អគារវិទ្យាសាស្ត្របណ្តុះបណ្តាលកម្ពស់៨ជាន់បានដាក់ឱ្យដំណើរការ

អគារវិទ្យាសាស្ត្របណ្តុះបណ្តាលកម្ពស់៨ជាន់បានដាក់ឱ្យដំណើរការ
ភ្នំពេញ៖ អគារវិទ្យាសាស្ត្រទំហំ ៦,៧២០ម៉ែត្រក្រឡា ដែលមានកម្ពស់ ៨ជាន់ ស្ថិតក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដាក់ឱ្យដំណើរការដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៩។ អគារវិទ្យាសាស្ត្រថ្មីនេះ បានផ្តោតអាទិភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការអភិវឌ្ឍសហគ្រិន និងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា អគារនេះនឹងត្រូវប្រើប្រាស់រួម សម្រាប់មហាវិទ្យាល័យវិទ្យាសាស្រ្ត និង​មហា​វិទ្យាល័យវិស្វកម្ម ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្ស ពិសេសតាមរយៈការបន្តពង្រឹងគុណភាពវិស័យអប់រំផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ជាមួយគ្នានេះដែរ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា អគារវិទ្យាសាស្ត្រនេះនឹងដាក់ឱ្យអនុវត្តន៍សម្រាប់មហាវិទ្យាល័យវិទ្យាសាស្ត្រ និងមហាវិទ្យាល័យវិស្វកម្ម ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលធុរកិច្ចថ្មី ដែលជាការលើកទឹកចិត្តដល់យុវជន ក្នុងការចូលរួមរៀនផ្នែកវិស្វកម្ម ផ្នែកវិទ្យាសាស្ត្រ ផ្នែកគណិតវិទ្យា និងផ្នែកបច្ចេកវិទ្យា ដែលជាមុខវិជ្ជាមួយយ៉ាងសំខាន់ សម្រាប់បង្កើតសេដ្ឋកិច្ចថ្មីនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មីមានដូចជាកម្មវិធីកម្មសិក្សា វប្បកម្ម នវានុវត្តន៍ បំប៉ន ឬជំរុញសម្ទុះ និងវិនិយោគ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រិន និងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ច គន្លឹះថ្មីៗ រួមទាំងវិស័យសេដ្ឋកិច្ចឌីជីថលផង។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងបន្តពង្រីកវិសាលភាពសកម្មភាពការងាររបស់ខ្លួន និងធ្វើកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលដ៏ទៃទៀតផងដែរ ដើម្បីផ្តល់ឱកាសដល់គ្រប់និស្សិត ឱ្យទទួលបាននូវសេវា និងធនធានរបស់មជ្ឈមណ្ឌល៕
អត្ថបទដោយ: Sereyrath