ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចំណាយថវិកា ២ ពាន់លានដុល្លារ

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចំណាយថវិកា ២ ពាន់លានដុល្លារ
ភ្នំពេញ: គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលទើបតែសម្ភោធបើកការដ្ឋានដោយ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ត្រូវចំណាយថវិកាចំនួន ២ ពាន់លានដុល្លារអាមេរិក។ គម្រោងផ្លូវនេះ មានការគាំទ្រ​ពីប្រធា​នា​ធិ​បតី និង​នាយករដ្ឋ​មន្ត្រីចិន។ នៅចំពោះមុខ លោក ខុង សៀនយ៉ូវ (KHONG XUANYOU​) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន សម្តេច ហ៊ុន សែន បានថ្លែងថា នេះជាប្រវត្តិសាស្ត្រមួយ​សម្រាប់ប្រទេសកម្ពុជា ក្នុង​ការសាង​សង់ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ។ ជាងនេះទៀត ចិនបានផ្ដល់​ឲ្យកម្ពុជាចំនួន ១៥០ លានដុល្លារអាមេរិក ក្នុងការទ្រទ្រង់គម្រោងនេះ អាចប្រព្រឹត្តទៅដោយរលូន។ សម្តេចបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿននេះ ជាការចាប់ផ្តើមគម្រោងដ៏ធំមួយរវាងរដ្ឋ និងវិស័យឯកជនរបស់​ចិន ដើម្បីជំរុញការតភ្ជាប់ដ៏សំខាន់រវាងប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាមយយគ្នានេះដែរ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មុនឈានដល់ដំណាក់កាលនៃការសាងសង់ផ្លូវមួយខ្សែនេះ ត្រូវបានចំណាយពេលសិក្សាអស់ជាច្រើនឆ្នាំ ពោលគឺ ចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីថវិការបស់រដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវនេះ តែដោយសារគម្រោងត្រូវការ ថវិការហូតដល់ ២ ពាន់លានដុល្លារអាមេរិក ដែលធំជាងពិដាននៃការខ្ចីប្រចាំឆ្នាំ អនុញ្ញាតដោយច្បាប់ និងកំណត់នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៥-២០១៨ ក៏សម្រេចឲ្យមានការវិនិយោគតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរជំនួសវិញ។ គួរបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០ គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ៩.១០ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩ គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២ ពាន់ លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន​ (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕
អត្ថបទដោយ: Koemsoeun