ក្រុមហ៊ុនបរទេសចំនួនពីរនៅកម្ពុជា ចាប់ដៃគ្នាលក់គម្រោងទៅកាន់ទីផ្សារចិន និងអឺរ៉ុប

ភ្នំពេញ៖ ក្រុមហ៊ុន យូនណាន សេងម៉ៅ អ៊ិនវេសមិន របស់ចិន បានចាប់ដៃជាមួយក្រុមហ៊ុន Attica Diamond របស់ ក្រិច ធ្វើការផ្សព្វផ្សាយ លក់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះអន្តរជាតិ ថ្រាយអ៊ឹម (TCC Triumph) ទៅកាន់ទីផ្សារប្រទេសចិន និង សហគមន៍អឺរ៉ុប បន្ទាប់ពីបោះទុនវិនិយោគ ១ ពាន់លានដុល្លារ។
ក្រុមហ៊ុនទាំងពីរនេះ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា (MOU) កាលពី ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៩ ដែលធ្វើឡើងនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងថា ការចុះ MOU រវាងក្រុមហ៊ុនទាំងពីរខាងលើនឹងក្លាយជាឱកាសមួយ ដើម្បីចូលរួមកិច្ចការជាមួយគ្នារវាង កម្ពុជា-ចិន និងក្រិច ហើយសង្ឃឹមថានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់ទិញទំនិញតែមួយកន្លែង អាចរកបានគ្រប់មុខទំនិញដែលពួកគេត្រូវការ។
លោកបញ្ជាក់ថា គម្រោងនេះ បានជួយដល់សាលារាជធានីភ្នំពេញ ដែលកំពុងតែរៀបចំអភិវឌ្ឍនៅតាមដងទន្លេ ហើយអាជីវករដែលរកស៊ីនៅតាមដងទន្លេ អាចចូលមកលក់នៅក្នុងទីផ្សារនេះបាន ដោយក្រុមហ៊ុនយល់ព្រមចូលរួមសហការជានិច្ច។
ជាមួយគ្នានេះដែរ លោក Chen Taian បានអោយដឹងថា គម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មបោះដុំទំនិញជាង ១ លានប្រភេទ និងជាមជ្ឈមណ្ឌលកំសាន្តធំជាងគេនៅក្នុងប្រទេសកម្ពុជា បូករួមទាំងផ្សារពាណិជ្ជកម្ម សណ្ឋាគារលំដាប់ផ្កាយ អគារស្នាក់នៅ អគារការិយាល័យ និងវិថីអាហារជាដើម។
លោកបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះ មានក្តីសង្ឃឹមថា នឹងផ្តល់ការប្រឹក្សាលើវិស័យអចលនទ្រព្យ ដោយការយកគម្រោងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយអ៊ឹមនេះ ទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអឺរ៉ុប ប្រកបដោយភាពជោគជ័យ។
សូមជំរាបថា មជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះ នឹងសាងសង់នៅលើអតីតផែស្ងួត ជិតសកលវិទ្យាល័យការពារជាតិ ចំងាយប្រហែល ៥០០ ម៉ែត្រ ពីផ្លូវជាតិលេខ៥។ ទីផ្សារអចលនទ្រព្យក្នុងទីតាំងនេះ កំពុងមានការកើនឡើងខ្ពស់ ដោយសារតំបន់នេះ ត្រូវបានតភ្ជាប់នឹងខណ្ឌជ្រោយចង្វារ បន្ទាប់ពីមានការសាងសង់ស្ពានបេឡេ និងគម្រោងសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប។
បច្ចុប្បន្ន មានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន របស់ចិនត្រូវបានប្រកាសនៅកម្ពុជា មានដូចជាគម្រោង Wisney World ដែលមានតម្លៃជាង ១ ពាន់លានដុល្លារ ស្ថិតនៅក្នុងខេត្តព្រះសីហនុ គម្រោង ក្រុងវិស្សមកាលទេសចរណ៍ ស្ថិតក្នុងខេត្តកោះកុង មានតម្លៃ ១,២ ពាន់លានដុល្លារ និងគម្រោង TCC Triumph នៅភ្នំពេញ ដែលមានតម្លៃ ១ ពាន់លានដុល្លារផងដែរ៕
អត្ថបទដោយ:
Koemsoeun



