ទីលានសម្ងួតភក់ក្រុងព្រះសីហនុនឹងបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យកើនដល់ជិត៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ

ទីលានសម្ងួតភក់ក្រុងព្រះសីហនុនឹងបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យកើនដល់ជិត៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ
ព្រះសីហនុ៖ គម្រោងសាងសង់ទីលានសម្ងួតភក់ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ត្រូវបាន​សាង​សង់ឡើង​នៅលើផ្ទៃដីទំហំ ១៦ ហិកតា ដែលអាច​បង្កើន​សមត្ថភាពប្រព្រឹត្ត​កម្មទឹក​កខ្វក់​ពី ៥.៧០០​ម៉ែត្រគូប ក្នុងមួយ​ថ្ងៃ ឱ្យកើន​ដល់ ២៥.០០០​ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គម្រោងនេះ បំពាក់ ដោយប្រព័ន្ធម៉ាស៊ីនមេកានិចស្វ័យប្រវត្តិ ដែលបន្ថែមដោយគណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជា ដែលបានចុះពិនិត្យ និងសិក្សា កាលនៅថ្ងៃទី ២៥ ខែមីនា​ ឆ្នាំ ២០១៩​ បាន​អោយដឹងថា ទីលានសម្ងួតភក់នេះ នឹងបូមបង្វែទឹកកខ្វក់ កុំឱ្យហូរចូលក្នុងសមុទ្រចំនួន ៤ ទីតាំង គឺ នៅឆ្នេរឯករាជ្យ អូរសំអាត ឆ្នេរសុខា និងឆ្នេរអូរឈើទាល។ ក្រៅពីនោះ ក៏បានជួយដោះស្រាយសំរាមតាមឆ្នេរ តាមការ​ដ្ឋានសំ​ណង់ កែលម្អ​ប្រព័ន្ធ​លូ បណ្ដាញផ្លូវ និងគ្រប់គ្រងសំណង់ផងដែរ។ គណៈកម្មាធិការនេះ ក៏បានធ្វើការណែនាំផងដែរ ទៅដល់ម្ចាស់ការដ្ឋានសំណង់ អគារគ្រប់​ប្រភេទ ត្រូវធ្វើរបងព័ទ្ធការដ្ឋានកម្ពស់យ៉ាងតិចឱ្យបាន ២ម៉ែត្រ ​ដោយរៀបចំជើងរបង​អំពីបេ​តុងកម្ពស់យ៉ាងតិច ៨០ សង់ទីម៉ែត្រ ដើម្បីកុំឱ្យដីសំណល់ រឹង រាវ ហៀរចេញពីការដ្ឋាន​ទៅលើ​ផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ព្រែក អូរ បឹង និងទីសាធារណៈ ក្នុងគោលដៅធានា​សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព និងបរិស្ថាន។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រួមនឹងរដ្ឋបាល​ខេត្តព្រះសីហនុផងដែរ។​ ចំពោះថវិកានៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ បានមកពី​វិស័យ​ឯក​ជន ដែលជា​ម្ចាស់សណ្ឋាគារ​ខ្នាតធំចូលរួមចំណែក។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ និងភ្លើងបំភ្លឺជាសាធារណៈគឺ អនុវត្តតាមផែនការរដ្ឋ។ ចំពោះវិស័យឯកជន ចូលរួមនៅ​តំបន់ដែល​មាន​សណ្ឋាគារធំៗ ដើម្បីសម្រាល​បន្ទុក​ចំណាយរបស់រដ្ឋ ហើយក៏ជាសោភ័ណ​ភាព​របស់​សណ្ឋា​​គារក្នុងការធ្វើ​អាជីវកម្មផង​ដែរ៕
អត្ថបទដោយ: Sereyrath