ខេត្តកែបនឹងកាន់តែលេចធ្លោរតាមរយៈការរៀបចំផែនការមេអភិវឌ្ឍន៍

ខេត្តកែបនឹងកាន់តែលេចធ្លោរតាមរយៈការរៀបចំផែនការមេអភិវឌ្ឍន៍

កែប៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប នឹងជំរុញឱ្យខេត្តនេះក្លាយជាគោលដៅទេសចរណ៍មានភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ខណៈការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ បាននិងកំពុងដំណើរការជាបណ្ដើរៗ។

ក្រសួងទេសចរណ៍នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានបង្ហាញការជឿជាក់ថា ផែនការមេនេះនឹងជួយឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។

លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបបានលើកឡើងថា ដើម្បីគាំទ្រដល់ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប និងខេត្តមណ្ឌលគិរី។

ដោយសារវិស័យទេសចរណ៍ពាក់ព័ន្ធនឹងអន្តរវិស័យ ដូច្នេះការរៀបចំផែនការមេនេះត្រូវគិតគូរជាអន្តរវិស័យ ដូចជាវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលចាំបាច់ត្រូវអនុលោមតាមសក្ដានុពល និងធនធានដែលមានជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែកសាសនា វប្បធម៌ កសិកម្ម និងវិស័យជាច្រើនទៀតដែលមិនទាន់បានកែច្នៃ ធ្វើយ៉ាងណាឱ្យស្របតាមឯកសារបទដ្ឋានគតិយុត្ត និងឯកសារគាំទ្រដទៃទៀត។

ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ មានគោបំណង៖

១.អភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។

២.បង្កើនគុណភាពផលិតផលទេសចរណ៍ដែលមានស្រាប់ និងបង្កើតផលិត ផលទេសចរណ៍ថ្មីៗ ថែមទៀត ដើម្បីពន្យារការស្នាក់នៅរបស់ទេសចរ នៅគ្រប់រដូវកាលឲ្យបានកាន់តែយូរ។

៣.ធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដោយផ្តោតលើផលិតផលទេសចរណ៍តាមគោលដៅ។

៤.ធានាដល់ចីរភាពនៃការអភិវឌ្ឍ និងធនធានធម្មជាតិ និងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសធានាដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។

បើតាមលោក នី ផល្លី សេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២០ ហើយអាចនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នាខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ បន្ទាប់ពីមានការកែសម្រួល ឬមានការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះនឹងត្រូវយកមកអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០៣៥ និងអាចមានការពិនិត្យកែសម្រួលសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត៕

អត្ថបទដោយ: Nary