ព្រីនស៍រៀលអ៊ីស្ទេត នឹងបន្ថែមទុនវិនិយោគឲ្យដល់ ២០ ប៊ីលានដុល្លារ រយៈពេល១០ឆ្នាំទៀត

ព្រីនស៍រៀលអ៊ីស្ទេត នឹងបន្ថែមទុនវិនិយោគឲ្យដល់ ២០ ប៊ីលានដុល្លារ រយៈពេល១០ឆ្នាំទៀត
ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោងអចលនទ្រព្យធំជាងគេមួយ នៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនឲ្យបាន ២០ ប៊ី​លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ ​ឆ្នាំ ខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បាន​បោះទុនវិនិយោគលើគម្រោងអចលនទ្រព្យជាង ៤ ពាន់លានដុល្លារ​អាមេរិករួច​ហើយ។ ការបន្ថែមទុនវិនិយោគនេះ ក្រុមហ៊ុនក៏បានរៀបចំនូវ​គម្រោងរបស់ខ្លួនរួចជាស្រេចហើយ​ នៅខេត្តព្រះសីហនុ ភ្នំពេញ និងសៀមរាប ជាដើម ដែលជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែម។ លោក លី មីន អគ្គនាយកក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ថ្លែងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់​​​ពីចុះហត្ថលេខា ជាមួយ​ក្រុមហ៊ុនយីហោល្បីៗ ជាច្រើន ដែលនឹងត្រូវបើកដំណើរការហាងនៅក្នុង​អគារមជ្ឈម​ណ្ឌល​ព្រីនស៍ផ្លាហ្សា​អ៊ីនធើណេសិនណល នៅ​ផ្លូវសហព័ន្ធរុស្សី កាល​ពីព្រឹកថ្ងៃទី ២២ មីនា ២០១៩ ថា ក្រុមហ៊ុនព្រីនស៍​រៀលអ៊ីស្ទេត នឹងឈរលំដាប់កំពូល ជាក្រុមហ៊ុនអន្តរជាតិវិនិយោគ នៅក្នុងប្រទេសកម្ពុជា។  ការថ្លែងដូចនេះ ដោយ​សាការវិនិយោគនៅគម្រោងអចលនទ្រព្យធំៗជាច្រើន ជាក់ស្ដែង គម្រោងព្រីនស៍ផ្លាហ្សានៅបណ្ដោយផ្លូវ ព្រះនរោ​ត្តម គម្រោងព្រីនស៍ អ៉ីនធើ​ណេសិន​ណលផ្លាហ្សា នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងគម្រោងមួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុ។ លោកបន្ថែមថា រាល់ការវិនិយោគលើគម្រោងនានានៅក្នុងប្រទេសកម្ពុជា ព្រីនស៍​រៀលអ៊ីស្ទេត ក៏ទទួលបានជោគជ័យផងដែរ ជាក់ស្ដែងព្រីនស៍ អ៉ីនធើណេសិនណល​ផ្លាហ្សា ដែលបានសាងសង់ជាងកន្លះឆ្នាំមកហើយនោះ មានក្រុមហ៊ុន ​និងហាងជាច្រើនបានចុះហត្ថលេខា ដើម្បីដាក់ទីតាំងនៅក្នុងមជ្ឈមណ្ឌល​នោះ នៅពេលសាងសង់រួចរាល់ ជាក់ស្ដែងក្រុមហ៊ុនដែលបានចុះហត្ថលេខា ជាមួយដៃគូរចំនួន ៥ ដើម្បីបើកដំណើរការហាងនៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ អ៉ីនធើណេសិនណលផ្លាហ្សានេះ។ លោកបញ្ជាក់ថា គម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប បាន​រីកដុះដាល​នៅ​រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ហើយទទួលបាននូវសមិទ្ធិផល​គួរអោយ​កត់សម្គាល់។ ព្រីនស៍រៀលអ៊ីស្ទេត គ្រុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានទីតាំង នៅកណ្ដាលនៃខណ្ឌធំៗចំនួន ៣ នៅភ្នំពេញ ហើយក៏មានគម្រោងពង្រីក​អោយបានគ្រប់ខណ្ឌ​ទាំងអស់នៅក្នុងរាជធានីភ្នំពេញផងដែរ។ បើតាមលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានអោយ​ដឹង​ដែរថា លោកនៅតែមើលឃើញពីឱកាសវិនិយោគនៅ​ក្នុងវិស័យ​អចលនទ្រព្យ ក៏ប៉ុន្តែ ទន្ទឹមនឹងការវិនិយោគនោះផងដែរ កម្ពុជា ក៏ត្រូវមានធនធានជំនាញៗ ដើម្បី​ធ្វើកិច្ចការក្នុងវិស័យនេះ។ លោកថា ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ត្រូវទាមទារ​អោយមានចំណេះដឹង និងជំនាញច្បាស់លាស់ ហើយបើសិនជាអ្នកវិនិយោគ​​មិនមាន​ជំនាញ មិនមានចំណេះដឹង និងបទពិសោធន៍ វាពិបាកណាស់​ថា នឹងមាន​ស្ថេរភាពយូរអង្វែង៕  
អត្ថបទដោយ: Chakriya