រដ្ឋាភិបាលថៃផ្ដល់ទូរថភ្លើង៤ ដល់កម្ពុជានៅចុងខែមេសា

រដ្ឋាភិបាលថៃផ្ដល់ទូរថភ្លើង៤ ដល់កម្ពុជានៅចុងខែមេសា
ភ្នំពេញ៖ ទូរថភ្លើង​ដឹក​អ្នកដំណើរ​ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៤ទូ ត្រូវបាន​រដ្ឋាភិបាល​ថៃ ​ផ្តល់ជូន​កម្ពុជា​នៅ​ចុង ខែ ​មេសា ឆ្នាំ ២០១៩  ដើម្បី​ចូលរួម​ជួយ​លើកកម្ពស់​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​នៅ​កម្ពុជា​ ឲ្យ​កា​ន់​តែ​ប្រសើរ បន្ទាប់ពី​មានការ​ស្នើសុំ​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ការប្រកាសផ្តល់ទូរថភ្លើងដល់កម្ពុជានេះ ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ​ដឹក​ជញ្ជូ​ន​កម្ពុជា និង លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ថៃ កាលពី​ថ្ងៃ​ទី​ ៣ ខែ មេសា ឆ្នាំ ២០១៩ នៅ​ទីស្ដីការក្រសួង​សារ​ធារ​ការ និង ​ដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល ​​ឲ្យដឹងថា ជំនួបនេះ​ បាន​ផ្ដោត​សំខាន់​លើ​សេចក្ដីព្រាង​នៃ​កិច្ចព្រមព្រៀង​នៃការដឹកជញ្ជូន​តាមផ្លូវ​ដែក​រវាង​ក​ម្ពុ​ជា-ថៃ  ហើយភាគីថៃ​ត្រៀម​ប្រគល់​ទូរ​រថភ្លើង​ចំនួន ៤ទូ មក​កម្ពុជា។ លោក​បន្តថា៖«ភាគី​ទាំងពី​របាន​ពិភាក្សា​ពី​ការរៀបចំ​ពិធី​ចាក់​បេតុង​ជា​និមិត្តរូប​ត​ភ្ជាប់​ស្ពាន​នៃ​ច្រកទ្វារ​អន្តរជាតិ ស្ទឹង​បត់ ដែល​សម្ដេច​ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ​អញ្ជើញ​ជា​អធិបតី​រួមគ្នា»។ ជាមួយគ្នានេះដែរ លោក Arkhom Termpittayapaisith បាន​ថ្លែងថា រថភ្លើង​ដឹក​អ្នកដំណើរប្រភេទ DMU (Diesel Multiple Unit) ផលិត​ដោយ​ក្រុមហ៊ុន Hitachi របស់​ជប៉ុន។ ជា​ប្រភេទ​ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​មាន​ចំនួន ៤ទូ ដែល​ក្នុង​មួយទូៗដឹក​អ្នក​ដំ​ណើ​រ​បាន ៨០នាក់។ លោក​បន្តថា លើសពីនេះ ភាគីថៃ​បាន​ឯកភាព​ឲ្យ​មាន​វគ្គ​សិក្សា​បន្ថែមទៀត​ស្តីពី DMU ដល់​មន្ត្រី​កម្ពុជា ដើម្បី​ជួយ​ឲ្យ​មន្ត្រី​កម្ពុ​ជា​ឲ្យមាន​ជំនាញ និង​សមត្ថ​ភាពច្បាស់​លាស់ក្នុងការ​បើកបរ ថែទាំ និង​ប្រើប្រាស់​រថភ្លើងដែល​ថៃ​នឹង​ប្រគល់​ជូន​​ភាគី​កម្ពុជា​ ហើយ​កម្មវិធី​បណ្តុះបណ្តាល​អាច​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ។ សូមបញ្ជាក់ថា ក្នុងជំនួប​នោះ ភាគីទាំងពីរ បាន​ពិនិត្យ និង​ពិភា​ក្សា​គ្នា​លើ​ពាក្យពេចន៍​មួយចំនួន​នៃ​កិច្ចព្រមព្រៀង​​​ដឹកជញ្ជូន​តាមផ្លូវ​ដែក ​ក​ម្ពុ​ជា-ថៃ ដែល​ភាគី​ថៃ​បាន​ស្នើសុំ​បញ្ជាក់​ពី​ភាគី​កម្ពុ​ជា។ ក្នុងនោះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ទាំងស្រុង​​លើ​ពាក្យពេចន៍​នៅក្នុង​កិច្ចព្រមព្រៀង​។ ទាក់ទងនឹងវិស័យផ្លូវដែកនេះ ក្នុង​វេទិកា​ រាជរដ្ឋាភិបាល-ផ្នែក​ឯកជន ​លើក​ទី១៨ កាលពី​ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩  សម្ដេច ហ៊ុន សែន បានស្នើ​ទៅដល់​ឯកអគ្គរដ្ឋទូត​ចិន វៀតណាម និង​ជប៉ុន ក្នុងការជួយផ្ដល់​ក្បាលរថភ្លើង និង​អភិវឌ្ឍន៍​ផ្លូវដែក​នៅកម្ពុ​ជា។ សម្ដេច​ថា៖«បើ​មិ​ត្ដ​វៀតណាម​សល់​បំរុងចាស់ៗ សុំ​ខ្លះ​មើល ថៃ​ឲ្យ​ខ្លះ​ហើយ វៀតណាម​ឲ្យ​ខ្លះមក ហើយ​ឯក​អគ្គរ​ដ្ឋ​ទូត​ចិន​នៅឯណា សុំ​ក្បាលរថភ្លើង​ខ្លះ​នឹង...មើលអាចាស់ៗ ស្រុក​របស់លោក​ឯង សុំ​មើល ខ្ញុំ​ត្រូវការ​ព​ន្លឿ​ន​អាហ្នឹង ដឹក​តាម​រ​ទេះ​ភ្លើង ដឹក​តាម​កា​ប៉ោល​មក ខ្ញុំ​សុំ​ខ្លះមក»៕
អត្ថបទដោយ: Koemsoeun