ក្រុមហ៊ុនចិន មានគម្រោងបើករោងចក្រផលិតរថភ្លើងល្បឿនលឿនជាលើកដំបូងនៅកម្ពុជា

ក្រុមហ៊ុនចិន មានគម្រោងបើករោងចក្រផលិតរថភ្លើងល្បឿនលឿនជាលើកដំបូងនៅកម្ពុជា
ភ្នំពេញ៖ លោក នេត មុនីប៉ុណ្ណាកា ប្រធាន​មន្ទីឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ បានឲ្យដឹង​ថា មានក្រុមហ៊ុនចិនមកពីខេត្តហួរណា​ន នៃទីក្រុងជួរចុង ចំនួន​ ៦ ក្រុមហ៊ុន បានបង្ហាញពីផែនការ​វិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមក្រុមហ៊ុនទាំង ៦ នោះ មានក្រុមហ៊ុន មួយ គ្រោងបើករោងចក្រផលិត រថ​ភ្លើង​ល្បឿន​​លឿន (៣៥០ គីឡូម៉ែត្រ​ ក្នុង​មួយម៉ោង)។ ក្រៅពីនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត មានគម្រោងបង្កើតរោងចក្រ​ ផលិតគ្រឿងឧបករណ៍អគ្គិសនី​  ផលិត​រថយន្តដើរដោយអគ្គិសនី និង គម្រោងបើករោងចក្រកែច្នៃម៉ូតសម្លៀកបំពាក់ជាដើម។ ការឲ្យដឹងពី លោក នេត មុនីប៉ុណ្ណាកា  នេះ ក្នុងកិច្ច​ប្រជុំផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ ទាក់ទងនឹង​សហគ្រាសធុនតូច​ និង​មធ្យម​ រវាងគណៈប្រតិភូប្រទេសចិន មកពីទីក្រុងជូចុង​ នឹង​មន្ទីឧស្សហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ លោក នេត មុនីប៉ុណ្ណាកា បានបង្ហើបឲ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុនចិនទាំងនោះ អាចនឹងត្រូវបើកដំណើរ​ការនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ និងតំបន់ឧស្សាហកម្មសេដ្ឋកិច្ច នៅជាយរាជធានីភ្នំពេញ​នា​ពលខាងមុខ។ ការ​បង្ហាញផែន​ការវិនិយោគរបស់ក្រុមហ៊ុនចិននេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុង​យកចិត្តទុកដាក់ ក្នុងការទាក់ទាញអ្នកវិនិយោគផ្ទាល់បរទេស សំដៅពន្លឿ​ន​កំណើនសេដ្ឋកិច្ចជាតិ។ ដោយយោងតាមតំណាងក្រុមហ៊ុន មកពីខេត្ត ហួរណាន ទីក្រុងជួរ​ចុង ប្រទេសចិន ដោយសុំមិនបង្ហាញឈ្មោះ បានឲ្យដឹងថា កត្តាដែលជម្រុញឲ្យក្រុមហ៊ុននេះ មកឆ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ចនៅកម្ពុជា ដោយសារតែប្រទេសនេះ មានសន្ទុះកំណើនសេដ្ឋកិច្ចថេរ មានអំណោយ​ផលទីតាំងភូមិសាស្រ្ត ជាពិសេស​ទំនាក់ទំនងដ៏ជិតស្និទរវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។ សូម​ជម្រាបថា​ អំឡុង​ពេលពីរទសវត្សរ៍ចុងក្រោយនេះ​ ដោយរាប់ចាប់ពីឆ្នាំ ១៩៩៤ រហូតមកដល់ឆ្នាំ ២០១៦  អ្នក​វិនិយោគផ្ទាល់ពីប្រទេសចិន​មានទំហំទឹកប្រាក់ជិត​ ១៥ ពាន់លានដុល្លារអាមេរិក នៅ​កម្ពុជា ហើយការវិនិយោគរបស់ចិននៅកម្ពុជា ផ្តោតលើវិស័យកសិកកម្ម កសិ​ឧស្សាហកម្ម កម្មន្តសាល ហេដ្ឋារចនា​សម្ព័ន្ធ សេវាកម្ម និង វិស័យ​ទេសចរណ៍ ផងដែរ៕ លោក នេត មុនីប៉ុណ្ណាកា ប្រធានមន្ទីឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ
អត្ថបទដោយ: Bunthoeun