អគារទាំង ៨ ដែលមានទឺកធ្លាក់សិប្បនិម្មិតស្រស់ស្អាតបំផុតលើលោក

ពិភពលោក៖ យោងតាមគេហៈទំព័រ deezeen.com បានឲ្យដឹងថា មានអគារចំនួន ៨ ដែលត្រូវបានគេសាងសង់ដោយរួមបញ្ចូលទឹកធ្លាក់ដ៏ស្រស់ស្អាតមកជាមួយ។ អគារទាំង ៨ នោះរួមមាន៖
១. អគារអន្តរជាតិ Liebian (ប្រទេសចិន)
អគារនេះជារបស់ក្រុមហ៊ុន Ludi Industry Group ដែលគេចាត់ទុកថា អគារដែលមានទឹកធ្លាក់សិប្បនិម្មិតដ៏អស្ចារ្យដំបូងគេក្នុងពិភពលោក។ អគារនេះមានកម្ពស់ ១២១ ម៉ែត្រ ស្ថិតនៅក្នងទីក្រុង Guiyang ភាគនិរតីនៃប្រទេសចិន។ ទឹកធ្លាក់ពីអគារមានកម្ពស់ ១០៨ ម៉ែត្រ ត្រូវបានគេរចនាឡើងដើម្បីផ្គត់ផ្គង់ទឹកដល់ទីក្រុង Guiyang ទាំងមូល។
២. អាកាសយានដ្ឋាន Jewel Changi (សិង្ហបុរី)
អាកាសយាន្តដ្ឋាន Jewel Changi Airport ត្រូវបានរចនាឡើងដោយស្ថាបត្យករ Moshe Safdie មានចំណុចដ៏អស្ចារ្យជាច្រើន គួរឲ្យកោតសរសើរ។ អគាររបស់វាមានកម្ពស់ ១០ ជាន់ (៥ជាន់ស្ថិតនៅខាងក្រោមដី និង៥ជាន់ស្ថិតនៅខាងលើដី)។ នៅត្រង់ចំណុចកណ្ដាលនៃអគារ មានទឹកធ្លាក់សិប្បនិម្មិត្ត ដែលគេចាត់ទុកថា ជាទឹកធ្លាក់ក្រោមដំបូលខ្ពស់ជាងគេលើលោក។ នៅជុំវិញនោះ មានសួនច្បារដ៏ស្រស់ស្អាតសម្អដោយដើមឈើធម្មជាតិខៀវស្រង៉ាត់ផងដែរ។
៣. Fallingwater (សហរដ្ឋអាមេរិក)
Fallingwater ជាគេហដ្ឋានមួយរបស់ Frank Lloyd Wright ដែលស្ថិតនៅក្នុងតំបន់ជនបទនៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ គេចាត់ទុកផ្ទះនេះ ជាអគារដែលមានទឹកធ្លាក់សិប្បនិម្មិត្ត ល្បីល្បាញជាងគេក្នុថងពិភពលោក។
ផ្ទះនេះសាងសង់ឡើងលើទឹកធ្លាក់កម្ពស់ ៩ ម៉ែត្រ ត្រូវបានវិទ្យាស្ថានស្ថាបត្យកម្មអាមេរិក ចាត់ទុកថា «ការងារ ស្ថាបត្យកម្មល្អបំផុតក្នុងសហរដ្ឋអាមេរិច»។
៤. Waterfall Building (ឥណ្ឌូនេស៊ី)
នៅក្នុងឧទ្យានកែច្នៃ Mekarsari Fruit លើកោះជ្វាប្រទេសឥណ្ឌូនេស៊ី មានអគារមួយព័ណ៍ស មានកម្ពស់ ៧ ជាន់ ដែលគ្របដណ្តប់ដោយរុក្ខជាតិ។ អគារនោះមានឈ្មោះថា Waterfall Building ដែលមានទឹកធ្លាក់នៅផ្នែកខាងមុខ។ ទឹកដែលធ្លាក់ពីអគារកម្ពស់ប្រាំពីរជាន់នេះ និងហូរចូលទៅក្នុងបឹងមួយ។
៥. អគារជាតិនៃការចងចាំ ១១ កញ្ញា (សហរដ្ឋអាមេរិក)
អគារនេះរចនាឡើងដោយស្ថាបត្យករចំនួនពីររូបគឺ លោក Michael Arad ជាអ្នករចនាអគារ និង លោក Peter Walker ដែលជាអ្នករចនាទេសភាព។ អគារនេះ មានប្រភពទឹកចំនួនពីរ ដែលហូលចូលក្នុងប្រហោងរាងការ៉េពីរ ដែលតំណាងឲ្យអគារពាណិជ្ជកម្មពិភពលោក។
៦. Waterfalll (បារាំង)
ស្ថាបត្យករដាណឺម៉ាក លោក Olafur Eliasson បានរចនាទឹកធ្លាក់ Waterfall នៅ Grand Canal ក្នុងវិមាន Versailles ទីក្រុងប៉ារីស។ ការសាងសង់នេះ ត្រូវបានបង្កើតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនា ដោយការធ្វើឲ្យមានទឹកធ្លាក់នៅកណ្ដាលអាងហែលទឹក។
៧. Casa Cascada (ប្រទេសកូស្តារីកា)
Casa Cascada ឬ Waterfall House ត្រូវបានគេដាក់ឈ្មោះតាមលក្ខណៈទឹកដែលហូរពីអាងហែលទឹកជាន់លើ នៅជាន់ទី ១ ទៅស្រះទឹកនៅជាន់ផ្ទាល់ដី។ រចនាដោយមន្ទីរថែទាំទ្រទ្រង់លំនៅដ្ឋាន (Laboratory Sustaining Design) អគារ ៤ ជាន់នេះ ត្រូវរបានចនាឲ្យមានលក្ខណៈជម្រាល ដើម្បីឱ្យមើលទៅដូចទេសភាពមហាសមុទ្រ។
៨. សួនច្បារ Gardens by the Bay (ប្រទេសសិង្ហបុរី)
Gardens by the Bay ជាសួនច្បារត្រូពិចដ៏ធំមួយ ដែលរចនាដោយស្ថាបត្យករអង់គ្លេស Wilkinson Eyre និងស្ថាបត្យករទេសភាព Grant Associates មានទឹកធ្លាក់កម្ពស់ ៣០ ម៉ែត្រ នៅផ្ទះកញ្ចក់ដ៏ធំមួយ៕
ប្រភព៖ www.deezeen.com
អត្ថបទដោយ:
Vasna







