ទីផ្សារស្ថាបត្យកម្មនៅកម្ពុជាមានតម្រូវការខ្ពស់ តែចំនួនស្ថាបត្យករជាស្រ្តីក្នុងវិស័យនេះមានតិចតួច
បើទោះបីជា វិស័យស្ថាបត្យកម្មនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ គេសង្គេតឃើញថាទីផ្សារមួយនេះភាគច្រើនកាន់កាប់ដោយស្ថាបត្យករជាបុរស ខណៈ ស្ថាបត្យករជាស្រ្តីនៅមានកម្រិតនៅឡើយ។
គិតមកទល់ឆ្នាំ ២០១៩នេះ ចំនួនស្រ្តីនៅកម្ពុជាមានជាង៥០% នៃចំនួនប្រជាជនសរុប (១៦លាននាក់) ប៉ុន្តែចំនួនស្ត្រីដែលមានតួនាទីក្នុងកិច្ចការស្ថាបត្យកម្ម និងបម្រើការងារ នៅក្នុងវិស័យនេះ នៅមានកម្រិតនៅឡើយ។ នេះបើយោងតាម លោកស្រី ស្ថាបត្យករ សុខ មួយហ្គេច។
ថ្លែងប្រាប់គេហទំព័រសំណង់និងអចលនទ្រព្យ KHB Media លោកស្រី ស្ថាបត្យករ សុខ មួយហ្គេច ដែលបានបញ្ចប់ការសិក្សាជំនាញផ្នែកស្ថាបត្យកម្មមកពីចក្រភពអង់គ្លេស និងបច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុន ស្ថាបត្យកម្ម BMKនិយាយថាវិស័យស្ថាបត្យកម្មនៅកម្ពុជា មានការរីកចម្រើនជាលំដាប់ ស្របពេលដែលវិស័យនេះ បានកំពុងចូលរួម ចំណែកមួយផងដែរ ក្នុងការកសាងខឿនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ។
ស្ថាបត្យករនារីរូបនេះ បានអះអាងថា ស្រ្តីជាស្ថាបត្យករមានសមត្ថភាពខ្ពស់ និងអាចបំពេញតួនាទីនៅក្នុងវិស័យស្ថាបត្យកម្មកម្ពុជាបានរយៈពេលយូរអង្វែង ប៉ុន្តែគេ សង្គេតឃើញថា ស្រ្តីក្នុងវិស័យនេះ នៅមានចំនួនតិចតួចនៅឡើយ បើទោះជាស្រ្តីទាំងនោះ មានសមត្ថភាពខ្ពស់លើជំនាញនេះមិនចាញ់បុរសក៏ដោយ។
លោកស្រី ស្ថាបត្យករ សុខ មួយហ្គេចបានបញ្ជាក់ពីមូលហេតុមួយចំនួនដែលមានស្រ្តីក្នុងវិស័យស្ថាបត្យកម្មនៅកម្ពុជាមានចំនួនតិច បើធៀបនឹងបណ្តានៅតំបន់អាស៊ាន។ កត្តាទាំងនោះរួមមានដូចជា៖ កត្តាសង្គម កត្តាគ្រួសារ និង កត្តាសុវត្ថិភាពក្នុងការងារជាដើម។
លោកស្រី មួយហ្គេចបានឲ្យដឹងថា៖«សង្គម មិនសូវឱ្យតម្លៃលើសមត្ថភាពរបស់ស្រ្តីចំពោះការងារនេះ ម្យ៉ាងវិញទៀត ឪពុកម្តាយមួយចំនួន មានផ្នត់គំនិតមិនចង់ឱ្យកូនស្រីរៀនជំនាញស្ថាបត្យកម្មដូចកូនប្រុស»។
លោកស្រីបន្តថា៖«កត្តាសុវត្ថិភាព ក៏ជាកត្តាសំខាន់ផងដែរចំពោះស្រី ខណៈស្រ្តីចុះទៅបំពេញការងារនៅតាមការដ្ឋានសាងសង់ផ្ទាល់ អ្វីដែលជាកត្តាសំខាន់បំផុតទៀតនោះគឺកត្តាគ្រួសារ ព្រោះស្រ្តីជាស្ថាបត្យករភាគច្រើន នៅពេលរៀបការរួច ឬមានកូន គេតែងបង្ខំចិត្តបោះបង់ការងារក្នុងក្តីស្រម៉ៃរបស់ខ្លួន»។
ស្ថាបត្យករនារី ដែលបានប្រឡូកក្នុងវិស័យស្ថាបត្យកម្មយូរក្រែលដែរនោះ បានសង្កត់ធ្ងន់ថា ស្ថាបត្យកម្មដើរតួនាទីសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនា កម្សាន្ត និងយល់ដឹងពីវប្បធម៌ខ្មែរ តួយ៉ាងតាមរយៈ សំណង់ប្រាសាទអង្គរវត្តជាដើម។ ហេតុនេះ លោកស្រី ពិតជាចង់ឃើញ និងចង់ឱ្យស្ថាប័នពាក់ព័ន្ធបង្កើនចំនួនស្រ្តីក្នុងវិស័យស្ថាបត្យកម្ម ព្រោះស្រ្តីគឺមានគំនិតច្នៃប្រឌិតខ្ពស់និងល្អិតល្អន់លើជំនាញស្ថាបត្យកម្ម មិនចាញ់បុរសនោះឡើយ។
លោកស្រីថា កាលណាមាន ធនធានស្រ្តីក្នុងវិស័យនេះកាន់តែច្រើន រាល់ការសាងសង់កន្លែងរស់នៅណាមួយ នឹងឆ្លើយតបទៅនឹងតម្រូវការរបស់ស្រ្តីដូចគ្នា ពិសេសនឹងឈានទៅជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិថែមទៀត។
គិតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ ដែលបញ្ជាក់ច្បាស់លាស់ ថាតើកម្ពុជាមានចំនួនស្រ្តីជាស្ថាបត្យករ ដែលកំពុងបម្រើការងារក្នុងវិស័យស្ថាបត្យកម្មមានចំនួនប៉ុន្មាននៅឡើយទេ។
យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា កម្ពុជាមានចក្ខុវិស័យឈានទៅរកការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនាពេលឆាប់ៗខាងមុខ ហេតុនេះ ដើម្បីសម្រេចកិច្ចការនេះបាន គឺចាំបាច់ត្រូវតែមានការចូលរួមពីធនធានមនុស្សទាំងបុរសនិងស្រ្តីពីវិស័យស្ថាបត្យកម្ម និងសំណង់ ខណៈកម្ពុជា មិនទាន់មានគំរូប្លង់មេទីក្រុងវៃខ្លាតដែលមានគុណភាពពិតប្រាកដនៅឡើយ៕