ព្រលានយន្តហោះខេត្តកោះកុងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០

ព្រលានយន្តហោះខេត្តកោះកុងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០
ភ្នំពេញ៖ ព្រលានយន្តហោះខ្នាតអន្តរជាតិមួយនៅខេត្តកោះកុង ដែលមានតម្លៃវិនិយោគប្រហែល ២០០លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០២០។ ព្រលានយន្តហោះនេះ បានចាប់ផ្តើម​សាង​​សង់កាលពីចុងឆ្នាំ ២០១៨ និងកំពុងដំណើរការសាងសង់នាពេលបច្ចុប្បន្នបានប្រហែល​ ៦០% ដោយក្រុមហ៊ុន​ចិន Union Development Group (UDG)។  នេះដោយយោងតាមការចុះផ្សាយដោយសារព័ត៌មាន VOA កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩។ ព្រលានយន្តហោះនេះ មានប្រវែង ៣.២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ វែងជាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានប្រវែងត្រឹមតែ ៣.០០០មែត្រ។ គម្រោងដែលមានតម្លៃប្រហែល ២០០លានដុល្លារអាមេរិកនេះ ​នឹងអាចឱ្យយន្តហោះធំៗរួមមានប្រភេទ ប៊ូអ៊ីង Boeing ៧៧៧ ប៊ូអ៊ីង Boeing ៧៨៧ និង អ៊ែបឹស Airbus A៣៤០-៦០០ ចុះចតបាន។ ព្រលានយន្តហោះនេះ នឹងមានជើងយន្តហោះហើរត្រង់ទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុនចិនបានព្យាករថា នៅឆ្នាំ ២០៣០ នឹងមានអ្នកដំណើរឆ្លងកាត់តំបន់នេះ មានចំនួន ៧៥ម៉ឺននាក់ ហើយការដឹកទំនិញប្រចាំឆ្នាំនឹងមានចំនួន ៩លានតោន។ ចំណែកក្នុងឆ្នាំ​ ២០៥០​ អ្នកដំណើរឆ្លងកាត់នឹងមានចំនួន ៤៤លាននាក់ ហើយការដឹកជញ្ជូនទំនិញប្រចាំឆ្នាំនឹងមានចំនួនរហូតដល់ ៣៦លានតោន។ សូមបញ្ជាក់ថា ក្រុមហ៊ុន UDG ទទួលបានដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចំនួន ៤៥.០០០ហិកតា ក្នុងស្រុកចំនួនពីរក្នុងខេត្តកោះកុងគឺ ស្រុកបុទុមសាគរ និងគីរីសាគរ កាលពីឆ្នាំ ២០០៨ ដើម្បីអភិវឌ្ឍតំបន់មួយនេះ ទៅជាកន្លែង​ទេសចរណ៍ដ៏ធំមួយឈ្មោះថា«តំបន់វិស្សមកាលតារាសាគរ»។ គម្រោងធំៗមានកាស៊ីណូ សណ្ឋាគារ កន្លែងវាយកូនហ្គោល តំបន់កម្សាន្តនៅឆ្នេរ ព្រលានយន្តហោះ និងកំពង់ផែសមុទ្រទឹកជ្រៅជាដើម។ គម្រោងដ៏ធំដែលមានតម្លៃ ៣.៨០០លានដុល្លារអាមេរិកនេះក៏បញ្ចូលដែនសមុទ្រខ្មែរចំនួន ២០% ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំនួនទេសចរចិនមកកម្ពុជាស្ថិតក្នុងលំដាប់លេខ១ គឺមានទៅដល់ជិត ២លាននាក់ ក្នុងឆ្នាំ ២០១៨។ កម្ពុជាក៏បានរំពឹងផងដែរថានឹងទទួលបានទេសចរចិនចំនួន​​ ៣លាននាក់ ក្នុងឆ្នាំ ២០២០ ចំនួន ៥លាននាក់ ក្នុងឆ្នាំ ២០២៥ និង ៨លាននាក់ ក្នុងឆ្នាំ ២០៣០។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាមានព្រលានយន្តហោះកំពុងដំណើរការចំនួនបីកន្លែងគឺ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ព្រលានយន្តហោះខេត្តសៀមរាប និងព្រលានយន្តហោះខេត្តព្រះសីហនុ។ ក្រៅពីនោះ កម្ពុជាក៏គ្រោងបង្កើតព្រលានយន្តហោះខ្នាតអន្តរជាតិចំនួនពីរកន្លែង​ផ្សេងទៀតគឺ ព្រលានយន្តហោះនៅ​ចន្លោះ​​ខេត្តកណ្តាល និងខេត្តតាកែវ និងមួយ​កន្លែង​ទៀត​នៅខេត្ត​សៀម​​រាប។ ជាមួយគ្នានេះដែរ ព្រលានយន្តហោះក្នុងស្រុកមានដូចជា ខេត្តបាត់ដំបង ស្ទឹងត្រែង រតនៈ​គិរី មណ្ឌលគិរី និងគម្រោងព្រលានយន្តហោះប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ដែលរាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ឋភាពនៃការសាងសង់ផងដែរ៕  
អត្ថបទដោយ: Bunna