ផ្លូវ៦០ម៉ែត្រនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយតម្លៃជាង២០០លានដុល្លារ

ផ្លូវ៦០ម៉ែត្រនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយតម្លៃជាង២០០លានដុល្លារ
ភ្នំពេញ៖ ផ្លូវ៦០ម៉ែត្រ ឬ មហាវិថីសម្តេចតេជោ ហ៊ុន សែន នឹងមានវត្តមានគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយតម្លៃ ២២៧លានដុល្លារអាមេរិក ដែលគម្រោងនេះទទួលបានការអនុម័តយល់ព្រមរួចហើយពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ នេះដោយយោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាល​​ពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៩។ ក្នុងឯកសារនោះបានឱ្យដឹងថា គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ មានអាគារចំនួនបី ដែលមានកម្ពស់ ១៩​ជាន់ ២១ជាន់ និង២៥ជាន់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Good Ree Development Limited តំណាងដោយលោក តាន់ គឹមលាន។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមមានផ្សារទំនើប អាគារការិយាល័យ ខុនដូរ និងសេវាកម្មជាច្រើនទៀតផងដែរ។ សូមបញ្ជាក់ថា តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ឬ មហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលស្ថិតនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទីតាំងដែលមានភាពទាក់ទាញ និងមានសក្តានុពលច្រើនសម្រាប់វិស័យអចលនទ្រព្យ។ នៅតំបន់នោះ មានគម្រោងលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនបានមកបណ្តាក់ទុនវិនិយោគ ដូចជា បុរី ប៉េង ហួត បុរី Woodland បុរីជីពម៉ុង គម្រោង Urban Village គម្រោង R&F City ដែលជាការវិនិយោគដោយក្រុមហ៊ុន ចិន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ចិននៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត៕
អត្ថបទដោយ: Bunna