណ្តៅ ហើយវាទាញឱ្យផ្ទះគេរំលំ ឬប្រេះបាន»។ គុណវិបត្តិនៃគ្រឹះខួង យោងតាមទំព័រហ្វេកប៊ុកផ្លូវការរបស់អ្នកជំនាញខាងគ្រឹះ ដែលមានឈ្មោះថា Geo technical Engineering in Cambodia បានបង្ហាញអំពី គុណវិបត្តិ និងដំណោះស្រាយនៃការប្រើប្រាស់គ្រឹះខួង ដូចជា៖ ទី១: ដីជ្រាយ ឬខ្សាច់ អាចបាក់ ចូលរណ្តៅខួង មុនពេលចាក់បេតុងចូល។ ដើម្បីដោះស្រាយបញ្ហានេះ គេត្រូវប្រើសូលុយស្យុង bentonite ដើម្បីទប់ដីកុំឱ្យបាក់ចូលក្នុងរណ្តៅខួង មុនពេលចាក់បេតុង។ ទី២: ការចាក់បេតុងក្នុងសូលុយស្យុង bentonite ជាមូលហេតុចម្បងនៃការកាត់បន្ថយកម្លាំង ធ្វើការរបស់បេតុង។ ដើម្បីដោះស្រាយបញ្ហានេះ គេត្រូវលាយបេតុងឱ្យមានកម្រិតខ្ពស់ ប្រសិនចង់បានកម្លាំងបេតុង ២៥ MPa គេគួរលាយបេតុងក្នុងកម្រិត ៣៥ MPa។ ទី៣: កម្រិតគ្រោះថ្នាក់សម្រាប់គ្រឹះអាគារជិតខាង មានកម្រិតខ្ពស់ ក្នុងករណីខួងខុសបច្ចេកទេសនឹងអាច​បណ្តោយ​ឱ្យដីហូរបាក់ចូលរណ្តៅខួងច្រើនលើសលប់។ គួររំលឹកផងដែរថា លោក សៀង ពៅ ជាអ្នកបច្ចេកទេសនៅក្នុងវិស័យសំណង់ ដែលមានជំនាញផ្នែកគ្រឹះសំណង់ និងដី និងជាសាស្រ្តាចារ្យ ដែលផ្តល់ចំណេះដឹងដល់កូនខ្មែរ និងបរទេសរាប់ពាន់នាក់។ លោកជាអតីតនិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ក្នុងឆ្នាំ ១៩៨៧ និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រក្នុងឆ្នាំ ១៩៩២ ព្រមទាំងបានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ នៅប្រទេសបារាំង នៅឆ្នាំ១៩៩៩ ដល់ ឆ្នាំ២០០០។ សាស្រ្តាចារ្យ សៀង ពៅ អ្នកឯកទេសខាងដី និងគ្រឹះ
អត្ថបទដោយ: Rath