ហុងកុង គ្រោងចំណាយជិត ៨០ ពាន់លានដុល្លា សាងសង់កោះសិប្បនិម្មិត្ត

ហុងកុង គ្រោងចំណាយជិត ៨០ ពាន់លានដុល្លា សាងសង់កោះសិប្បនិម្មិត្ត
ហុងកុង៖ រដ្ឋាភិបាលហុងកុង បានប្រកាសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយក្នុងតម្លៃជិត ៨០ ពាន់លាន​ដុល្លាអាមេរិច ដើម្បីដោះស្រាយបញ្ហាកង្វះលំនៅដ្ឋានរបស់ប្រជាជន តាមរយៈការសាងសង់កោះសិប្បនិម្មិត្តមួយដែលធំជាងគេក្នុងពិភពលោក។ គម្រោងសាងសង់នេះមានឈ្មោះថា Lantau Tomorrow Vision គ្រោងនឹងស្ថាបនាកោះសិប្បនិម្មិតមួយមានទំហំ ១ពាន់ហិចតា នៅក្បែរកោះ Lantau ដែលអាចផ្ដល់គេហដ្ឋានស្នាក់នៅចំនួន ២៦០,០០០ កន្លែង។ ប្រសិនបើ​​​​គម្រោង​នេះ ពិតជាដំណើរការមែន កោះសិប្បនិម្មិត Lantau Tomorrow Vision នឹងនាំមុខអាកាស​យាន​​​​ដ្ឋានអន្តរជាតិហុងកុង ដែលកំពុងជាប់ឈ្មោះជាកោះសិប្បនិម្មិតធំជាងគេលេខ ៤ លើលោក ហើយវាក៏ក្លាយជាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលធំជាងគេរបស់ពិភពលោកផងដែរ។ កោះនេះនឹងធំជាងកោះសិប្បនិម្មិត្ត Palm Jumeirah ដែលស្ថិតនៅទីក្រុងឌូបៃ ចំនួនពីរដង។ ការចំណាយចំនួន ៦២៤ ពាន់លានដុល្លាហុងកុង (ជិត ៨០ ពាន់លានដុល្លាអាមេរិច) នឹងស្មើការចំណាយរបស់ទីក្រុងឌូបៃ (១២ ពាន់​លាន​ដុល្លាអាមេរិច) សម្រាប់ការសាងសង់ Palm Jumeirah ចំនួន ៦ ដង។ Lantau Tomorrow Vision: Hong Kong government plans £60 billion artificial island រដ្ឋលេខាធិការសម្រាប់ការអភិវឌ្ឃទីក្រុងហុងកុង លោក Michael Wong បានប្រាប់ទូរទស្សន៍ CNN ថាគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាកង្វះដីធ្លី ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរមួយរបស់ហុងកុងនាពេលបច្ចុប្បន្ន។ លោកបានបន្ថែមថា ៧០% នៃគេហដ្ឋានដែលសាងសង់លើកោះនេះគឺ សម្រាប់ផ្ដល់ជាលំនៅដ្ឋានដល់សាធារណៈជន ប៉ុន្តែអ្នកជួបញ្ហាខ្វះលំនៅដ្ឋានហាក់មិនសូវគាំទ្រនឹងគម្រោងនេះឡើយ ព្រោះពួកគេដឹងថា គេហដ្ឋាននៅទីនោះមានតម្លៃខ្ពស់ ហើយគេក៏មានក្ដីបារម្ភពីផលប៉ះពាល់ចំពោះបរិស្ថានផងដែរ។ ទោះបីជាយ៉ាងនេះក៏ដោយ គម្រោងនេះមិនទាន់សម្រេចកំណត់កាលបិច្ឆេទសាងសង់ជាផ្លូវការនៅឡើយ ខណៈដែលក្រុមអ្នកការពារបរិស្ថាន និងអភិរ័ក្សជីវចម្រុះកំពុងសម្ដែងកង្វល់ពីផលប៉ះពាល់ ដែលកើតចេញពីការសាងសង់នេះ។ អ្នកជំនាញមួយចំនួនកំពុងព្យាយាមផ្ដល់នូវដំណោះស្រាយនានា ក្រៅពីគម្រោងសាងសង់មួយនេះ ទៅដល់ដៃរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាកង្វះដីសាងសង់លំនៅដ្ឋានផងដែរ៕ Lantau Tomorrow Vision: Hong Kong government plans £60 billion artificial island Lantau Tomorrow Vision: Hong Kong government plans £60 billion artificial island     ប្រភព៖ www.dezeen.com
អត្ថបទដោយ: Vasna