រដ្ឋាភិបាលសម្រេចដកយកផ្លូវដែកដែលគ្រប់គ្រងដោយឧកញ៉ា គិត ម៉េង

ភ្នំពេញ: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចបញ្ចប់ការធ្វើអាជីវកម្មផ្លូវដែកពីក្រុមហ៊ុន រ៉ូយ៉ាល់ (Royal Railways) របស់ឧកញ៉ា គិត ម៉េង រួចប្រគល់ជូនក្រសួងសាធារណការ និង ដឹកជញ្ជូន ជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន ដើម្បីរង់ចាំក្រុមហ៊ុនវិនិយោគថ្មី ដែលមានលទ្ឋភាពធ្វើឲ្យផ្លូវដែកប្រសើរជាងនេះ។ ការសម្រេចរបស់សម្តេច ហ៊ុន សែន ដូចនេះ បានធ្វើឡើងក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៩។
ការបញ្ជប់ធ្វើអាជីវពីក្រុមហ៊ុន រ៉ូយ៉ាល់ នេះ សម្តេច ហ៊ុន សែន ថា មិនមែនជាកំហុសរបស់ លោក គិត ម៉េង នោះទេ ប៉ុន្ដែវាជាការរកវិធីថ្មី ធ្វើឲ្យប្រសើរឡើងនៃផ្លូវដែករបស់កម្ពុជា។ ចំពោះការវិនិយោគសាជាថ្មីនឹងធ្វើឲ្យមានការដេញថ្លៃវិនិយោគលើផ្លូវដែកជាថ្មី ដោយបើកចំហរឲ្យគ្រប់ក្រុមហ៊ុនចូលរួមដេញថ្លៃ មិនមែនចងមុងដេញថ្លៃដូចមុនទៀតទេ។
ជាមួយគ្នានេះដែរ សម្តេចក៏បានស្នើទៅឯកអគ្គរដ្ឋទូត ចិន វៀតណាម និង ជប៉ុន ផងដែរ ក្នុងការជួយផ្តល់ក្បាលម៉ាស៊ីនរថភ្លើងចាស់ៗ និងអភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជា និង ជំរុញឲ្យប្រើប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅតាមក្រសួងស្ថាប័ន្ធនានាផងដែរ។ បន្ទុកនេះ ក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ដែលបានប្រឹងប្រែងអភិវឌ្ឍន៍ និងជំរុញការប្រើប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់សេវារបស់ខ្លួន។
សម្ដេចបានបញ្ជាក់ថា «ឥឡូវ កុំថាខ្ញុំបន្ទោសឧកញ៉ា គិត ម៉េង គឺដោយសារស្ថានភាពវាតម្រូវ។ ឥឡូវនេះ បើទុកឲ្យ គិត ម៉េង តទៅទៀត វាមានតែដួលរំលំទាំងអស់គ្នាទេ គឺផ្លូវដែកក៏ដួលរំលំ ការដឹកជញ្ជូនតាមផ្លូវដែកក៏ដួលដែរ ហើយបើចង់កាត់បន្ថយនូវការកកស្ទះ និងបង្កើនតម្លៃ គឺទៅអត់រួចទេ។ អ៊ីចឹងទេ ឧកញ៉ា គិត ម៉េង ត្រូវយោគយល់ មិនមែនជាទណ្ឌកម្មចំពោះឧកញ៉ាទេ ឧកញ៉ារួចខ្លួនវិញទេ ផ្ទុយទៅវិញឧកញ៉ាទទួលផលកម្ម ថ្មបាក់ពីគេទេ»។
ទាក់ទងនឹងបញ្ហានេះ តំណាងក្រុមហ៊ុន Royal Railways របស់ លោក គិត ម៉េង មិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការបញ្ជាក់ជុំវិញករណីនេះបាននៅឡើយ។
សូមបញ្ជាក់ថា ផ្លូវដែកកម្ពុជានេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១៩២៩ ដល់ ១៩៤២ ក្នុងសម័យអាណានិគមបារាំង ប៉ុន្តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។
ការស្តារឡើងវិញនូវផ្លូវដែក ដែលគ្រប់គ្រងដោយក្រុមហ៊ុ រ៉ូយ៉ាល់ របស់ លោក គិត ម៉េង បានចំណាយថវិកាប្រមាណ ៩៦.៦ លានដុល្លារអាមេរិក ដែលក្នុងនោះទឹកប្រាក់ប្រមាណ ១៣ លានដុល្លារ ជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយទឹកប្រាក់ជាង ៨៣.៦ លានដុល្លារ ទៀតជាថវិការបស់រាជរដ្ឋាភិបាល។ ប៉ុន្តែការស្តារផ្លូវដែកឡើងវិញនេះ ហាក់មិនបានធ្វើឲ្យមានភាពល្អប្រសើរនោះឡើយ ទើបរាជរដ្ឋាភិបាល សម្រេចដកហូតយកមកគ្រប់គ្រងវិញ ដើម្បីរង់ចាំក្រុមហ៊ុនវិនិយោគថ្មី ដែលមានលទ្ឋភាពធ្វើឲ្យផ្លូវដែកកម្ពុជាមានវ័យចមណាស់នេះ មានប្រសើរជាងនេះ៕
អត្ថបទដោយ:
Koemsoeun









