ចិនកំពុងសាងសង់ផ្លូវល្បឿនលឿន 5G បំពាក់ប្រព័ន្ធត្រួតពិនិត្យចរាចរណ៍

ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua កាលពីខែមីនាឆ្នាំ ២០១៩ កន្លងទៅ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋមួយរបស់ចិនឈ្មោះ China Mobile កំពុងកសាងផ្លូវវៃឆ្លាត 5G ដំបូងគេមួយ ដែលជាប្រព័ន្ធផ្លូវថ្នល់ក្នុងទីក្រុងដែលមានសមត្ថភាព អាចដំណើរការជាមួយបណ្តាញទូរស័ព្ទចល័តបាន។ ហេដ្ឋារចនាសម្ព័ន្ធនេះ កំពុងត្រូវបានសាងសង់នៅក្នុងទីក្រុង Wuhan នៃខេត្ត Hubei ស្ថិតនៅភាគកណ្តាលប្រទេសចិន។
ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតមួយរបស់ប្រទេសចិន China Mobile គ្រោងនឹងបង្កើតបណ្ដុំសេវាកម្ម 5G នៅលើផ្លូវល្បឿនលឿន ដោយចាប់ផ្តើមពី “ស្ថានីយបង់ប្រាក់ឆ្លាតវៃ” ជំនួសឲ្យប្រតិបត្តិការរបស់មនុស្ស។ លើសពីនេះក្រុមហ៊ុន ក៏នឹងរៀបចំប្រព័ន្ធបញ្ញាសិប្បនិម្មិត ក្នុងការប្រមូលទិន្នន័យចរាចរណ៍ទៅតាមពេលវេលាជាក់លាក់ ដើម្បីឲ្យគេអាចដំណើរការរថយន្តគ្មានមនុស្សបើក នៅលើផ្លូវនោះផងដែរ។
សូមបញ្ជាក់ថា China Mobile មិនមែនជាក្រុមហ៊ុនដំបូងគេក្នុងលោក ដែលស្ថាបនាគម្រោងផ្លូវល្បឿនលឿន 5G នោះទេ តែក្រុមហ៊ុននេះ ជាអ្នកផ្ដួចផ្ដើមគំនិតមុនគេ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ សហការគ្នាក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជំនាន់ទី៥ (5G)។ ជាក់ស្ដែងការសាងសង់ផ្លូវល្បឿនលឿនខាងលើនេះ ក្រុមហ៊ុន China Mobile ត្រូវពឹងផ្អែកទៅលើបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនបរទេសមួចចំនួនផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងដូចជា SK Telecom, KT និង LG U+ សុទ្ធតែបានសាកល្បងប្រព័ន្ធ 5G សម្រាប់រថយន្តដែលអាចបើកបរដោយខ្លួនឯង ខណៈក្រុមហ៊ុន Samsung បានបង្កើតទីក្រុងសិប្បនិម្មិត្តមួយ ដើម្បីសាកល្បងការបើកបររថយន្តស្វ័យប្រវត្តិ។
មកទល់ពេលនេះ ក្រុមហ៊ុន China Mobile បានដំឡើងស្ថានីយ 5G ចំនួន ៥ ហើយ ក្នុងក្រុង Wuhan ដើម្បីគាំទ្រការផ្តួចផ្តើមរបស់ខ្លួន។ ក្រុមហ៊ុននេះរំពឹងថា ខ្លួននឹងសាងសង់ស្ថានីយបន្ថែមចំនួន ២.០០០ កន្លែងទៀតនៅមុនដំណាច់ឆ្នាំ ២០១៩។ ក្រុមហ៊ុន ក៏បានស្នើសុំការអនុញ្ញាតឲ្យមានការសាកល្បងនូវដំណើរការរថយន្តស្វ័យប្រវត្តិ ដើម្បីឲ្យរថយន្តទាំងនោះអាចបើកបរនៅលើផ្លូវជាមួយមនុស្សបានផងដែរ៕
ប្រភព៖ venturebeat.com
អត្ថបទដោយ:
Vasna





